អន្តរជាតិ
លោក​ថាក់ស៊ីន​៖ អ្នកនយោបាយ​ត្រូវ​ស្រលាញ់​ប្រជាជន បើ​មិន​ដូច្នោះ​លទ្ធិប្រជាធិបតេយ្យ​នឹង​ស្លាប់​
08, Apr 2016 , 8:39 pm        
រូបភាព
ប្រភពរូបភាព៖ គណនីហ្វេសប៊ុក Pheu Thai Party
ប្រភពរូបភាព៖ គណនីហ្វេសប៊ុក Pheu Thai Party
ដោយ:
​ក្រោយ​លាក់​មុខ​ក្រៅប្រទេស​អស់​រយៈពេល​ប្រមាណ​ជាង​ពីរ​ឆ្នាំ​ដោយ​មិន​ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីន​ណា​វ៉ា​ត់​ត្រា (Thaksin Sinawattra) បានបង្ហាញ​ក្តីសង្ឃឹម​ជាថ្មី​ទៅកាន់​អ្នកគាំទ្រ​រូបលោក​ដោយ​លោក​បានចេញ​មុខជា​ថ្មី​ជួប​ប្រជាជន​។ ជាមួយគ្នានេះ ខណៈ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​កាន់តែ​ខិតជិត​មកដល់ លោក ថាក់ស៊ីន បាន​ព្រមាន​អ្នកនយោបាយ​ត្រូវ​ស្រលាញ់​ប្រជាជន បើ​ពិតជា​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ​។​



«​អ្នកនយោបាយ ត្រូវតែ​ស្រលាញ់​ប្រជាជន​។ ប្រសិនបើ​ពួកគេ​មិន​ស្រលាញ់​ប្រជាជន​នោះទេ លទ្ធិ​ប្រ ជា​ធិបតេយ្យ នឹងត្រូវ​ស្លាប់​ជាក់​ជាពុំខាន​»​។ នេះ​គឺជា​សា​របស់លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ថាក់ស៊ីន ស៊ីន​ណា​វ៉ា​ត់​ត្រា​ជាមួយនឹង​អ្នកគាំទ្រ​របស់លោក​តាម​រយៈ​វីដេអូ Skype នៅ​ថ្ងៃទី​០៧ ខែមេសា​ម្សិលមិញ ដែល​បាន​រាយការណ៍​ដោយសារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​។

​ក្នុង​សន្និសីទ​វីដេអូ នាឱកាស​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី ដែលមាន​ការចូលរួម​ពី​អ្នកគាំទ្រ​ប្រមាណ​ជាង​១០០​នាក់ លោក​ថាក់ស៊ីន ដែល​កំពុង​រស់នៅ​និរទេស​ក្រៅប្រទេស បាន​ទាំង​ផ្ញើ​សារ​ជូនពរ​ទៅកាន់​អ្នកគាំទ្រ​បក្ស​ភឿ ថៃ​ផង ក៏ដូចជា​ព្រមាន​ពី​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ដែល​កំពុងតែ​ដឹកនាំ​ដោយ​រដ្ឋាភិបាលយោធា​ផងដែរ​។

​លោក ថាក់ស៊ីន ថា «​បច្ចុប្បន្ន​ប្រជាជន​យើង កំពុងតែ​ស្ថិតនៅក្នុង​ស្ថានភាព​ដ៏​ពិបាក​មួយ ហើយ​នោះ ក៏​ព្រោះតែ​សេដ្ឋកិច្ច​ទន់ខ្សោយ​»​។ នេះ​បើ​យោង​ប្រភពព័ត៌មាន​ដដែល​ដែល​បាន​ដកស្រង់​សម្តី​របស់លោក​ដែរ ថា​លោក ថាក់ស៊ីន បាន​អរគុណ​អ្នកនយោបាយ​សម្រាប់​ការខិតខំ​កន្លងមក ហើយ​លោក បាននិងកំពុង​តែ​តាមដាន​និង​រក្សា​នូវ​អ្វីដែល​បក្ស​កំពុង​ធ្វើ​។ លោក ថា ក្នុង​វ័យ​៦៧​ឆ្នាំ រូបលោក​នៅតែមាន​សុខភាព​ល្អ និង​អាច​ដើរ​បាន​រាប់​គីឡូ​ម៉ែត​ផងដែរ​នោះ​។

​សូម​រម្លឹក​ផងដែរ កាលពីពេល​ថ្មីៗ​នេះ លោក​ថាក់ ស៊ីន ក៏បាន​ផ្ញើ​សារ​ព្រមាន​ទៅកាន់​របប​សឹក​ដែល​ត្រូវបាន​មើលឃើញថា​ជា​«​យុទ្ធនា​ការណ៍​ព័ត៌មាន​»​។ នោះ​គឺ​លោក បានផ្តល់​ឱកាស​ឲ្យ​សារព័ត៌មាន បរទេស​ជា​លើកដំបូង​ក្រោយពី​លោក បាន​រក្សា​ភាពស្ងប់ស្ងាត់​អស់​ជាង​២​ឆ្នាំ​ហើយ​នោះ​។ ហើយ​សារ នោះដែរ រួមបញ្ចូល​ទាំង​បញ្ហា​ចម្រូងចម្រាស​នៃ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី សេដ្ឋកិច្ច និង​លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ​។

​ក្រៅពី​ការជួប​សំណេះសំណាល​តាម​វីដេអូ ថ្មីៗ​នេះ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​បងប្អូន​ពី​នាក់ លោក​ថាក់ ស៊ីន ស៊ីន​ណា​វ៉ា​ត់​ត្រា​និង លោកស្រី​យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា ក៏បាន​ផ្ញើ​សារ​តាមរយៈ​គណនី​ហ្វេ​ស ប៊ុ​ក​ផងដែរ​។ សារ​លោក​ថាក់ស៊ីន បាន​និយាយថា «​ក្នុងឱកាស​នៃ​បុណ្យ​ស​ង្គ្រា​ន​ឆ្នាំ​ថ្មី ខ្ញុំ នឹក​អ្នក​, បងប្អូន​ប្រុស​ស្រី​។ ខ្ញុំ​ពិតជា​ចង់​ជួយ​អ្នកដោះស្រាយ​បញ្ហា ប៉ុន្តែ​ឥលូវ អ្វីដែល​ខ្ញុំ​អាចធ្វើ​គឺ​ផ្តល់​អ្នក​នូវ​ក្តី ការគាំទ្រ ស្រលាញ់ និង​សេចក្តី​គោរព​»​។ រីឯ​សារ​របស់​លោកស្រី​យី​ង​ឡាក់ បានត្រឹមតែ​និយាយថា «​ក្នុងឱកាស​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី សូម​ជូនពរ​ឲ្យ​ជួបតែ​សុភមង្គល និង​ជោគជ័យ​ជាមួយនឹង​កិច្ចការ​»​។​

​សួ​ម​បញ្ជាក់​ផងដែរ​ថា អតីត​នាយករដ្ឋមន្ត្រី​ថៃ​ក្រ​កូ​ល​ស៊ីន​ណា​វ៉ា​ត់​ត្រា សុទ្ធសឹងតែ​បាត់បង់​តំណែង​ដោយសារតែ​រដ្ឋប្រហារ​យោធា​។ លោក ថាក់ស៊ីន បាន​ធ្លាក់​ពី​តំណែង​នៅក្នុង​ឆ្នា​២០០៦​។ នៅ​ឆ្នាំ ២០០៨ លោក ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​។ សម្រាប់​លោកស្រី​យី​ង​ឡាក់​វិញ បាន​ធ្លាក់​ពី​តំណែង​ដោយសារ​រដ្ឋប្រហារ​យោធា​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ ដែល​ដឹកនាំ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ច័ន្ទ​អូ​ចា​។ លោកស្រី ត្រូវបាន​សភា​ថៃ​ផ្អាក​ល​តំណែង​នយោបាយ​រយៈពេល​៥​ឆ្នាំ និង​កំពុងតែ​ជាប់​ពីបទ​ចោទ​របស់​តុលាការ​លើ​បទ​ពុករលួយ​ដែល​ប្រឈម​នឹង​ទោស ពន្ធនាគារ​យ៉ាងតិច​១០​ឆ្នាំ​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com