អន្តរជាតិ
លោក ម៉ា​ឌូ​រ៉ូ គំរាម​កាត់បន្ថយ​អាណត្តិ​សភា​ពី ៥​ឆ្នាំ​មក ៦០​ថ្ងៃ​វិញ​
08, Apr 2016 , 6:39 pm        
រូបភាព
​ប្រធានាធិបតី​វ៉េ​ណ​ស៊ុយ​ឡា​លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ (Nicolas Maduro) បាន​គំរាម​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ប្រទេស ដើម្បី​កាត់បន្ថយ​អាណត្តិ​សភា​ដែល​បច្ចុប្បន្ននេះ​គ្រប់គ្រង​ដោយ​បក្សប្រឆាំង​។ លោក​ក៏​ប្រកាស​ដឹកនាំ​បដិវត្តន៍ ប្រសិនបើ​បក្សប្រឆាំង​ផ្ដួលរំលំ​រូបលោក​ចេញពី​តំណែង​ប្រធានាធិបតី​នោះ​។



​ក្នុងការ​ប្រមូលផ្ដុំ​មួយ​នៅ​ថ្ងៃទី​៧ ខែមេសា មេដឹកនាំ​សង្គមនិយម​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ គំរាមថា លោក​នឹងធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ប្រទេស ដោយ​កាត់បន្ថយ​អាណត្តិ​សភា​ដែល​គ្របដណ្ដប់​ដោយ​បក្សប្រឆាំង​ពី​៥​ឆ្នាំ​មក​៦០​ថ្ងៃ​វិញ​។ លោក​ក៏​ព្រមាន​ដែរ​ថា លោក​នឹងធ្វើ​បដិវត្តន៍​ប្រសិនបើ​បក្សប្រឆាំង​បណ្ដេញ​លោក​ចេញពី​កៅអី​ប្រធានាធិបតី​។

​ការលើកឡើង​ខ្លាំង​របស់លោក ម៉ា​ឌូ​រ៉ូ ជះ​ផល​យ៉ាងខ្លាំង​ដល់​វិបត្តិ​នយោបាយ​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​កំពុងតែ​ប្រេះឆា​ស្រាប់​ផង នៅក្រោយ​ពេលដែល​ក្រុម​បក្សប្រឆាំង​ឈ្នះ​ការបោះឆ្នោត​សភា​ក្នុង​ខែធ្នូ ឆ្នាំ​២០១៥​។ បន្ទាប់ពី​ទទួលជោគជ័យ ក្រុមប្រឆាំង​ក៏​ស្វះស្វែង​ទម្លាក់​ប្រធានាធិបតី ម៉ា​ឌូ​រ៉ូ ចេញពី​តំណែង​។

​ឆ្លៀតពេល​ប្រមូលផ្ដុំ​នោះ មេធាវី​គាំទ្រ​រដ្ឋាភិបាល​លោក  Hermann Escarra និយាយថា លោក ម៉ា​ឌូ​រ៉ូ នឹង​កែប្រែ​រដ្ឋធម្មនុញ្ញ​។ ចំណែកឯ​លោក ម៉ា​ឌូ​រ៉ូ តប​ថា លោក​នឹង​ពិនិត្យ​រឿងនេះ​ឲ្យ​ដិតដល់ ខណៈ​លោក​និង​បាតុករ​ប្រឆាំង​រាប់ពាន់នាក់​ប្រមូល​ផ្ដុំគ្នា ដើម្បី​ប្រឆាំង​និង​ច្បាប់​របស់​សភា​ដែល​ចង់​ដោះលែង​សកម្មជន​ប្រឆាំង​។ លោក​បន្តថា ប្រសិនបើ​រកមើល​ឃើញ​ពី​លទ្ធភាព​កម្ចាត់​ការធ្វើ​រដ្ឋប្រហារ និង​ការប្រើ​សភា លោក​នឹង​ចេញ​សកម្មភាព​បើ​ប្រជាជន​គាំទ្រ​រូបលោក​។​

​ជុំវិញ​បញ្ហា​នេះដែរ តុលាការ​កំពូល​ដែល​លំអៀង​ទៅរក​រដ្ឋាភិបាល​លោក ម៉ា​ឌូ​រ៉ូ បាន​ទាត់ចោល​សំណើ​របស់​សភា​។ ជាមួយគ្នានេះ គណៈកម្មាធិការ​បោះឆ្នោត​ជាតិ​ក៏​លូកដៃ​ចូល​រឿង​នេះដែរ ដោយបាន​បដិសេធ​បំណង​បក្សប្រឆាំង​ដែល​ចង់​ស្នើ​ធ្វើ​ប្រជាមតិ​នៅ​ឆ្នាំនេះ​ផងដែរ​។ ប៉ុន្តែ ផែនការ​វិសោធនកម្ម​របស់លោក ម៉ា​ឌូ​រ៉ូ ដែល​សំដៅ​កាត់បន្ថយ​អាណត្តិ​ស​សភា ក៏ត្រូវ​ការបោះឆ្នោតជាតិ​ដូចគ្នា​ដែរ​។​

​សូម​រម្លឹកថា ចាប់តាំងពី​ឡើងកាន់​អំណាច​នៅ​ឆ្នាំ​២០១៣ លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ បាន​ចោទ​អាមេរិក​និង​ក្រុមប្រឆាំង​ថា ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ពី​តំណែង​។ លោក​ក៏បាន​ចោទប្រកាន់​គូសត្រូវ​ថា ធ្វើសង្គ្រាម​សេដ្ឋកិច្ច​ប្រឆាំង​រូបលោក ទោះជា​អ្នក​រិះគន់​អះអាងថា គោលនយោបាយ​សង្គមនិយម​ជា​មូលហេតុ​នៃ​ការធ្លាក់​យ៉ាងខ្លាំង​សេដ្ឋកិច្ច​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​ការខ្វះខាត​ធ្ងន់ធ្ងរ​៕


Tag:
 ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  Nicolas Maduro
© រក្សាសិទ្ធិដោយ thmeythmey.com