អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីត​នាយករដ្ឋមន្ត្រី​ណូ​វែ​ល​សេ​ឡង់​ប្រជែង​កៅអី​អគ្គលេខា​អង្គការសហប្រជាជាតិ​
09, Apr 2016 , 7:19 am        
រូបភាព
 
 
​អតីត​នាយករដ្ឋមន្ត្រី​ណូ​វែ​ល​សេ​ឡង់​លោកស្រី Helen Clark បានសម្រេច​ចិត្ត​ចូលរួម​ប្រជែង​យក​តំណែង​កៅអី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ជំនួស​លោក បាន គី​មូ​ន ដែល​នឹង​ផុត​អាណត្តិ​របស់លោក​នៅ​ឆ្នាំនេះ​។ លោកស្រី​បានលើកឡើង​ពី​សមត្ថភាព​ដឹកនាំ​របស់លោក​ស្រី​ក្នុងការ​ដឹកនាំ​ណូ​វែ​ល​សេ​ឡង់ ខណៈ​លោកស្រី​ចង់​ក្លាយជា​ស្ត្រី​ទីមួយ​ដែល​គ្រប់គ្រង​តំណែង​កំពូល​នេះ​។

 
​នៅ​ស្រប​ពេលដែល​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​បច្ចុប្បន្ន​លោក បាន គី​មូ​ន នឹង​ត្រ​វ​ចប់​ការងារ​នៅ​ឆ្នាំ​២០១៦ មាន​បេក្ខជន​ជាច្រើន​បាន​បញ្ចេញ​ពី​បំណង​ក្នុងការ​កាន់តំណែង​សំខាន់​នេះ​។ អតីត​នាយករដ្ឋមន្ត្រី​ណូ​វែ​ល​សេ​ឡង់​លោកស្រី Helen Clark បានបញ្ជាក់​ពី​ជំហរ​របស់​លោកស្រី សម្រាប់​កៅអី​អគ្គលេខាធិការ​នេះ​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​AFP លោកស្រី Clark និយាយថា លោកស្រី​នឹង​ឈរ​ជា​បេក្ខជន​ម្នាក់ ព្រោះ​លោកស្រី​មាន​បទពិសោធ​ដឹកនាំ​ជិត​បី​ទសវត្សរ៍ ទាំង​ក្នុងស្រុក​និង​នៅឯ​អង្គការ​សហ​ប្រជាជ​តិ​ផ្ទាល់​។ លោក​បន្តថា លោកស្រី​មាន​បទពិសោធ ព្រមទាំង​សមត្ថភាព​ដើម្បី​រ៉ាប់​រ៉ង​ការងារ​នេះ​។ 
 
​សូមបញ្ជាក់ថា សព្វថ្ងៃនេះ លោកស្រី Helen Clark ជា​ស្ត្រី​មាន​តួនាទី​ខ្ពស់​ជាងគេ​នៅ​អង្គការសហប្រជាជាតិ​។ លោកស្រី​ជា​ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ហើយ​លោកស្រី​ទទួលខុសត្រូវ​លើ​ការងារ​អភិវឌ្ឍន៍​នេះ​អស់​រយៈពេល​៧​ឆ្នាំ​មកហើយ​។  
 
​យ៉ាងណាក្ដី វា​មិនជា​រឿង​ងាយស្រួល​នោះទេ សម្រាប់​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​ក្នុងការ​ដណ្ដើម​កៅអី​កំពូល​មួយ​នេះ​។ លោកស្រី​ត្រូវ​ប្រជែង​ជាមួយ​បេក្ខជន​ដទៃទៀត ខណៈ​មាន​បេក្ខជន​៦​រួប​ផ្សេងទៀត ក៏​ចង់បាន​តំណែង​នេះដែរ​ដូចជា​ប្រមុខ UNESCO លោកស្រី Irina Bokova មកពី​ប៊ុល​ហ្ការី និង​អតីត​ស្នងការ​ទទួលបន្ទុក​ជ​ន​ភៀសខ្លួន​លោក Antonio Guterres មកពី​ព័រទុយហ្កាល់ ដែល​សុទ្ធសឹង​ជា​បេក្ខជន​មាន​សក្ដានុពល​។ 
 
​ប៉ុន្តែ​គេ​មើលឃើញថា​លោកស្រី Helen Clark គឺជា​បេក្ខជន​គួរកត់សម្គាល់​មួយ​រួប​។ អ្នកការទូត​នៅ​អង្គការសហប្រជាជាតិ​យល់ថា លោកស្រី​ជា​បេក្ខជន​សមស្រប​សម្រាប់​តំណែង​ខ្ពង់ខ្ពស់​នេះ តែ​គេ​ត្រូវ​មើលថា លោកស្រី​អាច​ទាញយក​ការគាំទ្រ​ពី​សមាជិក​អចិន្ត្រៃយ៍​ទាំង​ប្រាំ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​បាន​ឬទេ​។​
 
​រុស្សី​បាន​និយាយ​ហើយ​ថា អគ្គលេខាធិការ​បន្ទាប់​គួរតែ​មកពី​តំបន់​អឺរ៉ុប​ខាងកើត ដ្បិត​តំបន់​នេះ​មិនទាន់មាន​អ្នកណា​ធ្លាប់​កាន់តំណែង​នេះ​នៅឡើយ​ទេ តាំងពី​ការបង្កើត​អង្គការសហប្រជាជាតិ​មក​នោះ​។ ចំណែក​ចក្រភព​អង់គ្លេស​បញ្ជាក់ថា ខ្លួន​នឹង​គាំទ្រ​បេក្ខជន​ស្ត្រី​សម្រាប់​ការងារ​នេះ​។​
 
​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នឹង​សម្រេច​ជ្រើស​យក​បេក្ខជន​ណា​ម្នាក់​នៅ​ខែកក្កដា​ខាងមុខ បន្ទាប់ពី​ការពិនិត្យ​ក្ខ​ណៈ​សម្បត្តិ​ជា​សាធារណៈ​របស់​បេក្ខជន​នីមួយៗ​ដោយ​មហាសន្និបាត​ដែល​ធ្វើឡើង​នៅ​ខែមេសា​នេះ​។ ក្រោយពី​ក្រុមប្រឹក្សាសន្តិសុខ​ជ្រើសរើស​បេក្ខជន​រួចរាល់ មហាសន្និបាត​នឹង​សម្រេចចិត្ត​ចុងក្រោយ​លើ​បេក្ខជន​ដែល​ត្រូវបាន​ជ្រើសរើស ដែល​នឹង​ក្លាយជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​សម្រាប់​អាណត្តិ​ប្រាំ បន្ត​ពី​លោក បាន គី​មូ​ន​។ អគ្គលេខាធិការ​ថ្មី នឹងត្រូវ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៧ ខាងមុខ​៕ 
 

Tag:
 Helen Clark
 ​អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com