អន្តរជាតិ
បារាំងតែងតាំងភេទទីបីធ្វើជាទូតប្រចាំUNESCO បន្ទាប់ពីបុរីវ៉ាទីកង់មិនទទួល
09, Apr 2016 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
បារាំងបានតែងតាំងបុរសភេទទីបីម្នាក់ធ្វើជាតំណាងរបស់ខ្លួនប្រចាំអង្គការ UNESCO បន្ទាប់ពីបរាជ័យតែងតាំងបុរសភេទទីបីជាអគ្គរដ្ឋទូតបារាំងប្រចាំបុរីវ៉ាទីកង់។ នេះក៏ព្រោះតែបុរីវ៉ាទីកង់មានជំហរប្រឆាំងដាច់ខាតចំពោះរឿងនេះ ដោយសារតែបុរសខាងលើស្រលាញ់ភេទដូចគ្នា។

 
បារាំងបានបោះបង់ការប៉ុនប៉ងរបស់ខ្លួនក្នុងការតែងតាំងលោក Laurent Stefanin ជាអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំបុរីវ៉ាទីកង់ ដ្បិតបុរីវ៉ាទីកង់មិនព្រមដោយសារលោក Laurent ស្រលាញ់ភេទដូចគ្នា។ ដើម្បីបញ្ចប់បញ្ហានេះ នៅថ្ងៃទី៦ ខែមេសា ប្រធានាធិបតីបារាំង ហ្រ្វង់ស្វ័រ ហូឡង់ ក៏តែងតាំងលោក Laurent Stefanin ជាតំណាងប្រចាំអង្គការUNESCO ជំនួសវិញ។   
 
ទូរទស្សន៍សិង្ហបុរី Channel NewsAsia ផ្សាយថា លោក ហូឡង់លើកសំណើតែងតាំងលោក Stefanin សម្រាប់ការងារនៅបុរីវ៉ាទីកង់តាំងតែពីខែមករា ឆ្នាំ២០១៥មកម្លេះ។ ប៉ុន្តែនៅពេលគ្មានការឆ្លើយតបចំពោះសំណើនេះ សារព័ត៌មានបារាំងនិងអ៊ីតាលីរាយការណ៍ថា លោក Stefanin ត្រូវបានបដិសេធព្រោះស្រលាញ់ភេទដូចគ្នា។  
 
ជាមួយគ្នានេះ កាសែតកាតូលិក La Croix សរសេរថា បុរីវ៉ាទីកង់ចាត់ទុកសំណើតែងតាំងលោក Stefanin ជាសកម្មភាពរករឿង។ មិនតែប៉ុណ្ណោះមានការរាយការណ៍ខ្លះនិយាយថា ការបដិសេធលោក Stefanin ជាការសងសឹករបស់បុរីវ៉ាទីកង់ចំពោះរដ្ឋាភិបាលបារាំងដែលផ្ដល់ភាពស្របច្បាប់ដល់ការរៀបការភេទដូចគ្នានៅឆ្នាំ២០១៣។  
 
យ៉ាងណាក្ដី អ្នកនាំពាក្យរដ្ឋាភិបាលបារាំងលោក Stephane Le Foll និយាយកាលពីខែមេសាឆ្នាំមុនថា បុរសវ័យ៥៦ឆ្នាំនេះ នឹងនៅតែជាជម្រើសរបស់បារាំងដដែល។ ស្របគ្នានេះដែរ ក្នុងសេចក្ដីប្រកាសដែលចេញក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបារាំងនៅថ្ងៃទី៥ ខែមេសា បញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉ារីសមិនបានដាក់អ្នកថ្មីជំនួសនោះទេ។ 
 
សូមបញ្ជាក់ថា លោក Stefanin មានបទពិសោធនឹងការងារជាមួយបុរីវ៉ាទីកង់ នៅពេលលោកធ្វើជាមន្ត្រីការទូតម្នាក់នៅចន្លោះឆ្នាំ២០០១ និង២០០៥។ ក្រោយមក លោកក៏ក្លាយជាប្រធានពិធីការប្រធានាធិបតីនៅឆ្នាំ២០១០ ក្រោមអាណត្តិដឹកនាំរបស់លោក Nicolas Sarkozy ។ លោកនៅបន្តតំណែងនេះរហូតដល់អាណត្តិប្រធានាធិបតី ហ្វ្រង់ស្វ័រ ហូឡង់។ 
 
យ៉ាងណាក្ដី បុរីវ៉ាទីកង់ទំនងជាមិនយល់ស្របលើការតែងតាំងលោក Laurent Stefanin នោះទេ ព្រោះបុរីវ៉ាទីកង់មានជំហរដាច់ខាតលើការស្រលាញ់និងរៀបការភេទដូចគ្នាតាំងពីដើមរៀងមក។ ដូច្នេះវាគ្មានហេតុផលអ្វីដែលបុរីវ៉ាទីកង់ឯកភាពលើសំណើប្រធានាធិបតី ហូឡង់ នោះទេ៕ 
 

Tag:
 បារាំង
  UNESCO
© រក្សាសិទ្ធិដោយ thmeythmey.com