ជាតិ
អាស៊ាន ដាក់​ដំណើរការ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​យោធា​ជា​ផ្លូវការ​
09, Apr 2016 , 4:39 pm        
រូបភាព
ប្រភពរូបភាព៖ គេហទំព័រ ASEAN Center of Military Medicine
ប្រភពរូបភាព៖ គេហទំព័រ ASEAN Center of Military Medicine
ដោយ: ថ្មីៗ
  
​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​យោធា​អាស៊ាន (ACMM) បានដាក់​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០៧ ខែមេសា ក្នុង​ក្រុង​បាងកក នៃ​ប្រទេស​ថៃ​ហើយ​។ មជ្ឈមណ្ឌល​នេះ បង្កើតឡើង​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​វេជ្ជសាស្ត្រ​យោធា ក្នុងការ​អភិវឌ្ឍ​នូវ​ផែនការ​ឆ្លើយតប​រួម​ផ្នែក​វេជ្ជសាស្ត្រ ការ​ដំណើរការ​នូវ តម្រូវ​ផ្នែក​វេជ្ជសាស្ត្រ​ក្នុងស្ថានភាព​មាន​អាសន្ន ក៏ដូចជា​ការដាក់​អនុវត្ត​វគ្គ​បណ្តុះបណ្តាល និ​ស្រាវជ្រាវ បន្ទាន់​លើ​សេវាកម្ម​វេជ្ជសាស្ត្រ​ផងដែរ​។​


​នាឱកាស​នៃ​ការបើក​សម្ពោធ​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​យោធា​អាស៊ាន លោក​អគ្គលេខាធិការ​អា​ស៊ាន Le Luong Minh បាន​បញ្ជាក់ថា​ការដាក់​ដំណើរការ​មជ្ឈមណ្ឌល​នេះ បានបង្ហាញ​ឆន្ទៈ​របស់​សមាជិក​អាស៊ាន​ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ពិត​ប្រាកដ​នៃ​សេវាកម្ម​វេជ្ជសាស្ត្រ​យោធា​ក្នុង​តំបន់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខា​អាស៊ាន​ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​០៨ ខែមេសា​ម្សិលមិញ​។​
 
​ក្នុងឱកាស​ដដែល​នោះ លោក Le Luong Minh ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​វេ​ជ្ជ​សាស្ត្រ​យោធា​ជាក់លាក់ ACMM នឹង​លើកកម្ពស់​បន្ថែម​លើ​ជំនួយ​មនុស្សធម៌ និង​ការជួយ​បន្ធូរបន្ថយ​គ្រោះមហន្តរាយ​ក្នុង​ក្រោម​ខណ្ឌ​តំបន់​។ ជាមួយគ្នានេះ ACMM ក៏​នឹង​ជួយ​បំពេញបន្ថែម​ការងារ​នៃ​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​លើ​ជំនួយ​មនុស្សធម៌ ក្នុងការ​បង្កើន​យន្តការ​ឆ្លើយតប និង​សម្របសម្រួល​ក្នុង​តំបន់​ផងដែរ​។ 
 
​សូមបញ្ជាក់​ផងដែរ​ថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា​អាស៊ាន ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧​។ បច្ចុប្បន្ន​ស្ថាប័ន​នេះ មាន​សមាជិក​សរុប​១០​ប្រទេស​រួមមាន​ព្រុយ​ណេ កម្ពុជា ឥ​ណ្ឌ​នេ​ស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង វៀតណាម​។​
 
​ជាមួយគ្នានេះ ការដាក់​ដំណើរ​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​យោធា​អាស៊ាន​នេះដែរ ត្រូវបាន​បង្កើតឡើង ក្រោម​ផែនការមេ​នៃ​សហគមន៍​សន្តិសុខ​-​នយោបាយ​អាស៊ាន​២០២៥ (APSC Blueprint ) ដែលជា​គោលការណ៍​នៃ​សសរស្តម្ភ​មួយ​នៃ​សសរស្តម្ភ​ទាំងបី​របស់​អាស៊ាន​ដែល​បានអនុម័ត​ដោយ​មេដឹកនាំ អាស៊ាន​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៥​កន្លងទៅ​ផងដែរ​។ សសរស្តម្ភ​ទាំងបី​របស់​អាស៊ាន​រួមមាន សហគមន៍​សេដ្ឋកិច្ច សហគមន៍​សន្តិសុខ​-​នយោបាយ និង​សហគមន៍​សង្គម​-​វប្បធម៌​៕ 
 

Tag:
 អាស៊ាន​
  ACMM
© រក្សាសិទ្ធិដោយ thmeythmey.com