អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កងទ័ព​ជើង​អាកាស​ឥណ្ឌូនេស៊ី​ត្រៀម​ពង្រាយ​កងកម្លាំង​ពិសេស​បួន​អង្គភាព ទៅកាន់​កោះ Natuna Besar
10, Apr 2016 , 7:39 pm        
រូបភាព
​កងទ័ព​ជើង​អាកាស​ឥណ្ឌូនេស៊ី​ត្រៀម​ពង្រាយ​កងកម្លាំង​ពិសេស​បួន​អង្គភាព ហើយ​មាន​បំពាក់​ជាមួយ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស និង​យន្តហោះ​ចម្បាំង​ផង​ទៅកាន់​កោះ Natuna Besar ដែល​ស្ថិតក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ ឥណ្ឌូនេស៊ី​មិនមែនជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ទេ ប៉ុន្តែ​ផែនទី​ដែល​គូស​ជា​លក្ខណៈ​ឯកតោភាគី​របស់​ចិន​បាន​គ្របដណ្តប់​លើ​កោះ​របស់​ឥណ្ឌូនេស៊ី​ខាងលើ​ដែរ​។​



​កងទ័ព​ជើង​អាកាស​ឥណ្ឌូនេស៊ី​មាន​ផែនការ​ពង្រាយ​កងកម្លាំង​ពិសេស និង ពង្រាយ​សព្វាវុធ​មាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​និង​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ផង​ទៅកាន់​កោះ Natuna Besar ឬ​កោះ Natuna នៅពេល​ខាងមុខ​ដើម្បី​បង្កើន​សមត្ថភាព​យោធា​ប្រឆាំង​ការគំរាមកំហែង​សន្តិសុខ​ខាងក្រៅ​។​
 
​ផែនការ​នេះ​ត្រូវបាន​គេ​ទម្លាយ​ចេញ​ក្រោយ​កិច្ចប្រជុំ​រវាង​មេបញ្ជាការ​កងទ័ព​ជើង​អាកាស​ឥណ្ឌូនេស៊ី និង​គណកម្មាធិការ​ការពា​រ​ជាតិ​នៃ​រដ្ឋសភា​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ ៥​ខែមេសា​កន្លងមក​។​
​បើ​យោងតាម​សារព័ត៌មាន​រុស្ស៊ី Sputnik កងទ័ព​ពិសេស​៤​អង្គភាព​នឹងត្រូវ​ពង្រាយ​ទៅកាន់​កោះ Natuna ហើយ​មាន​បំពាក់​ជាមួយ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស (Oerlikon Skyshield) ។ ប្រព័ន្ធ​ការពារ​ដែនអាកាស​ខាងលើនេះ មាន​បំពាក់​កាំភ្លើងយន្ត​ទំហំ ៣៥ មី​លី​ម៉ែត្រ ដែល​អាច​បាញ់​គ្រាប់​ចេញ​១០០០​គ្រាប់​ក្នុង​មួយ​នាទី និង​អាវុធ​ផ្សេងទៀត​ដែល​អាច​បាញ់​ទម្លាក់​យន្តហោះ​យ៉ាង​មាន​ប្រសិទ្ធិភាព​។​
 
​យោងតាម​ប្រភព​ដដែល ឥណ្ឌូនេស៊ី​ក៏​ស្វះស្វែង​នាំចូល​ប្រព័ន្ធ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម បន្ថែម និង​ដំឡើង​សម្ភារៈ​ចាំបាច់​ដើម្បី​សម្រួល​ដល់​ការពង្រាយ​យន្តហោះ​ចម្បាំង​៨​គ្រឿង មាន Su-27, Su-30, ឬក៏​យន្តហោះ F-16 ផង​នៅ​មូលដ្ឋាន​យោធា Ranai​។ គម្រោង​ដំឡើង​សម្ភារៈ​នេះ នឹងត្រូវ​ចំណាយ​អស់ ជាង​៩០​លាន​ដុល្លារ​អាមេរិក ហើយ​វា​នឹងត្រូវ​បញ្ចប់​ជា​ស្ថាពរ​នៅត្រឹម​ឆ្នាំ ២០១៩ ខាងមុខ​។ 
 
​កាលពី​ឆ្នាំមុន ឥណ្ឌូនេស៊ី​បាន​បង្ហើ​ន​ថា ខ្លួន​កំពុង​សិក្សា​ពី​លទ្ធភាព​នៃ​ការសាងសង់​មូលដ្ឋាន​យោធា​នៅលើ​កោះ Natuna នេះ ហើយ​ការពង្រឹង​សមត្ថភាព​ក​ង​ទ័ព​នេះ​ធ្វើឡើង​ស្របពេល​ដែល​ចិន​កាន់តែ​កើនឡើង​ឥទ្ធិពល​។ ហើយ​ប្រទេស​មួយចំនួន​ក្នុង​តំបន់​និង​ជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ បង្ហាញ​ការបារម្ភ​ចំពោះ​ការកសាង​កម្លាំងយោធា​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ចំណែក​សហរដ្ឋអាមេរិក​នោះ​ក៏​ប្រឹងប្រែង​ជំរុញ​ឲ្យ​សមាជិក​អាស៊ាន​រួមគ្នា​ដើម្បី​ទប់ទល់​ជាមួយ​ចិន​ផងដែរ​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ​។​
 
​តាមពិតទៅ​អ្នកណា​ក៏​ដឹង ឥណ្ឌូនេស៊ី​មិនមែនជា​ភាគី​ជម្លោះ និង​មិនដែល​ទារ​យក​ផ្នែក​ណា​នៃ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ ភាគី​ជម្លោះ​មានតែ វៀតណាម ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី ប្រ៊ុយណេ និង​ចិន​តែប៉ុណ្ណោះ​។  ហើយ​គម្រោង​ឥណ្ឌូនេស៊ី​ថា​នឹង​ពង្រាយ​ទ័ព ពង្រាយ​សព្វាវុធ និង​សង់​មូលដ្ឋានទ័ព នៅលើ​កោះ​ស្ថិតនៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នោះ គឺ​ដោយសារតែ​ក្រុង​ប៉េកាំង​បាន​ប្រើប្រាស់​ផែនទី ៩​ចំណុច «​រាង​អណ្តាត​» ដែល​គូស​ចូល​ទាំង​ប្រជុំ​កោះ​ឥណ្ឌូនេស៊ី Natuna ខាងលើ​ផង ដោយ​អះអាងថា ផែនទី​គូសឡើង​តាម​ការកាន់កាប់​ជាក់ស្តែង​តាម​ប្រវត្តិសាស្ត្រ​។  តាំងពីដើម​មក ចិន​អាង​លើ​ការកាន់កាប់​ពី​ប្រវត្តិសាស្ត្រ និង​ផែនទី​៩​ចំណុច​«​រាង​អណ្តាត​»​ដែល​គូស​ជា​លក្ខណៈ​ឯកតោភាគី​តាំងពី​ឆ្នាំ ១៩៤៧​មុន​ប្រកាស​ខ្លួន​ជា​សាធារណរដ្ឋ​មកម្ល៉េះ​។​
 

Tag:
 ឥណ្ឌូនេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com