អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ​ការពារជាតិ​អាមេរិក​ទៅ​មូលដ្ឋាន​យោធា​ជិត​សមុទ្រ​ចិន​ខាងត្បូង​
10, Apr 2016 , 3:59 pm        
រូបភាព
​មន្ត្រីជាន់ខ្ពស់​ក្រុង​វ៉ាស៊ីនតោន​បានបញ្ជាក់​ថា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Ashton Carter នឹង​ទៅ​ទស្សនកិច្ច​តំបន់​ចំនួន​ពីរ​ក្នុងចំណោម​តំបន់​ចំនួន​ប្រាំ​ដែល​កងទ័ព​អាមេរិក​នឹង​ឈរជើង​នៅក្នុង​ទឹកដី​ហ្វីលីពីន​។ ហើយ​តំបន់​មួយ​នោះ​វា​ស្ថិត​នៅជាប់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។


​ប្រមុខ​ការពារជាតិ​អាមេរិក​លោក Ashton Carter នឹង​ទៅ​ទស្សនកិច្ច​នៅ​ហ្វីលីពីន ក្រោយពេល​លោក​ចាក​ចេញពី​ប្រទេស​ឥណ្ឌា ដោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ចាប់​ផ្តើមឡើង​នៅ​ថ្ងៃទី​១០​មេសា​នេះ​។​ពេល​លោក​ទៅដល់​ហ្វីលីពីន លោក​នឹង​ទៅ​ត្រួតពិនិត្យ​តំបន់​សំខាន់​ចំនួន​ពីរ​ក្នុងចំណោម​តំបន់​៥ ដែល​កងទ័ព​អាមេរិក​នឹងដាក់​មូលដ្ឋាន​ឈរជើង​។  មូលដ្ឋាន​យោធា​មួយ​ដែល​លោក Carter ទៅ​ត្រួតពិនិត្យ​នោះ​មាន​ចម្ងាយ​ត្រឹមតែ​១០០​ម៉ា​ល​ប៉ុណ្ណោះ​ពី​ប្រជុំ​កោះ​ស្ព្រា​ត់​លី​ដែលជា​កោះ​ដែល​ចិន​និង​ភាគី​ជម្លោះ​ផ្សេងទៀត​នោះ​ដណ្តើម​គ្នា​ផង​។ 
 
​នេះ​ជា​ទស្សនកិច្ច​លើកដំបូង​បំផុត​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ទៅ​ក្បែរ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ទស្សនកិច្ច​នេះ​ក៏​ធ្វើឡើង​ស្រប​ពេលដែល​ស្ថានភាព​នៅក្នុង​តំបន់​កាន់តែ​តានតឹង​ខ្លាំង​ដែរ​។ 
 
​មន្ត្រីជាន់ខ្ពស់​អាមេរិក​ម្នាក់​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ​ត្រូវបាន​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន CNN ថា ទស្សនកិច្ច​របស់​ប្រមុខ​ការពារជាតិ​អាមេរិក​នេះ​ធ្វើឡើង​ពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ធំៗ​ក្នុង​តំបន់​ដូចជា​ឥណ្ឌា​និង​ជាមួយ​សម្ព័ន្ធមិត្ត​ហ្វីលីពីន​ជាដើម​។​
 
​មន្ត្រី​ខាងលើ​បាន​លើកឡើងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក Carter​ទៅ​ក្បែ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ជា​សារ​មួយ​ផ្ញើ​ទៅកាន់​តំបន់​ទាំងមូល ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាមេរិក​ក្នុងការ​រក្សា​សន្តិភាព​និង​សន្តិសុខ​នៅក្នុង​តំបន់​។ វា​ក៏​បញ្ជាក់ថា អាមេរិក​បន្ត​ចាត់ទុក​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ជា​តំបន់​ស្នូល​នៃ​ប្រយោជន៍​សន្តិសុខ​របស់​អាមេរិក​និង​មាន​សារសំខាន់​ខ្លាំង​សម្រាប់​អាមេរិក​ទៅ​ថ្ងៃមុខ​ដែរ​។  លោក​បន្តថា វា​ក៏​បង្ហាញ​ទៅកាន់​ប្រជាជន​ប្រជាជន​ហ្វីលីពីន​ផងដែរ ថា​អាមេរិក​មិន​បោះបង់​ហ្វីលីពីន​ចោល​ឡើយ​ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។  
 
​តាមពិតទៅ អាមេរិក​អាច​បញ្ជូន​ទ័ព​ទៅ​ឈរជើង​នៅ​មូលដ្ឋាន​ទ័​ចំនួន​៥ ក្នុងប្រទេស​ហ្វី​លី​ពី ដោយ​អនុលោម​តាម​ឧបសម្ព័ន្ធ​ថ្មី​ដែល​បន្ថែម​លើ កិច្ចព្រមព្រៀង​សហប្រតិបត្តិ​ការការពា​រ​ជាតិ​អាមេរិក​និង​ហ្វីលីពីន​។ សហរដ្ឋអាមេរិក​ដាក់​ដាក់​ទ័ព​បណ្តោះអាសន្ន​នៅ​មូលដ្ឋាន​ទាំងនោះ ហើយ​មហាអំណាច​នេះ នឹង​ចំណាយ​ថវិកា​ដើម្បី​អភិវឌ្ឍ​ទីតាំង​ទាំងនោះ​ផងដែរ​។  មូលដ្ឋានទ័ព​នៅ​ហ្វីលីពីន នឹង​ជួយ​សម្រួល​ដល់​ការប្រតិបត្តិ​ការ​របស់​អាមេរិក ក្នុង​តំបន់​ទាំងមូល​ជាពិសេស​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ។  អាច​ថា វា​ក៏​ជាការ​ក្រើនរំលឹក​ដល់​ក្រុង​ប៉េកាំង ថា​អាមេរិក​ត្រលប់​មកវិញ និង​កសាង​កម្លាំងយោធា​នៅក្នុង​តំបន់​ដើម្បី​ទប់ទល់​ជាមួយ​ចិន​ផងដែរ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com