អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​អ៊ុយ​ក្រែ​នប​ង្ខំ​ឲ្យ​នាយករដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង​?
11, Apr 2016 , 4:05 pm        
រូបភាព
 
 
​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន ប្រកាស​ចុះចេញ​ពី​តំណែង​ថ្ងៃអាទិត្យ​ទី ១០​មេសា ម្សិលមិញ​នេះ ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការបញ្ចប់​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​។ ការប្រកាស​ចេញពី​តំណែង​របស់​នាយករដ្ឋមន្ត្រី​រូបនេះ កើតឡើង​ត្រឹម ២​ខែ​ប៉ុណ្ណោះ​ក្រោយពេល​ដែលមាន​ការបោះឆ្នោត​នៅក្នុង​សភា​ដើម្បី​ដក​សេចក្តីទុកចិត្ត​ពី​លោក តែ​មិនបាន​សម្រេច​។  អ៊ុយ​ក្រែ​ន​រំពឹងថា ការដកខ្លួន​ចេញ​របស់​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន នឹង​ក្លាយជា​បច្ច័យ​ល្អ​សម្រាប់​ការផ្ទេរ​ការងារ​ដឹកនាំ​ទៅ​ឲ្យ​រដ្ឋាភិបាល​ថ្មី ដើម្បី​ដោះស្រាយ​វិបត្តិ​តាមរយៈ​ការកែទម្រង់​ស៊ីជម្រៅ​មួយ​។ ហើយ​អ្វីដែល​សំខាន់ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​អាច​នឹង​ផ្តល់​កញ្ចប់​លុយ​កម្ចី​សម្រាប់​ជួយ​ស្តារ​សេដ្ឋកិច្ច​ដរាបណា​អ៊ុយ​ក្រែ​ន​មាន​រដ្ឋាភិបាល​គាំទ្រ​ការកែទម្រង់​ពិតប្រាកដ​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



​ដូច​ការរំពឹងទុក​មែ​ន​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​លោក Arseniy Yatsenyuk បានប្រកាស​ចុះចេញ​ពី​តំណែង ដើម្បី​ផ្ទេរ​ភារកិច្ច​ដឹកនាំ​រដ្ឋាភិបាល​ទៅ​ឲ្យ​អ្នក​យោ​បាយ​ផ្សេងទៀត​ដែលមាន​សមត្ថភាព​។  លិខិត​ស្នើសុំ​ចេញពី​តំណែង​នឹងត្រូវ​ដាក់ចូល​ក្នុង​សភា​នៅ​ថ្ងៃ​អង្គារ​ស្អែក​។ ហើយ​បើសិនជា​លិខិត​នោះ​ត្រូវ​សភា​ទទួលយក រដ្ឋាភិបាល​លោក​នឹងត្រូវ​រំលាយចោល ហើយ​រដ្ឋាភិបាល​ថ្មី​នឹងត្រូវ​បង្កើតឡើង​មកកាន់​កាប់​កិច្ចការ​នយោបាយ​ផងដែរ​។ លោក Aseniy Yatsenyuk បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ក្នុងពេល​ប្រទេស​ធ្លាក់​ក្នុងស្ថានភាព​ចលាចល និង​ក្រោយ​ចលនា​បដិវត្តន៍ Maidan ទម្លាក់​ប្រធានាធិបតី​ស្និទ្ធ​របប​ដឹកនាំ​ក្រេ​ម​ឡាំង​លោក Viktor Yanukovych ពី​តំណែង​ខែកុម្ភៈ​ឆ្នាំ ២០១៤ ។​
 
​ការលាលែង​ពី​តំណែង​របស់​នាយករដ្ឋមន្ត្រី​រូបនេះ​កើតឡើង​ត្រឹម​ពីរ​ខែ​ប៉ុណ្ណោះ ក្រោយ​ពេលដែល​លោក​រួចខ្លួន​ពី​ការបោះឆ្នោត​ដក​សេចក្តីទុកចិត្ត​ពីស​ភា ហើយ​រដ្ឋាភិបាល​លោក​រង​ការទិតៀន​ខ្លាំង​ពី​ប្រមុខ​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ​ផងដែរ​កន្លងមក​ព្រោះ​អសមត្ថភាព​ក្នុងការ​អនុវត្ត​គោលនយោបាយ​កំណែទម្រង់សេដ្ឋកិច្ច​និង​ដោះស្រាយ​វិបត្តិ​ផង​។  កាលពី​ខែកុម្ភៈ​ក្រោយ​ការបោះឆ្នោត​ដក​សេចក្តីទុកចិត្ត​លោក Yatsenyuk លោកស្រី Christine Lagarde បាន​រិះគន់​ចំៗ​ថា​ស្ថាប័ន​លោកស្រី មិនដឹង​គួរ​បន្ត​ផ្តល់​កម្ចី​ដល់​អ៊ុយ​ក្រែ​ន​ទៀត​ឬ​យ៉ាងណា​បើ​រដ្ឋាភិបាល​បច្ចុប្បន្ន​ស្ថិតក្នុង​ភាព​រញ៉េរញ៉ៃ​បែបនេះ ។ ដូច្នេះ មានតែ​ជម្រើស​មួយ​នេះ ទើប​អាច​លួង​ចិត្ត​ឲ្យ​ស្ថាប័នហិរញ្ញវត្ថុ​ខាងលើ ផ្តល់​កញ្ចប់​លុយ​សង្គ្រោះ​សម្រាប់​ទាញ​អ៊ុយ​ក្រែ​ន​ឲ្យ​ផុតពី​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ដូច​បច្ចុប្បន្ន​។​
 
-​ដូរ​នាយករដ្ឋមន្ត្រី​ក៏​គ្មានអ្វី​ប្រសើរឡើង​ឡើយ​
​តាមពិតទៅ​ការដកខ្លួន​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ វា​កើតឡើង​ព្រោះ​សមរភូមិ​នយោបាយ​នៅ​អ៊ុយ​ក្រែ​ន​កាន់តែ​ក្តៅ​ខ្លាំង​ឡើងៗ ហើយ​ការផ្លាស់ប្តូរ​នេះ​ក៏​មិនបង្កើត​ឲ្យ​មាន​ផល​វិជ្ជមាន​សម្រាប់​អ៊ុយ​ក្រែ​ន​បច្ចុប្បន្ន​ឡើយ ។ ទាំង​នាយករដ្ឋមន្ត្រី និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​សុទ្ធតែ​ទន់ខ្សោយ​និង​អសមត្ថភាព​ក្នុងការ​ដឹកនាំ​ប្រទេស ដូចគ្នា ហើយ​បញ្ហាសំខាន់ ការបោះឆ្នោត​ប្រជាមតិ​ទាត់ចោល​កិច្ចព្រមព្រៀង​អឺរ៉ុប​-​អ៊ុយ​ក្រែ​ន​នៅ​ហូ​ឡង់​ជា​រឿង​ដែល​ចម្រូងចម្រាស​បំផុត​ដែរ​សម្រាប់​នយោបាយ​ផ្ទៃក្នុង​អតីត​រដ្ឋ​សហភាពសូវៀត​មួយ​នេះ​។ ហើយ​លោក Petro  Poroshenko នោះបាន​ធ្លាក់​ប្រជាប្រិយភាព​កាន់តែខ្លាំង​ដែរ ក្រោយ​ឈ្មោះ​លោក​ជាប់​ក្នុង ឯកសារ​ដែល​លេច​ធ្លាយ​របស់​ក្រុមហ៊ុន​មេធាវី​ប៉ា​ណា​ម៉ា Mossack Fonseca ។​
 
 ត្រលប់​មកវិញ ក្នុងពេល​ប្រកាស​ចេញពី​តំណែង​តាម​កញ្ចក់​ទូរទស្សន៍ លោក Yatsenyuk បាន​ឆ្លៀត​រិះគន់​អ្នកនយោបាយ​អ៊ុយ​ក្រែ​ន​ផងដែរ​ចំពោះ​ការបង្កើត​បញ្ហា​បែបនេះ​ឡើង​។  លោក​ថា​៖« វិបត្តិ​នយោបាយ​ក្នុងប្រទេស​ត្រូវបាន​បង្កើត​ឡើង​។ ហើយ​ចេតនា​ចង់​ប្តូរ​មនុស្ស​ម្នាក់​ចេញ វា​ធ្វើ​ឲ្យ​អ្នកនយោបាយ​ខ្វាក់ភ្នែក ហើយ​វា​ក៏​ធ្វើ​ឲ្យ​រាំងស្ទះ​នូវ​បំណង​និង​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ផ្លាស់ប្តូ​រដែរ​»​។​
​សម្រាប់​អ្នកនយោបាយ​រូបនេះ​ការដកខ្លួន​របស់លោក  ជាការ​បើកផ្លូវ​សម្រាប់​ការផ្លាស់ប្តូរ​សមភាព​គ​ណ​រដ្ឋមន្ត្រី ហើយ​វា​ក៏​អាចជួយ​ដល់​ដំណើរការ​កំណែទម្រង់​នយោបាយ​និង​សេដ្ឋកិច្ច​ផង​។​មានតែ​ការចុះ​ចេញពី​តំណែង​របស់លោក​ប៉ុណ្ណោះ​ទើប​មិនបង្កើត​ឲ្យ​មានការ​បោះឆ្នោត​មុន​អាណត្តិ ហើយ​មានតែ​ដូរ​គណរដ្ឋមន្ត្រី​ប៉ុណ្ណោះ​ដែល​អាច​ទាក់ទាញ​ស្ថាប័ន​មូលនិធិ​រូបី​យ​វត្ថុ​ឲ្យ​ផ្តល់​កម្ចី​សម្រាប់​ស្តារ​សេដ្ឋកិច្ច​អ៊ុយ​ក្រែ​ន​បាន​។​
 
​យ៉ាងណាមិញ​រដ្ឋាភិបាល​ថ្មី​នឹង​នៅតែ​ជា​រដ្ឋាភិបាលចម្រុះ​ដែលមាន​គណបក្ស​ពីរ​ធំៗ​ដដែល ក្នុងនោះ​មាន​គណបក្ស​សាមគ្គី​របស់​ប្រធានាធិបតី​លោក Petro Poroshenko  និង​គណបក្ស​រណសិរ្ស​ប្រជាជន​របស់លោក នាយ​រដ្ឋមន្ត្រី Yatsenyuk នេះ​តែម្តង​។ គណបក្ស​លោក Poroshenko បាន​ចាត់តាំង​ប្រធានសភា​លោក Volodymyr Groysman សម្រាប់​ការកាន់កាប់​តំណែង​នាយករដ្ឋមន្ត្រី​រួចរាល់​ហើយ វា​ប្រៀបដូចជា​ពួកគេ​បានដឹង​ជាមុន​ដូច្នេះ​ដែរ​។ ហើយ​បើសិន​ប្រធានសភា​ខាងលើ​ក្លាយជា​នាយករដ្ឋមន្ត្រី​មែន អំណាច​នឹង​ប្រមូលផ្តុំ​ក្នុង​កណ្តាប់ដៃ​ប្រធានាធិបតី​មិន​ខាន​។ ដែល​នេះ វា​មានន័យថា អស្ថិរភាព​នយោបាយ​មិន​ចប់​ព្រោះ​ដូរ​នាយករដ្ឋមន្ត្រី​ឡើយ​៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com