អន្តរជាតិ
លោក វ៉ាង យី ៖ កិច្ចប្រជុំ​ប្រទេស​៧ មិនគួរ​និយាយ​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​
11, Apr 2016 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បញ្ហា​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន​ជាមួយ​ប្រទេសជិតខាង បានក្លាយ​ជា​រឿង​ដែល​សហគមន៍​អន្តរជាតិ និង​ក្នុង​តំបន់ ចាប់អារម្មណ៍​។ ខណៈដែល​បញ្ហា​ជម្លោះ​មាន​ភាព​តានតឹង រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បាន​ទទូច​ឲ្យ​រដ្ឋមន្ត្រី​នៃ​កិច្ចប្រជុំ G7 ចៀសវាង​ជជែក​ពី​បញ្ហា​របស់​ចិន​នៅក្នុង​កិច្ចប្រជុំ​ឡើយ​។​



​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី (Wang Yi) បានបង្ហាញ​ពី​ការជឿជាក់​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​អង់ គ្លេ​សលោក Philip Hammond ថា​អង់គ្លេស នឹង​អនុវត្ត​គោលការណ៍ មិន​លម្អៀង និង​ផលប្រយោជន៍​ទៅលើ​បញ្ហា​ណាមួយ និង មិន​ប្រកាន់យក​ភាគី​ណាមួយ​ឡើយ​។ លោក វ៉ាង ក៏បាន​ថ្លែង​បញ្ជាក់ថា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ក៏​មិនគួរ​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​G7​ផងដែរ​។​

​ការលើកឡើង​នេះ ធ្វើឡើង​នៅក្នុង​ជំនួប មុន​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​G7 ដែលមាន​ការចូលរួម​ពី​បណ្តា​សមាជិក​រួមមាន អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង​សហរដ្ឋអាមេរិក​។ កិច្ចប្រជុំ​G7 បានចាប់ផ្តើម​នៅ​ថ្ងៃទី​១០ ខែមេសា នៅក្នុង​ក្រុង Hiroshima នៃ​ប្រទេស​ជប៉ុន​។

​នា​ជំនួប​នោះដែរ ប្រមុខ​ការបរទេស​ចិន លោក  វ៉ាង ក៏បាន​បញ្ជាក់​ជាថ្មី​លើ​បញ្ហា​នៅ​ហុងកុង​ផងដែរ​។ លោក ថា បញ្ហា​នៅក្នុង​ហុងកុង គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ហើយ​រដ្ឋាភិបាល​ចិន នឹង​ប្រកាន់ខ្ជាប់ គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ » ហើយ​ប្រជាជន​ហុងកុង គឺ​នៅតែ​ជា​អ្នកគ្រប់គ្រង​ហុងកុង ជាមួយ​កម្រិត​ស្វ័យភាព​ខ្ពស់​ផងដែរ​។​

​ជុំវិញ​ទំនាក់ទំនង​ចិន​-​អង់គ្លេស លោក វ៉ាង ក៏បាន​ស្នើ​ឲ្យ​ភាគី​ទាំងពីរ​បន្ត​នូវ​ការផ្លាស់​ជិតស្និទ​កម្រិត​ខ្ពស់ និង​ពង្រឹង​ការយោគយល់ និង​ការទុកចិត្ត ដើម្បី​ធានា​ពី​ការចាប់ផ្តើម​មួយ​ដ៏​ល្អ​នៃ​«​សករាជ​មាស​»​នៃ​ចំណង​ទ្វេភាគី​។

​សូមបញ្ជាក់​ផងដែរ​ថា ទំនាក់ទំនង​ចិន និង​អង់គ្លេស បាន​កាន់តែ​ជិតស្និទ​គ្នា​ចាប់តាំងពី​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង​ក្នុងប្រទេស​អង់គ្លេស​កាលពី​ខែតុលា​កន្លងទៅ​៕


Tag:
 ចិន​
 ​កិច្ចប្រជុំ​ប្រទេស​៧
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com