អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន កំពុង​បញ្ចូល​«​អំណាច​ទន់​» ផ្តល់​ភាពស្របច្បាប់​ក្នុង​តំបន់​ទាមទារ​អធិបតេយ្យ​ខ្លួន​?
12, Apr 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​ជម្លោះ​អធិបតេយ្យ​ជាមួយ​រដ្ឋ​ជិតខាង បាននិងកំពុង​ក្លាយជា​បញ្ហា​ចម្រូងចម្រាស​មួយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​កំពុងតែ​បង្កើត​ឲ្យ​មាន​ភាព​តានតឹង​នៅក្នុង​តំបន់​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានបង្ហាញ​ពី​គម្រោង​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ដោះស្រាយ​ដែនសមុទ្រ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​លើ​តំបន់​ជម្លោះ​ដោយ​ខ្លួនឯង​។ សកម្មភាព បាន​ក្លាយជា​ចំណោទបញ្ហា​មួយ​ថា​តើ ចិន កំពុងតែ​បញ្ជ្រាប​«​អំណាច​ទន់​»​ដើម្បី​ផ្តល់​ភាពស្របច្បាប់ ខណៈ​ចិន បន្ត​វាតទី​ក្នុង​តំបន់​ជម្លោះ​មិន​បដិសេដ​ដោះស្រាយ​តាមរយៈ​ម​ជ្ឈ​ត្ត​ការ​នោះ​។​


​កាលពី​ខែមីនា កន្លងទៅ លោក Zhou Qiang ប្រធាន​តុលាការ​កំពូល​ប្រជាជន​ចិន បានប្រកាស​ក្នុងឱកាស​នៃ​ប្រជុំ​សភា​ប្រចាំឆ្នាំ ថា​ក្រុង​ប៉េកាំង នឹង​បង្កើត​ម​ជ្ឈ​ត្ត​មណ្ឌល​យុត្តិធម៌​សមុទ្រ​អន្តរជាតិ​មួយ​ដែលមាន​មុខងារ​សំខាន់​ដើម្បី​ដោះស្រាយ​បញ្ហា​ដែនសមុទ្រ​ដើម្បី​ការពារ​នូវ​ផលប្រយោជន៍​ចិន និង​សិទ្ធិ​ដែនសមុទ្រ​ផងដែរ​នោះ​។ នាឱកាស​នោះ លោក បាន​សង្កត់ធ្ងន់ថា យើង​ត្រូវតែ​ការពារ​សុវត្ថិភាព​អធិបតេយ្យ​ជាតិ សិទ្ធិ​ដែនសមុទ្រ និង​ផលប្រយោជន៍​ស្នូល​ជាដាច់ខាត ហើយ ចិន នឹង​ពង្រឹង​លើ​វិស័យ​តុលាការ​ដែនសមុទ្រ និង កសាង​មជ្ឈមណ្ឌល​យុត្ត​ធម៌​ដែនសមុទ្រ​អន្តរជាតិ​ផងដែរ​។​
 
​ក្រោយមកទៀត ក្នុង​ខែ​ដដែល​នោះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក៏បាន​បើក​ដំណើរការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រួមមួយ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​គោលបំណង​ពង្រឹង និង​ផ្លាស់ប្តូរ​យោបល់​រវាង​អ្នក​ជ្រាវ​ជ្រាវ និង​ជួយ​រក្សា​ស្ថិរភាព​នៅក្នុង​តំបន់​ផងដែរ​។ លោក Wu Shicun នាយក​វិទ្យាស្ថាន​ចិន បាន​អះអាងថា «​យើង​នឹង​ផ្តោត​សំខាន់​លើ​ការកសាង​ការ​ទុក ចិន​នយោបាយ​រួមគ្នា និង​សហប្រតិបត្តិការ​សមុទ្រ​ក្នុង​ក្របខណ្ឌ​នៃ​«​សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​សមុទ្រ​ចិន​ខាងត្បូង​»​។​
 
​បើទោះជា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​អះអាងថា​គម្រោង និង​មជ្ឈមណ្ឌល​ទាំងនោះ ធ្វើឡើង​ក្នុង គោលបំណង​ដើម្បី​ជំរុញ​ការដោះស្រាយ និង​ការសិក្សា​ពី​ឬ​សគល់​នៃ​បញ្ហា​ក៏ដោយ នោះ គឺជា​គ្រាន់តែ លេស​មួយ​តែប៉ុណ្ណោះ​។ ក្នុង​ក្រសែ​អ្នកវិភាគ គំនិត​ផ្តួចផ្តើម​ដែល​លេចឡើង​ខណៈ​វិវាទ​ជម្លោះ​អធិបតេយ្យ​ជាពិសេស​នោះ គឹជា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​តែម្តង​កំពុងតែ​កើតឡើង គឺជា​គ្រាន់តែ​ជាការ​បញ្ជ្រាប​ឥទ្ធិពល​ថ្មី​ទៅកាន់​ជម្លោះ ពោលគឺ​ការបង្កើត​ភាពស្របច្បាប់ ដោយ​ឯកតោភាគី​របស់​ចិន​តែប៉ុណ្ណោះ​។ 
 
​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​រួមមាន​រដ្ឋ​អាស៊ាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម និង​ចិន​។ បញ្ហា​នេះ កំពុងតែ​ឡើងក​ម្តៅ​ម្តង​បន្តិចៗ ដ្បិត​ខណៈ​កំពុង តែ​អវត្តមាន​នៃ​ដំណោះស្រាយ ចិន បាន​បន្ត​គោលនយោបាយ​វាត​ដោយមាន​ទាំង​ការសាងសង់​កោះ​សិប្បនិម្មិត និង​ការបំពាក់​សម្ភារ​យោធា​នៅក្នុង​តំបន់​វិវាទ​ទៀត ហើយ​រដ្ឋ​ពាក់ព័ន្ធ​ផ្សេងទៀត​ក៏​កំពុងតែ បង្កើន​យុទ្ធសាស្ត្រ​ការពារជាតិ​ទៀតផង​។ បញ្ហា​ដែលជា​ឬ​សគល់​ចម្បង​នៃ​ការរាំងស្ទះ​ក្នុងការ​ស្វែងរក ដំណោះស្រាយ​នោះ​គឺ​ចិន បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​ដោយ​ផ្អែក​តាម​កត្តា​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​អាស៊ាន​ទាំង​បួន ទាមទារ​ដោយ​ផ្អែក​តាម​កត្តា​ច្បាប់ អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២​។ 
 
​ក្នុងនេះ មានន័យថា បើទោះជា​ចិន ព្យាយាម​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យ៉ាងណាក៏ដោយ គោលជំហរ​អំ​ណេះ​អំ​ណា​ង​ប្រវត្តិសាស្ត្រ​គឺ​នៅតែ​ដដែល ហើយ​មជ្ឈមណ្ឌល​នោះ គឺ​គ្រាន់តែ​ជួយ​ផ្សព្វផ្សាយ​បន្ថែម​ពី​គោលជំហរ​របស់​ចិន​តែប៉ុណ្ណោះ​។​
 
២. មជ្ឈមណ្ឌល​អន្តរជាតិ​ដែនសមុទ្រ​ជាការ​ចូលរួមចំណែក​ដោះស្រាយ​រឿង​សមុទ្រ ឬ​ស្តង់ដារ​ពីរ​ជាន់​?
​តាមពិតទៅ ដូច​បានកំណត់​នៅក្នុង​អនុ​ញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៨២ រដ្ឋ​ពាក់ព័ន្ធ​ដែលមាន​បញ្ហា​ឬ​ជម្លោះ​លើ​ដែនសមុទ្រ អាច​ដោះស្រាយ​តាមរយៈ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ដែល​ក្នុងនោះ​ម​ជ្ឈ​ត្ត​ការ នៃ​តុលាការអន្តរជាតិ​ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់ គឺជា​តុលាការ​មួយ​ដែលមាន​សមត្ថកិច្ច​ដោះស្រាយ​ករណីនេះ ដោយមាន​ទាំង​ការទទួលស្គាល់​ពី​សហគម​ន៍​អន្តរជាតិ​ផងដែរ​។ 
 
​កន្លងមក ហ្វីលីពីន បាន​ប្តឹង​ទៅកាន់​តុលាការអន្តរជាតិ​ក្រុងឡាអេ​ប្រទេស​ហូ​ឡង់​ប្រឆាំង​ចិន​លើ​ការ រំលោភ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ និង​តំបន់​ត្រួតស៊ីគ្នា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ហើយ​បច្ចុប្បន្ន សំណុំ រឿងនេះ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​ដែល​ត្រៀម​នឹង​ប្រកា​សម​ជ្ឈ​ត្ត​វិនិច្ឆ័យ​ផងដែរ​។ អ្វី​គួរកត់សម្គាល់​នោះ ចិន បាន​បដិសេធ​មិន​ចូលរួម​ក្នុងការ​នីតិវិធី​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​ហ្វីលីពីន​នោះទេ ដោយ​ចិន អះអាងថា​ឆ្នាំ​២០០៦ ចិន ប្រកាស​លើកលែង​ចំពោះ​បទ​បញ្ញា​ត្តិ នៃ​ការដោះស្រាយ​តាម​ម​ជ្ឈ​ត្ត​ការ​។ 
 
​យ៉ាងណាក៏ដោយ ការបង្កើត​មជ្ឈមណ្ឌល​ដោះស្រាយ​សមុទ្រ​អន្តរជាតិ ខណៈពេល​ចិន មិន​ចូលរួម ដោះស្រាយ​តាម​ម​ជ្ឈ​ត្ត​ការ​អន្តរ​ជា​តិំ នោះបាន​បង្ហាញ​ឲ្យ​ឃើញថា នេះ​ជា​សកម្មភាព​ការអនុវត្ត ស្តង់ដារ​ពីរ​ជាន់​។ នេះ មានន័យថា​គម្រោង​រប​ស់​ចិន គឺ​គ្រាន់តែ​បម្រើ​ផលប្រយោជន៍​របស់ខ្លួន ដែល​មិន​ស្របតាម​បទដ្ឋាន​អន្តរជាតិ​នោះទេ​៕

Tag:
 សមុទ្រ​ចិន​ខាងត្បូង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com