អន្តរជាតិ
ម៉ាឡេស៊ី​៖​សាលា​ជិត​៣០០​ត្រូវ​បិទ​ដោយសារ​រលក​កម្តៅ​ខ្លាំង​
11, Apr 2016 , 10:39 pm        
រូបភាព
​សាលារៀន​ចំនួន ២៥៩ កន្លែង​នៅក្នុង​រដ្ឋ Perlis និង Pahang នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​បិទទ្វារ​នៅ​ថ្ងៃ​ចន្ទ​ទី ១១ ខែមេសា​នេះ ដោយសារតែ​រលក​កម្តៅ​ខ្លាំង ដែល​បង្កដោយ​បាតុភូត El Nino ។ ក្រសួង​អប់រំ​ម៉ាឡេស៊ី​បានដាក់​បទបញ្ជា​នេះ​ដើម្បី​ការពារ​សុវត្ថិភាព​និង​សុខភាព​សិស្ស ព្រោះ​សីតុណ្ហភាព​ជា​មធ្យម​ក្តៅ​ជាង ៣៧ អង្សា​សេ​ឯណោះ​។



​ក្រសួង​អប់រំ​ម៉ាឡេស៊ី​បានដាក់​បទបញ្ជា​ឲ្យ​បិទ​សារ​ចំនួន ២៥៩ នៅក្នុង​រដ្ឋ Perlis និង រដ្ឋ Pahang បណ្តោះអាសន្ន​សិន ដោយសារតែ​បណ្តា​រដ្ឋ​ទាំងនោះ​រង​ផលប៉ះពាល់​ពីរ​លក​កម្តៅ​ខ្លាំង​បង្កដោយ​បាតុភូត El Nino​។  ការដាក់ចេញ​វិធានការ​នេះ​គឺ​ដើម្បី​ការពារ​សុខភាព​និង​សុវត្ថិភាព​របស់​សិស្សានុសិស្ស ដែល​ត្រូវ​ចេញពីផ្ទះ​ទៅ​រៀន​ខណៈដែល​សីតុណ្ហភាព​ខ្ពស់ជាង​៣៧​អង្សា​សេ​។​

​យោងតាម​សារព័ត៌មាន Channel New Asia  បទបញ្ជា​ខាងលើ​ត្រូវបាន​ដាក់​បិទ​ដើម្បី​បិទ​សាលា​អនុវិទ្យាល័យ​ចំនួន ៦៨​កន្លែង បឋមសិក្សា​ចំនួន ១៩១ កន្លែង​ផង​។ ហើយ​សិស្ស​ដែល​ត្រូវ​ឈប់សម្រាក​ទាំងនោះ​មាន​ចំនួន ៩៧៥៣៣​នាក់ ដោយមាន ៩១៨៦២​នាក់​សិក្សា​នៅ​កម្រិត​បឋមសិក្សា​និង​អនុវិទ្យាល័យ និង ៥៦៧១​នាក់​ជា​សិស្ស​មតេយ្យ​ផងដែរ​។

​វា​ជា​វិធានការ​មួយ​ចាំបាច់​ព្រោះ​ក្មេងៗ​តូចៗ​ភាគច្រើន​រង​ផលប៉ះពាល់​ខ្លាំង​ពី​ចរន្ត​រលក​កម្តៅ​ខ្លាំង​នេះ​ណាស់​។ ហើយ​ការអនុញ្ញាត​ឲ្យ​ពួកគេ​នៅផ្ទះ​មិនចាំបាច់​មក​រៀន  អាចជួយ​បញ្ចៀស​គ្រោះថ្នាក់​បាន​ច្រើន​ដែរ​។​

​យ៉ាងណាមិញ យោងតាម​បទបញ្ជា​នោះ សកម្មភាព​រដ្ឋបាល​នានា​របស់​សាលា​នៅ​បន្ត​ជាធម្មតា លើកលែងតែ​ការបង្រៀន និង​ការសិក្សា​របស់​សិស្ស​ប៉ុណ្ណោះ​។ ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​បទបញ្ជារ​បស់​ក្រសួង​អប់រំ មន្ត្រី​ក្រសួង​សម្រេច​តាមដាន​សកម្មភាព​និង​ឃ្លាំមើល​របស់​សាលា​ផងដែរ​។ ហើយ​ស្របពេល​ជាមួយគ្នា​នោះ ក្រសួង​ការ​នឹង​បន្ត​ចេញ​សេចក្តីជូនដំណឹង​នានា​ពាក់ព័ន្ធ​ការបិទ​សាលា​និង​បញ្ហា​រលក​កម្តៅ​នេះ នៅពេល​ខាងមុខ បើសិន​មាន​អ្វី​ប្រែប្រួល​។


Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com