អន្តរជាតិ
អូ​បា​ម៉ា​នៅតែមាន​ប្រជាប្រិយភាព​ខ្ពស់ជាង​បេក្ខជន​ប្រធានាធិបតី​
11, Apr 2016 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងតាម​របាយការណ៍​ស្ទង់​មតិ លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅតែមាន​ប្រជាប្រិយភាព​ខ្ពស់ ពោលគឺ​ខ្ពស់ជាង​បណ្តា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ទាំងអស់​។ ការកើនឡើង​នៃ​ប្រជាប្រិយភាព​របស់លោក នឹងធ្វើ​លោក​កាន់​តែមាន​ទឹកមាត់ប្រៃ​ក្នុងការ​កំណត់​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ខែវិច្ឆិកា​ខាងមុខនេះ​។  គណបក្ស​ប្រជាធិបតេយ្យ​អាច​នឹងមាន​ប្រៀប​ខ្លាំង​។​



សូមស្ដាប់ព័ត៌មានលម្អិត៖



​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា កើនឡើង​ប្រជាប្រិយភាព​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ថ្វីបើ​លោក​ជិត​ផុត​អាណត្តិ​ក៏ដោយ​ក្តី​។ យោងតាម​របាយការណ៍​ស្ទង់​មតិ​ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Time អង់គ្លេស លោក មាន​ប្រជាប្រិយភាព​ខ្ពស់ជាង​បណ្តា​បេក្ខជន​ប្រធានាធិបតី​ទាំងអស់​។​

​អ្វីដែល​សំខាន់​ការកើនឡើង​នៃ​ប្រជាប្រិយភាព​លោក បើសិន​វា​នឹង​បន្ត​កើនឡើង​រហូតដល់​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​នា​ខែវិច្ឆិកា​នោះ លោក​នឹង​កាន់​តែមាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការកំណត់​នូវ​លទ្ធផល​បោះឆ្នោត​ផងដែរ​។ វា​មានន័យថា បើសិនជា​លោក​នៅតែ​ត្រូវគេ​គាំទ្រ​ច្រើន លោក​នឹង​មានឱកាស​បញ្ចុះបញ្ចូល​ឲ្យ​មានការ​គាំទ្រ​បេក្ខជន​មកពី​បក្ស​ប្រជាធិបតេយ្យ​ជាក់​ជាមិនខាន​។​

​យោងតាម​របាយការណ៍​ស្ទង់​មតិ ដែល​រៀបចំ ដោយ Associated Press-GfK poll ប្រធានាធិបតី អូ​បា​ម៉ា ត្រូវបាន​ប្រជាជន​ចាត់ទុកជា​មេដឹកនាំ​ដែល​គួរ​ឲ្យ​ទុកចិត្ត ហើយ​ការដឹកនាំ​របស់លោក​បាន​ធ្វើ​ឲ្យ​ប្រជាជន​ពេញចិត្ត​ពេញ​ថ្លើម​ផងដែរ​។ ការស្ទង់មតិ​នេះ​ធ្វើឡើង​ក្នុង​រយៈពេល ៥​ថ្ងៃ​ពី ថ្ងៃ ៣១ មីនា ដល់​ថ្ងៃ ៤​មេសា ហើយ​មនុស្ស ១០៧៦ នាក់​ត្រូវបាន​គេ​ជ្រើសរើស​សម្រាប់​ការស្ទង់មតិ​នេះ​។​

​អ្នក​ដែល​ត្រូវបាន​សាកសួរ​ប្រហែល ពាក់កណ្តាល​បានបង្ហាញ​ការពេញចិត្ត​ចំពោះ​អ្វីដែល​លោក អូ​បា​ម៉ា​បានធ្វើ​កន្លងមក​ក្នុងនាម​ជា​ប្រធានាធិបតី​។  អត្រា​នេះ មានការ​កើនឡើង ហើយ​ពួកគេ​ពេញចិត្ត​ចំពោះ​នយោបាយ​ការបរទេស ការដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​និង​អន្តោប្រវេសន៍​ជាដើម​។ អ្នក​ចួ​ល​រួម ៥៣​ភាគរយ​បាន​បង្ហាញថា​ខ្លួន​ពេញចិត្ត​លោក អូ​បា​ម៉ា ស្រប​ពេលដែល​បេក្ខជន​ប្រធានាធិបតី​ផ្សេងទៀត​ដូចជា​លោក ប៊ែ​នី សេន​ដឺ បាន​ត្រឹម ៤៨​ភាគរយ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​ត្រឹម​៤០ ហើយ​លោក ដូ​ណា​ល់​ត្រាំ បាន​ត្រឹម​២៦​ភាគរយ​ប៉ុណ្ណោះ​។​

​តែ​ទាក់ទិន​បញ្ហា​សេដ្ឋកិច្ច មនុស្ស​ភាគតិច​ប៉ុណ្ណោះ​ដែល​មើលឃើញ​ក្នុង​ផ្លូវ​វិជ្ជមាន​និង​មាន​សុទិដ្ឋិនិយម​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​របស់ខ្លួន​បច្ចុប្បន្ន  ហើយ​៥៤​ភាគរយ​នៃ​ប្រជាជន​ដែល​ផ្តល់​ការសាកសួរ​នោះ​នៅតែ​យល់ថា​ខ្លួន​នៅក្នុង​ស្ថានភាព​ក្រីក្រ​នៅឡើយ ស្ថិតក្រោម​ការដឹកនាំរ​ប​ស់លោក អូ​បា​ម៉ា ៕


Tag:
 ​បា​រ៉ា​ក់ អូ​បា​ម៉ា​
  ហ៊ី​ឡា​រី គ្លី​ន​តុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com