កីឡាជាតិ
ជាតិ
កីឡាករ​អុកចត្រង្គ​ទាំង​៨ ដាក់​ក្តីសង្ឃឹម​ខ្ពស់​រៀងខ្លួនៗ សម្រាប់​ដំណែង​ជើងឯក
15, Apr 2016 , 8:19 am        
រូបភាព
ដោយ:
​ការប្រកួត​អុកចត្រង្គ ដើម្បី​ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹ​ត្ត​ការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ អម​ជាមួយនឹង​ប្រាក់រង្វាន់ ១២​លាន​រៀល ដែល​ប្រព្រឹត្តទៅ​នៅមុខ​ប្រាសាទអង្គរវត្ត លើទឹក​ដី​នៃ​ខេត្តសៀមរាប ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី នឹង​ចាប់ផ្តើម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃទី​១៥ ដល់ទី​១៦ ខែមេសា ខណៈ​កីឡា​ករទាំង ៨​ដែល​ចូលរួម​ប្រកួត​សុទ្ធតែ​មានសង្ឃឹម​ខ្ពស់​រៀងខ្លួនៗ ជាមួយនឹង​ការ​ប្តេ​ជា្ញ​ថា នឹង​ដណ្តើម​តំណែង​ជើងឯក​ឲ្យ​បាន​។



​កីឡាករ​ចត្រង្គ​អង្គរ​សង្ក្រាន្ត​ទាំង​៨​នាក់​ដែល​នឹងចូលរួម​ប្រកួត​ក្នុងដំណាក់កាល​ចុងក្រោយ បានដាក់​ក្តីសង្ឃឹម​រៀងខ្លួនៗ សម្រាប់​ការប្រកួត​ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ២០១៦ នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ក្នុង​ខេត្តសៀមរាប​។

​ជាមួយគ្នានេះ​កីឡាករ​ដែល​ទើបនឹង​ផ្តួល​ស្តេច​អុក ឈាវ បូរ៉ា នៅក្នុង​វគ្គ​១៦​នាក់​ចុងក្រោយ ហេង សៅ​ឌី ទោះបីជា​យ៉ាងនេះ​កី្ត​រូបគេ​មិន​ហាន​ដាក់​ក្តីសង្ឃឹម​ខ្ពស់​នោះទេ​គឺ​ត្រឹមតែ​៥០% ប៉ុណ្ណោះ ប៉ុន្តែ​រូបគេ​បាន​តាំងចិត្ត​ខ្ពស់​សម្រាប់​ការប្រកួត និង​បាន​ប្តេជ្ញា​ថា​នឹង​ប្រឹងប្រែង​លេង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ដណ្តើម​ជើងឯក​។ ហើយ​រូបគេ​សង្ឃឹមថានឹង​អាច​ឆ្លង​ផុត​វគ្គ​១/៨ នា​ជំនួប​ជាមួយ​កីឡាករ សេង សុធា ទោះបីជា​មិន​ធ្លាប់បាន​ប្រកួត​ជាមួយ​កីឡាករ​រួប​នេះ​ក៏ដោយ នេះ​ជា​លើក​ទី​១​សម្រាប់​ការចូលរួម​ពីរលើក ដែល​រូបគេ​អាច​ឡើង​មកដល់​វគ្គ​១/៨​នេះ ព្រោះ​កាលពី​លើក​មុន​រូបគេ​ធ្លាក់​តាំងពី​ជុំ​ទី​១​។​

​យ៉ាងណាមិញ កីឡាករ សេង សុធា ដែលជា​ដៃគូ​ប្រកួត​របស់ ហេង សៅ​ឌី ក្នុង​វគ្គ​១/៨ ក៏បាន​ដាក់​ក្តីសង្ឃឹម​ផងដែរ​ថា រូបគេ​នឹង​អាច​ឆ្លង​ផុត​វគ្គ​នេះ ទោះបី​រូបគេ​ត្រូវ​ជួប​ជាមួយ​កី​ឡករ​ដែល​បាន​ផ្តួល​ស្តេច​អុក ឈាវ បូរ៉ា ក៏ដោយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​រូបគេ​បានដាក់​ក្តីសង្ឃឹម ៥០​ភាគរយ​ទៀតផង​សម្រាប់​តំណែង​ជា​ជើងឯក ហើយ​នេះ​ក៏​លើកទីមួយ​ផងដែរ​សម្រាប់​ការចូលរួម​ពីរលើក​របស់​រូបគេ ដែល​អាច​ឡើង​មកដល់​វគ្គ​១/៨ ព្រោះ​កាលពីមុន​រូបគេ​បាន​ធ្លាក់​តាំងពី​ជុំ​ទី​២​មកម្ល៉េះ​។

​ទោះបីជា​ការប្រកួត​មិន​ទៀង​មាន​ឈ្នះ​មាន​ចាញ់​យ៉ាងណាក៏ដោយ កីឡាករ រៀម វាសនា ដែល​នឹង​ត្រូវធ្វើ​ការប្រកួត​ជាមួយ​កីឡាករ ហូ​យ សុខ​ណា នៅ​វគ្គ​១/៨ បានដាក់​កី​សង្ឃឹម​យ៉ាង​មុតមាំ​ថា រូបគេ​នឹង​ឡើងទៅ​កាន់​វគ្គ​១/៤ ទោះបី​ដៃគូ​របស់គេ​ជា​កីឡាករ​ជើង​ខ្លាំង​ក៏ដោយ មិន​ត្រឹមតែ​ប៉ុណ្ណោះ​រូបគេ​សង្ឃឹម​រហូតដល់ ៧០​ភាគរយ​ទៅ​៨០​ភាគរយ​សម្រាប់​ដំណែង​ជា​ជើងឯក  ខណៈ​គូប្រកួត ហូ​យ សុខ​ណា មិន​ហ៊ាន​សង្ឃឹម​ខ្ពស់​ត្រឹមតែ​៥០​ភាគរយ ព្រោះ​លោក​ថា ការប្រកួត​វា​មិន​ទៀង​អ្នកខ្លាំង​អាច​ចាញ់​ក្នុង​ដៃ​អ្នកខ្សោយ​ក៏មានដែរ​។   
 
​ចំណែក​កីឡាករ នូ ច័ន្ទ​ផានិត និង​កីឡាករ សៅ ប៉ិច​សុភា មិន​ហ៊ាន​សង្ឃឹម​ខ្ពស់​នោះទេ​ត្រឹម​៥០​ភាគរយ​ប៉ុណ្ណោះ​សម្រាប់​ការប្រកួត​របស់​ពួកគេ ព្រោះ ប៉ិច​សុភា យល់ថា​សមត្ថភាព​រប​ស់​នៅមានកម្រិត​ទាប ទោះបី​រូបគេ​បាន​ឡើង​មកដល់​វគ្គ​១/៨​នេះ​ក៏ដោយ​។ កីឡាករ​ទាំងពីរ​នឹងត្រូវ​ជួប​ប្រកួត​គ្នា​ក្នុង​វគ្គ​១/៨ នា​ថ្ងៃទី​១៥ ខែមេសា ក្នុង​ខេត្តសៀមរាប នា​ឱ​កាល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​។ គួរ​បញ្ជាក់ថា កី​ល​ឡាករ​ទាំងពីរ​នេះ​មិន​ធ្លាប់​ជួប​ប្រកួត​ជាមួយគ្នា​នោះទេ ហើយ​នេះ​ជា​លើកទីមួយ​ហើយ​សម្រាប់​កីឡាករ​ទាំងពីរ ដែល​អាច​ឡើង​មកដល់​វគ្គ​១/៨​នេះ សម្រាប់​ការប្រកួត​កាលពី​លើក​មុន សុភា ធ្លាក់​វគ្គ​១/៣២ ខណៈ ផានិត ធ្លាក់​តាំងពីរ​ជុំ​ដំបូង​។​

​ដោយឡែក​កីឡាករ រស់ រិទ្ធី​យ៉ា ហាក់ដូច​ជាមាន​ទំនុកចិត្ត​លើ​ខ្លួនឯង សម្រាប់​តំណែង​ជា​ម្ចាស់​ឯក​ឆ្នាំនេះ ដោយ​លោក​បានដាក់​ក្តីសង្ឃឹម​រហូតដល់ ៧០​ភាគរយ​ទៅ​៨០​ភាគរយ ជាមួយនឹង​ការតាំង​ចិត្ត​ខ្ពស់​ថា នឹង​ដណ្តើមយក​លេខ​១ ឲ្យ​បាន​សម្រាប់​ឆ្នាំ​ថ្មី​នេះ ខណៈ​កីឡាករ ម៉េង សេរី​សម្បត្តិ ដែលជា​ដៃគូ​ប្រកួត​របស់ខ្លួន មិន​ហ៊ាន​សង្ឃឹម​ខ្ពស់​នោះទេ​ត្រឹមតែ​៦០​ភាគរយ ព្រោះ​ដៃគូ​ដែល​រូបគេ​ត្រូវ​ប្រកួត​នៅ​វគ្គ​១/៨​នេះ​មាន​សមត្ថភាព ប៉ុន្តែ​ទោះជា​យ៉ាង​ក៏ដោយ​រូបគេ​បាន​ប្តេជ្ញា​ថា នឹង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​។    

​គួរ​បញ្ជាក់ថា ការប្រកួត​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត​២០១៦ បានធ្វើ​ការប្រកួត​ការប្រកួត​ជម្រុះ​រយៈ​៤​ថ្ងៃ នៅ​ទីស្នាក់ការ NOCC ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៨ ខែមេសា ដោយបាន​ស្វែង​រកឃើញ​កីឡាករ​ជើង​ខ្លាំង​ចំនួន​៨​នាក់ សម្រាប់​ឡើងទៅ​ប្រកួត​នៅ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ នៅមុខ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ប៉ុន្តែ​ឆ្នាំនេះ​មិនមាន​វត្តមាន​ស្តេច​អុកចត្រង្គ​ពីរ​រដូវ​កាល ឈាវ បូរ៉ា នោះទេ​បន្ទាប់ពី​រូបគេ​បាន​ចាញ់​កីឡាករ ហេង សៅ​ឌី នៅ​វគ្គ​១/១៦ កាលពី​ថ្ងៃទី​៨ ខែមេសា នៅ​ទីស្នាក់ការ NOCC​។ កីឡាករ​ទាំង​៨​ចាប់ផ្តើម​ប្រកួត​នៅ​ថ្ងៃទី​១៥ ត្រូវ​នឹង​ថ្ងៃទី​៣​នៃ​ពិធីបុណ្យ​ចូលឆ្នាំ និង​ប្រកួត​បញ្ចប់​នៅ​ថ្ងៃទី​១៦ ខែមេសា​។

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់ថា «​ការប្រកួត​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត​២០១៦» ម្ចាស់​ជើងឯក​ទទួលបាន ១២​លាន​រៀល ខណៈ​ជើងឯក​រង ៨​លាន​រៀល និង​ចំណាត់ថ្នាក់​លេខ​៣​ទទួលបាន ៤​លាន​រៀល​៕


Tag:
 ​វ៉ា​ត់ ចំរើន​
  អុកចត្រង្គ​
  អង្គរ​សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com