ជាតិ
ពីនេះ ពីនោះ
ឆ្នាំ​ថ្មី កុំ​ចាក់​បៀ​តង​កុំ​ផ្សង​អាប៉ោង​!
12, Apr 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
កំណាព្យ​បទ កាកគតិ​


​ដល់​ហើយ​ឆ្នាំ​ថ្មី​    ​    ​មក​មិត្ត​ប្រុស​ស្រី​    ​    ​លេង​អី​សប្បាយ​
​ចង់​ដើរ​ជិតៗ​    ​    ​    ​ឬ​គិត​ទៅ​ឆ្ងាយ​    ​    ​បើ​ខាន​តិច​ស្តាយ​
                               ​មួយឆ្នាំ​មាន​ម្តង​។​

​ទោះ​ដល់​ឆ្ងាយ​ជិត​    ​    ​សូម​កល្យាណមិត្ត​    ​    ​គិត​ឃើញ​ខ្លះ​ផង​
​ល្បែង​ប្រជាប្រិយ​    ​    ​កុំ​ចោល​ប្អូន​បង​    ​    ​កុំ​ចាក់​បៀ​តង​
                                  ​កុំ​ផ្សង​អាប៉ោង​។​

​ខ្លា​ឃ្លោក​ក៏​កុំ​    ​    ​    ​អុង​ឌូ​ក៏​សុំ​    ​    ​    ​ក្រែង​អស់​ស្រូវ​ស្បោង​
​ទាំង​ទឹក​ក្រហម​    ​    ​គួរ​តម​កុំ​តោង​    ​    ​    ​ចាយ​ពេល​រាប់​ម៉ោង​
                               ​ឈ្នះ​មេ​យើង​សង​។​

​ចោល​ឈូង​អ​ង្គុ​ញ​    ​    ​បើ​លេង​ទៅ​ធុញ​    ​    ​ប្តូរ​ទាញ​ព្រ័ត​ម្តង​
​លេង​លាក់កន្សែង​    ​    ​ក្រែង​ជូ​ប​គូ​ផ្សង​    ​    ​ឬ​ច្រៀង​ផ្តោះផ្តង​
​                                   ចម្រៀង​ប្រប​កៃ​។​

​ដណ្តើម​ស្លឹកឈើ​    ​    ​លាក់​មាន់​លមើ​    ​    ​សប្បាយ​ពេក​ក្រៃ​
​ស្តេចចង់​ក៏បាន​    ​    ​តាមតែ​អ្នក​ច្នៃ​    ​    ​    ​ល្បែង​ខ្លាំង​ជើងដៃ​
​                               ឡើង​សរសរ​ខ្លាញ់​។​

​ខ្ញុំ​លើក​ខ្លីៗ​    ​    ​           ​រំលឹក​ប្រុស​ស្រី​    ​        ​ឲ្យ​លៃ​គិត​កាញ់​
​ល្បែង​ប្រជាប្រិយ​    ​    ​ខ្មែរ​ធ្លាប់​ស្រឡាញ់​    ​    ​ពេលនេះ​ចុះចាញ់​

                                 ​ក្រុម​ល្បែងស៊ីសង​៕​    ​    ​    ​    ​
​    ​    ​    ​    ​
​    ​    ​    ​    ​



​    ​    ​    ​













© រក្សាសិទ្ធិដោយ thmeythmey.com