ពីនេះ ពីនោះ
កំណាព្យ៖ ពិធី​ផ្ទេរតំណែង​រវាង ពពែ និង​ស្វា​
13, Apr 2016 , 1:19 pm        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​ផ្ទេរដំណែង​និពន្ធ​ដោយ​លោក អ៊ឹម បុ​រិ​ទ្ទ​
​រីឯ​ថ្ងៃ​ពុធ​ ​៧​កើត​គត់​ ​នា​គិម្ហ​ន្តា​
​ត្រូវ​ទី​ដប់​បី​ ​នៃ​ខែមេសា​ ​តាម​ក្បួន​ហោរា​
​ថា​ចូលឆ្នាំថ្មី​។​


 
​ឆ្នាំវក​អដ្ឋស័ក​ ​ព្រលប់​ត្រជាក់​ ​ចូលដល់​សិរី​
​ត្រូវ​យាម​ទី​ពីរ​ ​ជា​ពេល​សួស្តី​ ​ប្រជា​ប្រុស​ស្រី​
​រីករាយ​គ្រប់គ្នា​។​
 
​ពេល​ម៉ោង​ប្រាំបី​ ​ក្នុងពេល​រាត្រី​ ​ដើម​ចុង​ជួបគ្នា​
​មាន​វ័ន​បទ​ពីរ​ ​នាទី​សុខា​ ​ប្រពៃ​ថ្លៃថ្លា​
​មកពី​បុរាណ​។​
 
​មាន​ទេពធីតា​ ​រូបល្អ​ថ្លៃថ្លា​ ​មក​តាម​លំ​អាន​
​ដោយនូវ​គន្លង​ ​ទំនង​បុរាណ​ ​ចងក្រង​និទាន​
​ក្នុង​ក្បួនតម្រា​។​
 
​ម​ណ្ឌា​ទេវី​ ​មាន​តួនាទី​ ​ជា​នាយិកា​
​គ្រប់គ្រង​ផែនដី​ ​ជ​ម្ជូ​ទ្វី​បា​ ​តាម​កិច្ចសន្យា​
​បិតា​ផ្តែរ​ផ្តាំ​។​
 
​អម្ពរ​ពណ៌​អន​ ​ដែល​ទ្រង់​នឹង​គ្រង​ ​ជាប់​នឹង​ព្រះកាយ​
​ឯ​នៅ​ព្រះ​កាណ៍​ ​បុប្ផា​ពណ្ណរាយ​ ​ចម្ប៉ា​រាង​អាយ​
​ចោល​ក្លិន​ឈ្ងុយ​ឈ្ងប់​។​
 
​ឯ​ភ​ស្សាហារ​ ​សេពសោយ​សោតណា​ ​ទឹកដោះថ្លា​សុទ្ធ​
​តាំងពី​បុរាណ​ ​លោក​បានកំណត់​ ​ទុកជា​បន្ទាត់​
​អនុវត្តន៍​បន្ត​។​
 
​រី​អាភរណៈ​ ​ដែល​ទ្រង់​នឹង​ពាក់​ ​ជាប់​ជាក់​នឹង​ក​
​ជា​កែវ​ពិទូរ្យ​ ​សិរី​បវរ​ ​ប្រសើរ​ក្រៃ​ល្អ​
​ត​តាម​កំណត់​។​
 
​នៅ​ព្រះហស្ត​ឆ្វេង​ ​ឈើច្រត់​សម្តែង​ ​ចែងចារ​ប្រាកដ​
​មាន​ក្នុង​តម្រា​ ​មហាសង្ក្រាន្ត​វដ្ត​ ​លោក​បានកំណត់​
​ប្រាកដ​រៀងមក​។​
 
​រី​ព្រះហស្ត​ស្តាំ​ ​ដែល​ទ្រង់​នឹង​កាន់​ ​ជា​ម្ជុល​ប្រាកដ​
​គង់​ផ្ទំ​លើ​ខ្នង​ ​គ​ទ្រ​ភៈ​ជា​រថ​ ​នេះហើយ​កំណត់​
​បាន​ចារ​ចំណា​។​
 
​នាំ​ទេពធីតា​ ​សែន​កោដិ៍​មេ​ឃា​ ​ហោះ​ឆ្ពោះទៅកាន់​
​គន្ធ​មាលី​ ​ទី​ព្រៃ​ស្មសាន​ ​ដឹក​នាំមក​ថ្កាន​
​សិរសា​មហាព្រហ្ម​។​
 
​ហែ​ប្រ​ទិ​ក្សិណ​ ​ព័ទ្ធ​ហេមវ័ន្ត​ ​គម្រប់​មួយ​ដុំ​
​តាម​ដោយ​គន្លង​ ​ទំនង​ចាស់ទុំ​ ​នាំ​សិរសា​ព្រហ្ម​
​ហែ​ព័ទ្ធ​ពសុធា​។​
 
​គ្រប់​ស្រេច​កាលណា​ ​នាំយក​សិរសា​ ​ដែល​ឥត​អង្គារ​
​ទុក​កន្លែង​ដើម​ ​រួច​ផ្តើម​គ្រប់គ្នា​ ​តូចធំ​ស្លួ​ត​ជា​
​ចូល​ស្រង់​ទឹកថ្លា​។​
 
​អ​នោ​ត្ត​ ​មហា​ស្រះ​ទៀត​ជាក់​ ​ទី​ថា​ន​អស្ចារ្យ​
​អស់ទាំង​ទេវបុត្រ​ ​ទាំង​ទេពធីតា​ ​ស្រេច​ហើយ​កាលណា​
​រក្សាសីល​ប្រាំ​។​
 
​នេះហើយ​តម្រា​ ​មាន​ពី​ដូនតា​ ​ទុកជា​ប្រចាំ​
​តាំងពី​បុរាណ​ ​ដែលជា​បណ្តាំ​ ​មានមក​យូរ​ឆ្នាំ​
​នៃ​ជាតិ​ខេមរា​។​
 
​រក្សា​សា​ទេវី​ ​ជា​រាជបុត្រី​ ​កបិល​ព្រហ្មា​
​គ្រងជ​ម្ជូ​ទ្វីប​ ​កើតក្តី​សុខា​ ​ចប់​ឆ្នាំ​ហើយ​ណា​
​ផ្តែរ​ផ្តាំ​បន្ត​។​
 
​អនុជ​បុត្រី​ ​ម​ណ្ឌា​ទេវី​ ​ទទួល​សាទរ​
​ប្តេជ្ញា​ក្នុង​ចិត្ត​ ​ដោយ​ក្តី​ត្រេកអរ​ ​ថា​នឹង​បន្ត​
​ទៅតាម​បណ្តាំ​។​
 
​សត្វ​ទាំង​ដប់​ពីរ​ ​ជួបជុំ​មូល​មីរ​ ​ដើម្បី​រង់ចាំ​
​ស្តាប់​របាយការណ៍​ ​ថ្លៃថ្លា​ក្នុង​ឆ្នាំ​ ​ជាប់​ជាប្រចាំ​
​សកម្ម​ទាំងឡាយ​។​
 
​កណ្តុរ​គោ​ខ្លា​ ​ទន្សាយ​នាគា​ ​ពស់​ផង​នៅ​អាយ​
​សេះ​នឹង​ពពែ​ ​ស្វា​មាន់​រីករាយ​ ​ឆ្កែ​ជ្រូក​សប្បាយ​
​ទទួល​ពរជ័យ​។​
 
​ពពែ​ជា​ប្រធាន​ ​លើកឡើង​និទាន​ ​ថ្លៃ​ថ្លែងសេចក្តី​
​នា​ឆ្នាំ​កន្លង​ ​ដែលជា​ស្នាដៃ​ ​ប្រជា​ប្រុស​ស្រី​
​យើង​ទេវតា​ថ្មី​ ​សូម​ជូនពរជ័យ​ ​សិរី​មង្គល​
​ទាំង​បួន​ប្រការ​ ​ចូរ​កើតមាន​ដល់​ ​ទូទាំង​សកល​
​លោកា​ថ្កើងថ្កាន​។​
 
​ទឹកដី​អង្គារ​ ​ប្រសើរ​បវរ​ ​បាន​សុខក្សេមក្សាន្ត​
​សូម​ខ្មែរ​រួមគ្នា​ ​សាម​គ្គា​ឲ្យ​បាន​ ​នៅ​គ្រប់​មជ្ឈដ្ឋាន​
​សុខសាន្ត​ទៅ​អើយ​៕

​ប្រភព​៖ សៀវភៅ​មហាសង្ក្រាន្ត ឆ្នាំ វក អដ្ឋស័ក (​ព​.​ស​.២៥៦០-​គ​.​ស​.២០១៦)​

Tag:
 ចូលឆ្នាំថ្មី​
  ឆ្នាំវក​
© រក្សាសិទ្ធិដោយ thmeythmey.com