ជាតិ
ឆ្នាំ​ថ្មី​៖​រដ្ឋមន្ត្រី​លេចធ្លោ​៣​រូប ប្តេជ្ញា​បន្ត​ការកែទម្រង់​ការងារ​ក្នុង​ក្រសួង​របស់ខ្លួន​
13, Apr 2016 , 2:03 pm        
រូបភាព
 
នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ​នេះ រដ្ឋមន្ត្រី​ដែលមាន​ប្រជាប្រិយភាព​៣​រូប បាន​ចេញមុខ​ប្តេជ្ញា​បន្ត​អនុវត្តន៍​ការងារ​របស់​ឲ្យ​មាន​ប្រសិទ្ធភាព និង​បន្ត​ធ្វើការ​កំណែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ក្រសួង​របស់ខ្លួន​។


​រដ្ឋមន្ត្រី​ទាំង​៣​រូប​គឺ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ហង់ ជួន ណា​រ៉ុ​ន លោក ជា សុផារ៉ា ដែល​ទើប​ចូលកាន់​តំណែង​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​សាធារណ​ការណ និង​ដឹកជញ្ជូន​។ 
 
​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​នឹង​ខិតខំ​អនុវត្តន៍​ការងារ​ឲ្យ​សម្រេចបាន​តាម​ផែនការ​អប់រំ​សម្រាប់​ឆ្នាំ​២០១៦ ដែល​បាន​ដាក់ចេញ​នៅក្នុង​សន្និបាត​បូកសរុប​ការងារ​អប់រំ​ប្រចាំឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៦ ។ ទន្ទឹម​ជាមួយគ្នា​នោះ លោក ក៏បាន​បញ្ជាក់​ពី​ការបន្ត​ធ្វើកំណែទម្រង់​វិស័យ​អប់រំ តាំងពី​ថ្នាក់​បឋម រហូតដល់​ឧ​ត្ត​មសិ​ក្សា ដោយ​ក្នុង​ពង្រឹង​ទាំង​គុណភាព​គ្រូ និង​សិស្ស​។ លោក​ហង់ ជួន ណា​រ៉ុ​ន​ថា​៖«​កំណែទម្រង់​ថ្នាក់​ទី​១២​យើង​បានធ្វើ​២​ឆ្នាំ​មកហើយ ហើយ​យើង​នៅតែ​បន្តធ្វើ​ទៀត ហើយ​មិនមែន​តែ​ថ្នាក់បាក់ឌុប​ទេ ឆ្នាំនេះ​យើង​ចាប់ផ្តើម​ថ្នាក់​ទី​៩​ទៀត ដោយ​ដាក់បញ្ចូល​វិញ្ញាសារ​សរសេរ​តាម​អាន និង​តែងសេចក្តី​។ សម្រាប់​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ត្រូវ​បន្ត​អនុវត្តន៍​គោលការណ៍​រៀន និង​បង្រៀន​របស់ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន ហើយ​ក្រសួង​នឹងធ្វើ​ការតាមដាន​លើ​បញ្ហា​នេះ​យ៉ាង​យកចិត្ត​ដាក់​»​។ 
 
​សម្រាប់​ការពង្រឹង​គុណភាព​អប់រំ​នៅ​កម្រិត​បឋមសិក្សា​វិញ លោ​កប​ណ្ជា​ក់​យ៉ាងនេះ​ថា ក្រសួង​ទើបតែ​សម្ពោធ​ឲ្យ​ចាក់ផ្សាយ​កម្មវិធី​«​ស្រឡាញ់​កូន​»​ដែលជា​កម្មវិធី​អប់រំ​មាតាបិតា​ដែលមាន​កូន​អាយុ​ពី​០​ដល់​ក្រោម​៦​ឆ្នាំ និង​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ត្រូវ​ទទួលបាន​នូវ​ចំណេះដឹង​ងាយៗ​ដើម្បី​យកទៅ​ថែទាំ គាំពារ និង​អប់រំ​កូនតូច​នៅផ្ទះ​។ ជាមួយគ្នា​នោះ ក្រសួង​បាន​បង្កើត​កម្មវិធី​អំ​ណាន និង​ពង្រឹង​មុខវិជ្ជា​គណិតវិទ្យា​ពី​កុមារ​ដោយ​ផ្តោតលើ​ក្មេង​ថ្នាក់​ទី​១​ដល់ទី​៣ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា​ខេត្តកំពង់ចាម និង​ខេត្តព្រៃវែង​ជាដើម​។  ទាក់ទង​នឹង​វិស័យ​កីឡា​វិញ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​បញ្ជាក់ថា​ក្រសួង​នឹង​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដូចជា​នៅ​កីឡដ្ឋាន​ជាតិ​ឡាំ​ពិ​ក ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ការបណ្តុះបណ្តាល​គ្រូ កីឡាករ ចៅក្រម និង​អាជ្ញាកណ្តាល​ជាដើម​។ ជាមួយគ្នា​នោះ ក្រសួង​បាន​ណែនាំ​ឲ្យ​រៀបចំ​ការប្រកួត​កីឡា ការប្រកួត​កីឡា​ថ្នាក់ជាតិ​រៀងរាល់​២​ឆ្នាំ​ម្តង ពង្រឹង​សហព័ន្ធ​កីឡា​ជាតិ​ជាដើម​។ 
 
​សម្រាប់​រដ្ឋមន្ត្រី​ថ្មី​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​ថ្លែង​នៅក្នុង​ពិធី​ផ្ទេរតំណែង កាលពី​ថ្ងៃទី​៥​ខែមេសា​ថា លោក​នឹង​រៀបចំ​ការងារ​ពាក់ព័ន្ធ​នឹង​វិស័យ​របស់ខ្លួន​ឲ្យ​មាន​តម្លាភាព​។ បន្ទាប់ពី​ថ្លែងអំណរគុណ​រដ្ឋាភិបាល និង​រដ្ឋសភា ដែល​ផ្តល់​ទំនុកចិត្ត លើ​រូបលោក​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នៅ​ពាក់កណ្តាល​អាណត្តិ​រដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ លោក ជា សុផារ៉ា បាន​ប្តេជ្ញា​ចំពោះមុខ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ចាស់​ថា លោក​នឹង​បន្ត​ពង្រឹង​ការងារ គ្រប់គ្រង​មន្ត្រី វិធាន​អនុវត្ត​ស្ថាប័ន ឲ្យ​មន្ត្រី​ពង្រឹង​ការអនុវត្ត​ការងារ ច្បាប់ និង​សេវាសាធារណៈ តាម​ប្រសាសន៍​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​បាន គឺ​ធ្វើ​ឲ្យ​បាន ធ្វើ​ឲ្យ​លឿន និង​ធ្វើ​ឲ្យ​មាន​តម្លាភាព​។ លោក ជា សុផារ៉ា បន្តទៀតថា លោក​នឹង​ជំរុញ​ការងារ​កកស្ទះ​ចុះបញ្ជី​ដីធ្លី ទប់ស្កាត់​ការបំពាន​ដី​រដ្ឋ ការបំពាន​ដីធ្លី​ពលរដ្ឋ ទប់ស្កាត់​ការសង់​សំណង់​ខុសច្បាប់ ការពារ​បរិស្ថាន​សំណង់ និង​បន្តការងារ​បែងចែក​ដី​ធ្លី​ជូន​ពលរដ្ឋ​ក្រីក្រ យោធិន ព្រមទាំង​បន្ត​ពង្រឹង​កា​ងារ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ 
 
​ចំណែកឯ​រដ្ឋមន្ត្រី​មួយរូប​ទៀត​ដែលមាន​ប្រជាប្រិយភាព​ដែរនោះ គឺ លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដែល​ត្រូវ​រដ្ឋាភិបាល​តែងតាំង ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណៈ និង​ដឹកជញ្ជូន​។ នៅក្នុង​ពិធី​ផ្ទេរតំណែង​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន នៅ​រសៀល​ថ្ងៃទី​៦​ខែមេសា លោក ស៊ុន ចាន់ថុល បានប្រកាសថា លោក​មាន​ផែនការ​១​រយ​ថ្ងៃ ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​កែទម្រង់​សេវាសាធារណៈ​នៅក្នុង​ក្រសួង​ថ្មី ដែល​លោក​ទើប​ចូលកាន់​តំណែង​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។   បញ្ហា​ឆៀករថយន្ត បណ្ណ​សម្គាល់​យានយន្ត និង​បណ្ណ​បើកបរ គឺជា​ការងារ​អាទិភាព​របស់ លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្មី​រួប​នេះ ត្រូវ​ដោះស្រាយ​មុនគេ​។ 
 
​នៅក្នុង​ក្រសែភ្នែក​អ្នកវិភាគ​វិញ បាន​មើលឃើញ​ពី​ភាព​វិជ្ជមាន​សម្រាប់​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​សាធារណការ​ដែរ​។  អ្នកវិភាគ​នយោបាយ លោក មាស នី យល់ឃើញថា ការផ្លាស់ប្តូ​រលោក ស៊ុន ចាន់ថុល មក​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណៈ និង​ដឹកជញ្ជូន​ពេលនេះ ជា​ចំណុច​ល្អ​មួយ​ដែល​អាចជួយ​ដោះស្រាយ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ច្រើនជាង​រដ្ឋមន្ត្រី​ចាស់ ព្រោះ​រដ្ឋមន្ត្រី​រូបនេះ មានបទពិសោធន៍​ច្រើន​ក្នុងការ​ដឹកនាំ​ក្រសួង​នេះ​។ អ្នកវិភាគ​រូបនេះ ក៏បាន​សម្លឹង​ឃើញ​លោក ជា សុផារ៉ា ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍ​ជនបទ ត្រូវ​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ដែរ​។ លោក​ថា លោក ជា សុផារ៉ា នឹង​អាចជួយ​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី និង​ផ្ទះសម្បែង​ប្រ ជា​ពលរដ្ឋ​បាន​ច្រើន ព្រោះ​រដ្ឋមន្ត្រី​រូបនេះ​ក៏​ជា​អតីត​អភិបាលក្រុង ដែល​បានរៀបចំ​របៀបរៀបរយ និង​ដោះស្រាយ​បញ្ហា​សង្គម​បានល្អ​កន្លងមក​ដែរ​៕

Tag:
 ចូលឆ្នាំ​ខ្មែរ​
  ជា សុផារ៉ា​
  ស៊ុន ចាន់ថុល​
  ហង់ ជួន ណា​រ៉ុ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com