ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជូ​ង ជូ​ងី នឹងដាក់​ពាក្យ​ស្នើ​តុលាការ​ដោះលែង​លោក អ៊ុំ សំអាន នៅ​ចុង​សប្តាហ៍​នេះ​
18, Apr 2016 , 2:28 pm        
រូបភាព
ដោយ: ថ្មីៗ
 
​មេធាវី​ការពារ​ក្តី​របស់លោក អ៊ុំ សំអាន នឹងដាក់​ពាក្យ​ទៅ​តុលាការ​នៅ​ចុង​សប្តាហ៍​នេះ សុំ​ឲ្យ​ដោះលែង​លោក អ៊ុំ សំអាន​។ លោក អ៊ុំ សំអាន ដែល បាន​បញ្ជូនទៅ​ពន្ធនាគារ​ព្រៃ​សរ នៅ​ថ្ងៃទី​១២​ខែមេសា ជាប់ចោទ​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​តាម​មាត្រា​៤៩៥​និង​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​។​



​លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​របស់លោក អ៊ុំ សំអាន នឹងដាក់​ពាក្យ​ទៅ​តុលាការ ស្នើសុំ​ឲ្យ​ដោះលែង​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប នៅ​ចុង​សប្តាហ៍​នេះ ។ លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​របស់លោក អ៊ុំ សំអាន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​១៨​ខែមេសា​នេះ​ថា​៖«​ខ្ញុំ​នឹងដាក់​ពាក្យស្នើសុំ​ដោះលែង​គាត់​ទៅ​តុលាការ នៅ​ចុង​សប្តាហ៍​នេះ​»​។  
 
​ក្រៅពី​ស្នើ​ឲ្យ​តុលាការ​ដោះលែង​លោក អ៊ុំ សំអាន លោក ជូ​ង ជូ​ងី ក៏​នឹង​ស្នើ​ឲ្យ​តុលាការ​ទម្លាក់ចោល​បទ​ចោទ​លើ​កូនក្តី​របស់ខ្លួន​ផងដែរ ដោយ​លោក​អះអាងថា ការចោទប្រកាន់​របស់​តុលា​ការមិន​ត្រឹមត្រូវ ហើយ​កូនក្តី​គាត់​ជា​តំណាងរាស្ត្រ​ដែលមាន​អភ័យឯកសិទ្ធិ​។ បើតាម​មេធាវី​រូបនេះ ទាំង​សំណើសុំ​ដោះលែង និង​ទម្លាក់ចោល​បទ​ចោល នឹងត្រូវ​ធ្វើជា​បន្តបន្ទាប់​។​
 
​សូមបញ្ជាក់ នៅក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា កាលពី​ថ្ងៃទី​១២​ខែមេសា សភា​បានសម្រេច​ឲ្យ​តុលា​ការបន្ត​នីតិវិធី​លើ​លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​។ ការសម្រេច​នេះ ធ្វើឡើង​ដោយ​គ្មាន​វត្តមាន​សមាជិកសភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​។  
 
​លោក អ៊ុំ សំអាន ត្រូវបាន​អាជ្ញាធរ​បញ្ជូន​ខ្លួន​ទៅកាន់​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃទី​១២​ខែមេសា​ដដែល បន្ទាប់ពី​លោក តុ​ប ឈុន​ឡេង ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីការ​បង្គាប់​ឲ្យ​ឃុំខ្លួន និង​ដាក់​ក្រោម​ការត្រួតពិនិត្យ​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​តាម​មាត្រា​៤៩៥​និង​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​។ លោក អ៊ុំ សំអាន ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​កាលពី​ម៉ោង​១២​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១១​មេសា នៅក្នុង​ខេត្តសៀមរាប​៕

Tag:
 អ៊ុំ សំអាន​
 ​ជូ​ង ជូ​ងី​
 ​ផែនទី​
© រក្សាសិទ្ធិដោយ thmeythmey.com