ពីនេះ ពីនោះ
​ចូលឆ្នាំ​ខ្មែរ កូន​បែរ​ធ្វើ​ឲ្យ​ឪពុក​អ្នក​ម្ដាយ​ស្រក់​ទឹកភ្នែក
19, Apr 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មាតាបិតា​គឺជា​ព្រះ​រស់​សម្រាប់​កូនប្រុស​ស្រី​ទាំងឡាយ​។ កូនប្រុស​ស្រី​ទាំងឡាយ​មានជីវិត មាន​សុខ​ភាពល្អ រស់នៅក្នុង​ភាពថ្លៃថ្នូរ មាន​សុខ​សុភមង្គល មាន​ស្នាមញញឹម​ក្នុង​ជីវិត​ក៏​អាស្រ័យ​លើ​គុណ​របស់លោក​ទាំងពីរ​។ ចុះ​តើ​លោក​បានផ្ដល់​អ្វីខ្លះ​ដល់​កូនៗ​ទាំងឡាយ​? តើ​កូនៗ​ទាំងឡាយ​ចាំបាច់​ទេ​ក្នុងការ​តបស្នង​នូវ​គុណោបការៈ​របស់លោក​ទាំង​ទ្វេរ​?



​កូនប្រុស​ស្រី​ទាំងឡាយ​អ្នក​ត្រូវ​ដឹងថា មាតាបិតា គឺជា​អ្នក​ដែល​បាន​ផ្ដល់កំណើត​ឲ្យ​កូនប្រុស​ស្រី​មានជីវិត​នៅលើ​លោក​នេះ ហើយក៏​ជា​បុគ្គល​ដែល​ស្ម័គ្រចិត្ត ចូលខ្លួន​មក​ធ្វើជា​អ្នកបម្រើ​កូនៗ​ប្រុស​ស្រី​របស់លោក​ដែរ​។ មាតាបិតា​គឺជា​អ្នក​ដែល​ផ្ដល់នូវ​កិត្តិយស​គ្រប់បែបយ៉ាង​ដល់​កូន ព្រោះថា អ្វី​គ្រប់យ៉ាង​ប្រសិនបើ​គ្មាន​ការរៀបចំ​ពី​មាតាបិតា ទេ​កូនៗ​មិនអាច​ទទួលបាន​កិត្តិយស​នោះដែរ គឺ​ចាប់តាំងពី​ការចាប់ផ្ដើម​ជីវិត​របស់​កូនប្រុស​ស្រី​ទាំងឡាយ​ទាំងពួង គឺ​លោក​បានរៀបចំ​គ្រប់បែបយ៉ាង ទៅតាម​លទ្ធភាព​របស់​លោក​អាច​ធ្វើបាន​។ មាតាបិតា​គឺជា​ព្រះ​របស់​កូន ដែល​កូនប្រុស​ស្រី​ត្រូវតែ​គោរព​ប្រណិប័តន៍​។

​មាតាបិតា​គឺជា​កងការពារ​របស់​កូន ចិញ្ចឹម​កូន ថ្នាក់ថ្នម​រក្សា​កូន  មិន​ថា​នៅក្នុង​កាលៈទេសៈ​យ៉ាងណាក៏ដោយ គឺ​លោក​ទាំងពីរ​មានមុខ​ចេញ​ជានិច្ច​ក្នុង​កិច្ចការ​ទាំងនេះ​។ មាតាបិតា​ជាឃ្លាំង​ប្រាក់​សម្រាប់​កូនប្រុស​ស្រី​ទាំងឡាយ​។       លោក​គឺជា ជា​គ្រូពេទ្យ ព្យាបាល​ជំងឺ​ដួងចិត្ត ជំងឺ​ឯការ ជំងឺ​ខ្វះ​ភាពកក់ក្ដៅ ជំងឺ​បាក់​ទឹកចិត្ត យ៉ាង​មាន​ប្រសិទ្ធភាព​។   មិនតែប៉ុណ្ណោះ​មាតាបិតា​ជា​គ្រូអាចារ្យ ដែល​តែងតែ​អប់រំ បង្ហាត់បង្ហាញ ដល់​កូនប្រុស​ស្រី​ទាំងឡាយ​ឱ្យ​ចេះ​និយាយ ឱ្យ​ចេះ​ដើរ ចេះ​ឈរ ចេះ​ស្លៀកពាក់ ទៅតាម​សភា​ពនៃ​វ័យ​របស់​កូនៗ​។​

​លោក​សុខចិត្ត​លះបង់​សេចក្ដីសុខ​ផ្ទាល់ខ្លួន  ក្នុង​ជីវិត​ជា​អ្នក​តាម​បម្រើ​ថែរក្សា​កូន ប៉ុន្តែ​លោក​ទាំង​ទ្វេរ​មិនដែល​ថ្ងូរ​ថា​លំបាក និង​បាត់បង់​សេចក្ដីសុខ​ខ្លួនឯង​ឡើយ ឲ្យ​តែ​កូន​របស់លោក​មាន​សេចក្ដីសុខ បើទោះបី​លោក​ត្រូវ​ស្ថិតនៅ​កណ្ដាល​ថ្ងៃ​ក្ដៅ​ហួតហែង​យ៉ាងណា ភ្លៀង​ផ្គរ​រន្ទះ ទោះ​លោក​ត្រូវ​សម្រក់​ទឹកភ្នែក​រាប់លាន​ដំណក ញើស​លោក​ហ៊ូរ​ដូច​ទឹក ក៏​លោក​មិន​រុញ​រា​ក្នុងតួនាទី​ជា​មាតាបិតា​ឡើយ​។​

​ផ្ទុយទៅវិញ ក្នុងកំឡុងពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ មានកូន​ខ្មែរ​ច្រើនណាស់​ដែល​បានធ្វើ​ឲ្យ​ឪពុកម្ដាយ​ខ្លួន​ស្រក់​ទឹកភ្នែក ព្រួយបារម្ភ និង​ទទួលបាន​ពាក្យ​តិះដៀល​ថា មានកូន​ឥត​ពូជ​ជាដើម​។ ការទទួលបាន​ពាក្យ​បែបនេះ​ព្រោះតែ​កូនៗ​ខ្មែរ​មួយចំនួន​បាន​យក​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ជា​ថ្ងៃ​ផឹក​គ្រឿង​ស្រវឹង បើកបរ​គ្មាន​គិត​គោរព​ច្បាប់ ឈ្លោះប្រកែក​គ្នា កាប់​ចាក់​គ្នា ជាពិសេស​នៅតាម​ស្រុកស្រែ​ចំការ​។ អ្វីដែល​ធ្វើ​ឪពុកម្ដាយ​មួយចំនួន​កាន់តែ​ឈឺចាប់​នោះ​គឺ មាន​យុវជន​ខ្លះ​មានចំណេះដឹង​តិច​តូច ចាប់ផ្ដើម​មើលងាយ​ឪពុកម្ដាយ​ខ្លួនឯង យុវជន​ខ្លះ​មិន​ស្ដាប់​សម្ដី​ទូន្មាន​ឪពុកម្ដាយ រហូត​មាន​អ្នកខ្លះ​ជេ​ប្រមាថ​ឪពុកម្ដាយ​ខ្លួនឯង​ទៅទៀត​។​

​តាមពិតទៅ គ្រប់​អ្នកមានគុណ​ទាំងអស់​ប្រហែល​មិន​ទាមទារ​ឲ្យ​កូន​ខ្លួនឯង​មក​តបស្នង​គុណ​របស់លោក​ដែល​បាន​បូជា​ទាំង​កម្លាំងកាយ​ចិត្ត​ទៅលើ​កូនៗ​ទេ​។ លោក​គ្រាន់តែ​ចង់ឃើញ​កូនលោក​ជា​មនុស្ស​ល្អ មានតម្លៃ នោះ​ប្រហែលជា​ក្ដី​ប្រាថ្នា​ដ៏​សំខាន់​សម្រាប់​លោក​។ ប៉ុន្តែ​ជាក់ សូម្បីតែ​បំណង​តូច​មួយ​របស់លោក ក៏​កូន​ខ្មែរ​មួយចំនួនធំ​មិនអាច​ធ្វើបាន​។​

​ហេតុនេះ​ចូល​កុលបុត្រ​កុលធីតា​ទាំងឡាយ មេត្តា​កុំ​ធ្វើ​ឲ្យ​ទឹកភ្នែក​អ្នកមានគុណ​របស់​អ្នក ស្រក់​ចុះ​ព្រោះតែ​អំពើ​បាប​របស់​អ្នក​។ ចូល​អ្នក​កុំ​ធ្វើ​ឲ្យ​លោក​ទាំងពីរ​ដេក​ព្រួយ​ព្រោះតែ​ទង្វើ​និង​សកម្មភាព​របស់​អ្នក​។ ចូល​កុំ​ធ្វើ​ឲ្យ​លោក​ទាំងពីរ​ខ្មាស់​គេ​ព្រោះតែ​ឥរិយាបថ​និង​ពាក្យសម្ដី​របស់​អ្នក​។ ចូល​អ្នក​កុំ​ធ្វើ​ឲ្យ​ការលះបង់ របស់លោក​ក្លាយទៅជា​ការលះបង់​ដែល​គ្មាន​ន័យ​។ ជាពិសេស​ទៅទៀត​នោះ គឺ​ចូល​កុំ​ឲ្យ​ជីវិតចុងក្រោយ​របស់​ឪពុកម្ដាយ​អ្នក ធ្វើដំណើរ​ទៅ​ទាំង​មិនដែល​បាន​ស្គាល់​ថា អ្វី​ទៅជា​ភាពសប្បាយ​រីករាយ​ក្នុង​ជីវិត និង​ការ​លាចាក​លោក​ទៅ​ទាំង​បិទ​ភ្នែក​មិន​ជិត​។ ផ្ទុយទៅវិញ ចូល​កូនប្រុស​ស្រី​ទាំងឡាយ​ត្រូវ​ធ្វើការ​តបស្នង​គុណ​របស់លោក​វិញ ទៅតាម​លទ្ធភាព​ដែល​ខ្លួន​អាចធ្វើ​បាន សំខាន់​គឺ​មិន​ធ្វើ​ឲ្យ​លោក​ស្រក់​ទាំង​ភ្នែក​។ ប៉ុន្តែ​ត្រូវធ្វើ​ឲ្យ​លោក​សប្បាយចិត្ត និង​មាន​មោទនភាព​ចំពោះ​ការលះបង់​របស់លោក​។​


© រក្សាសិទ្ធិដោយ thmeythmey.com