កីឡាជាតិ
ជាតិ
ក្រោយ​បាន​សិទ្ធិ​ចូលរួម​អូឡាំពិក ស៊ន សៀវ​ម៉ី ឈ្នះ​មេដាយប្រាក់​មួយទៀត​នៅ​ហ្វីលីពីន
19, Apr 2016 , 11:10 am        
រូបភាព
ដោយ:
 
​កីឡាការិនី​តេ​ក្វាន់​ដូ​ជម្រើសជាតិ ស៊ន សៀវ​ម៉ី បន្ទាប់ពី​ឈ្នះ​មេដាយមាស និង​ទទួលបាន​សិទ្ធ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក (Olympic Games 2016) នៅ​ប្រទេស​ប្រេ​ស៊ី​ល​ កីឡាការិនី​រូបនេះ បានឈ្នះ​មេដាយប្រាក់​មួយទៀត នា​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ជើងឯក​ទី្វ​ប​អាស៊ី​ឆ្នាំ​២០១៦ នៅ​ប្រទេស​ហ្វីលីពីន កាលពី​រាត្រី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៦ ។​

 
​កីឡាការិនី​តេ​ក្វាន់​ដូ​ជម្រើសជាតិ​កម្ពុជា ស៊ន សៀវ​ម៉ី បានឈ្នះ​មេដាយប្រាក់​មួយគ្រឿង​ទៀត ក្រោយពី​ចាញ់​កីឡាការិនី​កូរ៉េខាងត្បូង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ នា​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ជើងឯក​ទ្វីបអាស៊ី ( ASIAN TAEKWONDO CHAMPIONSHIPS 2016 ) ក្នុង​ទីក្រុង Manila ប្រទេស​ហ្វីលីពីន កាលពី​យប់មិញ​នេះ​។ 
 
​នេះ​ជា​មេដាយ​ទី​ពីរ​ហើយ​សម្រាប់​កីឡាការិនី​តេ​ក្វាន់​ដូ​ជម្រើសជាតិ​ម្នាក់នេះ​ដែល​ដណ្តើមបាន​ពី​ការប្រកួត​ជើងឯក​ទ្វីបអាស៊ី ក្នុង​ទីក្រុង Manila ប្រទេស​ហ្វីលីពីន​នេះ ដោយ​កាលពី​ថ្ងៃទី​១៦ ខែមេសា រូបគេ​បានឈ្នះ​មេដាយ​មួយ​ក្រោយពី​យកឈ្នះ​កីឡាការិនី​តា​ហ្ស៊ី​គី​ស្ថាន Mokhru Khalimova ដោយ​ពិន្ទុ ២-១ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ រួច​បាន​បន្ត​យកឈ្នះ​លើ​កីឡាការិនី​ជើង​ខ្លាំង​របស់​ម្ចាស់ផ្ទះ​ហ្វីលីពីន Kirstie Alora ដោយ​ពិន្ទុ ៥-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។  
 
​គួរ​បញ្ជាក់ថា ការ​ឈ្នះ​មេដាយមាស របស់​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី នេះ គឺជា​ការ​សាង​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ជូន​មាតុភូមិ​កម្ពុជា ព្រោះ​កម្ពុជា​ទទួលបាន​សិទ្ធ​ពេញលេញ​សម្រាប់​ការចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Olympic Games 2016 នៅ​ប្រទេស​ប្រេ​ស៊ី​ល ដោយ​មិនបាច់​ប្រើ Wild Card៕ 
 

Tag:
 តេ​ក្វាន់​ដូ​
 Olympic Games
  ស៊ន សៀវ​ម៉ី
© រក្សាសិទ្ធិដោយ thmeythmey.com