ពីនេះ ពីនោះ
ប្រាំ​ចំណុច​ដែល​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​បុគ្គល​គំរូ
20, Apr 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការរស់នៅ​ល្អ​របស់​បុគ្គល​ម្នាក់ គឺអាច​សម្រេចបាន​ដរាបណា​បុគ្គល​នោះ​ស្គាល់​ខ្លួនឯង ហើយ​ប្រកាន់ខ្ជាប់​នូវ សីលធម៌ គុណធម៌ កតញ្ញូ ទៅតាម​កាតព្វកិច្ច​រប​ស់​ខ្លួន​។ ចំណែក​ទស្សនវិទូ​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ចិន​បុរាណ លោក​ខុង ជឺ អះអាងថា​«​មនុស្ស​ត្រូវការ​គំរូ និង​វិន័យ​ដើម្បី​ការរស់នៅ​»​។ ខុង​ជឺ បញ្ជាក់ថា ម្នាក់ៗ​ត្រូវ​ប្រកាន់​ខ្ចា​ប់​នូវ​គោលការណ៍​ប្រាំ​ចំណុច​ដើម្បី​ក្លាយខ្លួនជា​បុគ្គល​គំរូ​៖



១/. ជា​បុគ្គល​ដែលមាន​មេត្តាធម៌ នោះ​គឺ​មានន័យថា ត្រូវតែ​ជា​បុគ្គល​ដែល​តែងតែ​គិត​ជាមុន នូវ​អ្វី​ដែលជា​អំពើ​ល្អ​ដល់​អ្នក​ដែល​នៅ​ជុំវិញខ្លួន ព្រមទាំង​សាប​ព្រួស​នូវ​សកម្ម​ភាំ​ព​មេត្តាធម៌​ដល់​មនុស្ស​ទូទៅ​នៅក្នុង​សង្គម​ដែល​ខ្លួន​រស់នៅ​។​

២/. ជា​បុគ្គល​ដែលមាន​ភាព​ម៉ឹងម៉ាត់ នោះ​គឺ​មានន័យថា ជា​បុគ្គល​ដែល​មិន​ធ្វើ​នូវ​កិច្ចការ​ណា​ដែល​ខ្លួន​មិន​ចង់​ធ្វើ បើទុកជា​អ្នក​ឋិត​នៅក្នុង​តមណែង​នោះ​។ មាន​ភាពរឹងមាំ​ក្នុង​ការធ្វើ​សេចក្ដីសម្រេចចិត្ត​ផ្សេងៗ​។

៣/. ជា​បុគ្គល​ដែលមាន​ភាពស្មោះត្រង់ គឺជា​បុគ្គល​ដែល​តែងតែមាន​ភាពស្មោះត្រង់ និង​គោរព​ភារកិច្ច​របស់ខ្លួន​ដែល​ត្រូវធ្វើ​។​

៤. ជា​បុគ្គល​ដែល​ប្រកបដោយ​បញ្ញា នោះ​គឺ​មានន័យថា ជា​បុគ្គល​ដែល​ដឹកនាំ​ខ្លួនឯង​ដោយ យក​មាគ៌ា​ពុទ្ធិ ចំណេះដឹង និង​វិចារណញ្ញាណ​ជា​ប្រធាន​ក្នុងការ​គ្រប់គ្រង​ជីវិត​។​

៥/. ជា​បុគ្គល​ដែលមាន​នូវ​សច្ចធម៌ នោះ​គឺ​មានន័យថា ជា​បុគ្គល​ដែល​មិន​ប្រកាន់យក​មាគ៌ា​វេច​វេរ តែ​ត្រូវតែ​ជា​បុគ្គល​ដែល​ប្រកាន់​មាគ៌ា​ច្បាប់​ជា​គោល​។​

​ជារួម មេត្តាធម៌ ភាព​ម៉ឹងម៉ាត់ ភាពស្មោះត្រង់ បញ្ញា និង​សច្ចធម៌ គឺជា​គោលការណ៍​ទាំង​ប្រាំ​ដែល​ខុង​ជឺ​យល់ឃើញថា​អាចជួយ​ដឹកនាំ​បុគ្គល​ម្នាក់​ក្លាយជា​ជន​គំរូ និង​មានតម្លៃ​នៅក្នុង​សង្គម​។​

​ដកស្រង់​ពី​សៀវភៅ​៖ (​ទស្សនវិជ្ជា​, សាស្ត្រាចារ្យ​ទស្សនវិជ្ជា ប៉ាន់ វុត្ថា​)


© រក្សាសិទ្ធិដោយ thmeythmey.com