កីឡាជាតិ
ជាតិ
ម្ចាស់​មេដាយប្រាក់​ជើងឯក​អាស៊ី​ដឹកនាំ​កីឡាករ​កាយ​វប្បកម្ម​ចូលរួម​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​ថៃ​
20, Apr 2016 , 7:39 am        
រូបភាព
ដោយ:
 
​អតីត​ម្ចាស់​មេដាយប្រាក់​ជើងឯក​អាស៊ី សុខ សុ​ភ័​ក្រ នឹង​ដឹកនាំ​កីឡាករ​កាយ​វប្បកម្ម​របស់​កម្ពុជា​ចំនួន​៤​រូប​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​កាយ​វប្បកម្ម​អាស៊ីអាគ្នេយ៍​(South-East Asian Bodybuilding And Phyique Sports Ferderation) លើក​ទី​១៣ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃទី​២១ ដល់ ២៥ ខែមិថុនា ខាងមុខនេះ​។ នេះ​បើ​យោងតាម​លិខិត​ឧទ្ទេសនាម​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា កាលពី​ថ្ងៃទី​១៨ ខែមេសា​។  

 
​អតីត​ម្ចាស់​មេ​ប្រាក់​កីឡា​កាយ​វប្បកម្ម និង​រាងកាយ​ជើងឯក​អាស៊ី​លើក​ទី​៤៧ នៅ​ឆ្នាំ​២០១៣ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម សុខ សុ​ភ័​ក្រ ដែល​បច្ចុប្បន្ន​ជា​គ្រូបង្វឹក នឹង​ដឹកនាំ​កីឡាករ​កាយ​វប្បកម្ម​ចំនួន​៤​រូប​រួមមាន តឹក ប៊ុន​វី​, ណុំ សុ​បិ​ន្ត​, ទ្រឹង ចិន និង ចាប វ៉ាន់​នី ចូលរួម​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍ លើក​ទី​១៣ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ដល់ ២៥ ខែមិថុនា ខាងមុខនេះ ក្រោម​ការដឹកនាំ​របស់ លោក ស៊ឹម សុក​មង្គល​រស្មី ប្រធាន​ប្រតិភូ​។  
 
​កីឡាករ​កម្ពុជា​ទាំងនេះ​នឹងធ្វើ​ការប្រកួតប្រជែង​ជាមួយ​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​១០​ប្រទេស​ផ្សេងទៀត លើ​វិញ្ញាសា​ប្រកួត​សម្តែង និង​ដើរ​ម៉ូត​។​
 
​គួរ​បញ្ជាក់ថា អតីត​កីឡាករ​លេង​សាច់ដុំ សុខ សុ​ភ័​ក្រ បានធ្វើ​ឲ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល និង​មើលឃើញ​ពី​ការរីកចម្រើន​នៃ​វិស័យ​កីឡា​កាយ​វប្បកម្ម​កម្ពុជា បន្ទាប់ពី​រូបគេ​បានឈ្នះ​មេដាយប្រាក់​ជា​ប្រវត្តិសាស្ត្រ នៅក្នុង​ការប្រកួត​កីឡា​កាយ​វប្បកម្ម និង​រាងកាយ​ជើងឯក​អាស៊ី​លើក​ទី​៤៧​ឆ្នាំ​២០១៣ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ដែលមាន​ប្រទេស​ចូលរួម​ប្រកួត​ចំនួន​២៨​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​៕
 
 

Tag:
 កាយ​វប្បកម្ម​
 ​ជើងឯក​អាស៊ីអាគ្នេយ៍​
© រក្សាសិទ្ធិដោយ thmeythmey.com