ពីនេះ ពីនោះ
តើ​រវាង​បុព្វ​ជិត​និង​គ្រហស្ថ ត្រូវមាន​គុណធម៌​លើ​គ្នា​ដូចម្ដេចខ្លះ​?
21, Apr 2016 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បុព្វ​ជិត គឺជា​បុគ្គល​ដែលជា​ភ្នាក់ងារ​របស់​សាសនា​ក្នុង​ការរក្សា ការពារ និង​ផ្សព្វផ្សាយ​អំពី​ធម៌​វិន័យ របស់​សាសនា​។ ចំណែក​គ្រហស្ថ​គឺជា​ជន​ដែលមាន​ជំនឿ ជឿ​លើ​សាសនា​នានា ទៅតាម​ការយល់ឃើញ និង​ការគោរព​របស់ខ្លួន ចំពោះ​សាសនា ក៏ដូចជា​ភ្នាក់ងារ​របស់​សាសនា​ដែលជា​បុព្វ​ជិត​។ ប៉ុន្តែ​ក្នុង​បុព្វហេតុ​នៃ​ការផ្សព្វផ្សាយ និង​ជឿ​រវាង​បុព្វ​ជិត និង​គ្រហស្ថ​ក៏ត្រូវ​តែមាន​គុណធម៌​ផ្ដល់​ឲ្យ​គ្នា​ទៅវិញទៅមក​ផងដែរ​។ តើ​អ្វី​ជា​គុណធម៌​ដែល​បុព្វ​ជិត និង​គ្រហស្ថ​ត្រូវ​ផ្ដល់​ឲ្យ​គ្នា​?



​ក្នុងនាម​ជា​បុព្វ​ជិត ត្រូវតែ​ព្យាយាម​បំពេញ​នូវ​គុណធម៌​មួយចំនួន​ចំពោះ​គ្រហស្ថ​ដូចជា​៖ ត្រូវ​ព្យាយាម​សង្រួមកាយ វាចា ចិត្ត របស់ខ្លួន ឲ្យ​សមជា​បុគ្គល​ដែល​គួរ​ជាទីគោរព​ប្រណិប័តន៍​ក្នុង​សាសនា ចំពោះ​គ្រហស្ថ​ទាំងឡាយ ក៏ដូចជា​សាធារណជន​ទូទៅ ។ នោះ​គឺ​មានន័យថា ជា​ជន​ដែល សមជា​បុគ្គល ផ្សព្វផ្សាយ ធម៌ គម្ពី​។ ក្នុងនោះ​ផងដែរ បុព្វ​ជិត​ត្រូវ​ផ្ដល់​ឱវាទ​ល្អៗ ដើម្បី​បង្រៀន និង​ប្រៀនប្រដៅ​ដល់​សាធារណជន និង​ធ្វើជា​គំរូ​ដល់​ប្រជាជន​។ ត្រូវធ្វើ​ការផ្សព្វផ្សាយ និង​បំភ្លឺ​ព្រះធម៌ កសាង​ទី​អារាម​សម្រាប់​ជា​ប្រយោជន៍​ដល់​សាធារណជន ដឹកនាំ​ពិធី​កម្ម​សាសនា​នានា ព្រមទាំង​ប្រកាន់ខ្ជាប់​ឲ្យ​បាន​នូវ​ព្រហ្មវិហា​ធម៌​ទាំង​បួន​គឺ មេត្តា ករុណា មុទិតា និង​ឧបេក្ខា ព្រមទាំង​ទសពិធរាជធម៌​។

​ផ្ទុយ​មកវិញ ក្នុងនាម​ជា​គ្រហស្ថ​ក៏ត្រូវ​តែមាន​ភារកិច្ច និង​តួនាទី​ក្នុងការ​តបស្នង​ទៅវិញ​នូវ​គុណធម៌​របស់ខ្លួន​ចំពោះ​បុគ្គល​ដែលមាន​ភារៈ​ដឹកនាំ​សាស​នា ដែលជា​បុព្វ​ជិត នោះ​ផងដែរ​។ ហេតុដូចនេះ ក្នុងនាម​ជា​គ្រហស្ថ ត្រូវបំពេញ​នូវ​គុណធម៌​របស់ខ្លួន​មួយចំនួន​ដូចជា​៖ ត្រូវ​តាំងចិត្ត​ខ្ពស់​ក្នុង​ការគោរព​ដោយ កាយ វាចា ចិត្ត​ចំពោះ​បុព្វ​ជិត​។ ត្រូវ​ព្យាយាម​ដើរ​តាម​គន្លង​ឱវាទ​ដែល​ល្អៗ និង​ផ្គត់​ផ្គង​ចតុបច្ច័យ​ចំពោះ​លោក​។ ត្រូវ​ព្យាយាម​យកចិត្តទុកដាក់ ព្យាយាម​សិក្សា និង​ធ្វើខ្លួន​ឲ្យ​ក្លាយជា​មនុស្ស​ល្អ​តាម​មាគ៌ា​សាសនា​។ ត្រូវ​ចូលរួម​ផ្គត់​ផ្គង​ការកសាង ជួយ​ថែរក្សា ការពារ​សម្បត្តិ​ក្នុង​សាសនា មាន​ភក្ដីភាព​ជំនឿ និង​ការចូលរួម​ដោយ​សទ្ធា​ជ្រះថ្លា​។ បន្ថែម​ពី​នោះ​ទៀត ក្នុងនាម​ជា​គ្រហស្ថ​ក៏ត្រូវ​ប្រកាន់យក ទាន់ សីល បរិច្ចាគ អាជ្ជវៈ ម​ទ្ទ​វៈ តបៈ អ​ក្កោ​ធៈ អវិហិង្សា ខន្តី អវិរោធនៈ ជាប់​ជាប្រចាំ​ដើម្បី​កសាង​ខ្លួន​ឲ្យ​ក្លាយជា​បុគ្គល​ល្អ​ក្នុងសង្គម​សាសនា និង​សង្គមជាតិ​។​

​ហេតុដូចនេះ ទោះបីជា​គ្រហស្ថ ឬ​បុព្វ​ជិត គឺ​ត្រូវតែ​មាននូវ​គុណធម៌​ជាប់​ខ្លួន​ដើម្បី​ផ្ដល់​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​ឲ្យ​មាន​ភាពកក់ក្ដៅ​នៅក្នុង​ការផ្សព្វផ្សាយ​ធម៌ គម្ពី និង​មាន​ភាពកក់ក្ដៅ​នៅក្នុង​ជំនឿ​ចំពោះ​សាសនា​តាមរយៈ​បុព្វ​ជិត ឆ្ពោះទៅរក​ការកសាង​សង្គម​មួយ​ដោយ​ស្មារតី​បរិសុទ្ធ​៕


© រក្សាសិទ្ធិដោយ thmeythmey.com