ពីនេះ ពីនោះ
កំណាព្យ​របស់​កវី គ​ង្គ ប៊ុន​ឈឿន​៖ ជំងឺ​ល្មោភ​ស្រា
20, Apr 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
(​បទ​៖​កាកគតិ​)



​នៅ​ទីក្រុង​ខ្មែរ               ឃើញ​មាន​ហូរហែរ            តែ​ហាង​លក់​ស្រា​
​សម្បូរ​ណ៍​អ្នក​ផឹក              ស្រវឹង​ឡូឡា               ខ្មែរ​ឆ្កួត​នឹង​ស្រា
​មិនតិច​លាន​នាក់​។​

​មុន​ផឹក​ល្អជា               សុភាព​ឫកពារ               គួរ​រាប់​រាក់ទាក់​
​លុះ​ពេល​ស្រវឹង          ប្រែក្លាយជា​យក្ស            ហត់​លោត​ទាត់​ធាក់​
​មិត្តភក្តិ​គ្នាឯង​។​

​អ្នកកាន់អំណាច             ខ្លះ​ស្រវឹង​កាច          បាញ់បោះ​ឥត​ក្រែង​
​ល្មើស​បំពាន​ច្បាប់           សម្លាប់​គ្នាឯង          ខូចខ្លួន​ទាំង​ក្មេង​
​បើ​វង្វេង​ស្រា​។

​គ្មាន​ចំណេញ​សោះ             បាន​ត្រឹម​ខូច​ឈ្មោះ              អាប់យស​សក្តា​
​ស្រវឹង​ជានិច្ច            ភ្លេច​រឿង​ខេមរា             នឹក​ឃើញតែ​ស្រា​
​ធ្វើការ​មិន​នឹង​។​

​សង្គម​ប្រមឹក            ខួរក្បាល​ស្ពោធ​ស្ពឹក            ភ្លេច​អស់​ព្រលឹង​
​គេ​ធ្វើ​ឲ្យ​ខ្មែរ              គិតតែ​ស្រវឹង             គួរតែ​ខ្មែរ​ប្រឹង​
​លះបង់​ចោល​ចេញ​។

​ស្រវឹង​ដល់​ណា         ពេលនេះ​ខេមរា        កំពុង​ទោម្នេញ​
​យើង​ផឹក​សប្បាយ     នៅ​ក្រុងភ្នំពេញ      ឯ​អ្នកស្រែ​វិញ​
​មាន​អ្នក​ដាច់ពោះ​! ១០.១០.០១

​ប្រភព​៖ កម្រង​កំណាព្យ​ទស្សនៈ​«​ជំងឺ​ខ្មែរ​»​របស់​កវី​ដងស្ទឹង​សង្កែ លោក គ​ង្គ ប៊ុន​ឈឿន 


Tag:
 គ​ង្គ ប៊ុន​ឈឿន​
© រក្សាសិទ្ធិដោយ thmeythmey.com