អន្តរជាតិ
រញ្ជួយ​ដី​អេ​ក្វា​ឌ័​រ​៖ ប្រជាជន​ខឹង​ក្រុម​សង្គ្រោះ​ព្រោះ ជិត​២​ពាន់​នាក់​បន្ត​បាត់​ខ្លួន​
20, Apr 2016 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អាជ្ញាធរ​អេ​ក្វា​ឌ័​រ​បាន​អះអាងថា មនុស្ស ជិត ២​ពាន់​នាក់​ទៀត​នៅ​បាត់​ខ្លួន​នៅឡើយ​ក្រោយ​គ្រោះមហន្តរាយ​រញ្ជួយ​ដី​កើតឡើង​កាលពី​សប្តាហ៍​មុន​។ មនុស្ស​ស្លាប់​កើន​ដល់​៤៨០ ហើយ​ប្រជាជន​ជាច្រើន​បង្ហាញ​ការខឹង​សម្បារ​ចំពោះ​ក្រុម​សង្គ្រោះ​ដែល​យឺតយ៉ាវ​ក្នុងការ​សង្គ្រោះ​មនុស្ស​កប់​ក្រោម​អាគារ​។



​គ្រោះមហន្តរាយ​រញ្ជួយ​ដី​កម្រិត ៧.៨ រ៉ិ​ច​ទ័​រ កាលពី​សប្តាហ៍​មុន​បាន​ឆក់យក​ជីវិត​ប្រជាជន​អេ​ក្វា​ឌ័​រ​អស់​ជិត​៥០០​នាក់​ទៅហើយ​រាប់​ថ្ងៃ​អង្គារ​ទី ១៩ មេសា​ម្សិលមិញ​នេះ​។ 

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មនុស្ស​ជាង ២៥០០​នាក់​បាន​រងរបួស ហើយ​១៧០០​នាក់​ផ្សេងទៀត​នោះ​នៅ​បន្ត​បាត់​ខ្លួន​នៅឡើយ ហើយ​ពួក​អាច​កប់​នៅក្រោម​សំណង់​បាក់បែក​ទាំងនោះ​ផង​។ គេ​មិន​ហ៊ាន​រំពឹង​ទេ​ថា អ្នក​ដែល​បាត់​ខ្លួន​ទាំងនោះ​មាន​អ្នក​នៅមាន​ជីវិត​ប៉ុន្មាន​នាក់​នោះ ព្រោះ​ប្រតិបត្តិ​ការសង្គ្រោះ​ហាក់បីដូចជា​យឺតយ៉ាវ​ណាស់​។​

​ក្រោយ​ករណី​រញ្ជួយ​ដី​នេះ​កើតឡើង រដ្ឋាភិបាល​អេ​ក្វា​ឌ័​រ​បាន​ដាក់ចេញ​បញ្ជា​ឲ្យ​ក្រុម​សង្គ្រោះ​ចេញ​ប្រតិបត្តិ​ការស្វែងរក​ជន​រងគ្រោះ​និង​រុករក​អ្នក​ដែល​បាត់​ខ្លួន​ដែរ​។  ប៉ុន្តែ​ក្រុមគ្រួសារ​ជនរងគ្រោះ​ចាត់ទុកថា ក្រុម​សង្គ្រោះ​មិន​រហ័សរហួន​សង្គ្រោះ​និង​រុករក​មនុស្ស​ឲ្យ​បាន​ទាន់​ចិត្ត​ពួកគេ​សោះ​។  ពួកគេ​ក៏​បង្ហាញ​ការខឹង​សម្បារ​ជាខ្លាំង​ព្រោះតែ​បាត់បង់​ការអត់ធ្មត់​និង​មិនអាច​រង់ចាំ​ក្រុម​សង្គ្រោះ​ដើម្បី​ជួយ​ជីវិត​បងប្អូន​ក្រុមគ្រួសារ​ពួកគេ​ទៀត​ដែរ​។​

Luis Felipe Navarro ដែលជា​ប្រជាជន​ម្នាក់​នៅក្នុង​ទីក្រុង Manta បាន​អះអាងថា មាន​មនុស្ស​ច្រើន​នាក់​នៅមាន​ជីវិត​និង​នៅ​កប់​ក្រោម​គំនរ​សំណង់​បាក់បែក ហើយ​ពួកគេ​កំពុង​រង់ចាំ​ការសង្គ្រោះ​ផង​។ Luis Felipe Navarro អះអាង​បែបនេះ​ក្រោយពេល​គេ​ទទួលបាន​សារ​មួយ​ពី​អ្នក​ដែល​នៅជាប់​ក្រោម​បន្ទប់ក្រោមដី​ផង ហើយ​លោក​ក៏បាន​ប្រាប់​ក្រុម​សង្គ្រោះ​ផងដែរ​ពាក់ព័ន្ធ​បញ្ហា​នេះ តែ​ក្រុម​សង្គ្រោះ​មិន​ស្តាប់​ឡើយ​។​

​តាមពិតទៅ រដ្ឋាភិបាល​អេ​ក្វា​ឌ័​រ មានបាន​ត្រៀមខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​និង​រួចរាល់​ឡើយ​សម្រាប់​ឆ្លើយ​ស្ថានភាព​គ្រោះមហន្តរាយ​បែបនេះ​។ គេ​ឃើញ​ប្រទេសជិតខាង និង​ប្រទេស​ជា​មិត្ត​អេ​ក្វា​ឌ័​រ​ជាច្រើន​មាន​មិច​ស៊ី​កូ កូ​ឡុំ​ប៊ី អេ​ស្ប៉ា​ញ និង​ប្រទេស​ជាច្រើន​ទៀត​បាន​បញ្ជូន​ក្រុម​សង្គ្រោះបន្ទាន់​ច្រើន​រយ​នាក់​មកកាន់​ប្រទេស​អេ​ក្វា​ឌ័​រ​ផងដែរ​។​

 ក្រៅពី​មនុស្ស​បន្ត​បាត់​ខ្លួន​រឿង​ស្មុគស្មាញ​មួយទៀត​គឺ ប្រជាជន​បាត់បង់​ជម្រក ត្រូវការ​ជំនួយ​សង្គ្រោះ និង​ប្រឈម​ការកើត​ជំងឺ​ព្រោះ​ខ្វះ​ទឹកស្អាត​និង​ត្រូវ​មូស​ខាំ​ជាដើម​ផង​។ គេ​វាយតម្លៃថា មនុស្ស​ជាង ១​សែន​នាក់​ត្រូវការ​ជំនួយ​សង្គ្រោះបន្ទាន់ ហើយ​ក្នុងនោះ​មាន​ក្មេងៗ​រាប់ម៉ឺន​នាក់​ទៀតផង​។​

​ស្ថាប័ន​អន្តរជាតិ​ច្រើន​ដែរ​បានប្រកាស​ផ្តល់ជំនួយ​ដល់​ប្រទេស​អេ​ក្វា​ឌ័​រ ជាពិសេស​ជំនួយ​ស្បៀងអាហារ​និង​សម្ភារៈ​សង្គ្រោះ​សម្រាប់​ជនរងគ្រោះ​និង​ប្រជាជន​រង​ផលប៉ះពាល់​ដោយ​គ្រោះ​រញ្ជួយ​ដី​។ Oxfam  បានផ្តល់​ឧបករណ៍​មាន​ទម្ងន់ ២​ពាន់​គីឡូក្រាម​សម្រាប់​ចែកចាយ​ទឹកស្អាត​ដល់​ប្រជាជន​រងគ្រោះ​ផង​។  ហើយ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន ក៏​ត្រៀម​ដឹកជញ្ជូន​សម្ភារៈ មាន​តង់ និង​ឧបករណ៍ប្រើប្រាស់​ផ្សេងទៀត​តាមផ្លូវ​អាកាស​ដើម្បី​ទៅ​ចែកចាយ​ដល់​ប្រជាជន​នៅ​តំបន់​ដែល​រថយន្ត​ហោះ​ដឹក​សម្ភារៈ​សង្គ្រោះ​មិនអាច​ទៅដល់​។​

​ចំណែក ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់​អូ​បា​ម៉ា បាន​ទូរស័ព្ទ​ទៅកាន់​ប្រធានាធិបតី​អេ​ក្វា​ឌ័​រ Rafael Correa ដោយ​ថ្លែង​ប្រាប់ថា អាមេរិក​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ជួយ​អេ​ក្វា​ឌ័​រក​សាង​ប្រទេស​ឡើងវិញ​ក្រោយ​គ្រោះ​រញ្ជួយ​ដី​នេះ​។ រដ្ឋាភិបាល​អេ​ក្វា​ឌ័​រថា រដ្ឋ​ត្រូវការ​ថវិកា ៣​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​ដើម្បី​ស្តារ​និង​សាងសង់​ឡើងវិញ​អ្វីដែល​ខូចខាត​៕


Tag:
 ​អេ​ក្វា​ឌ័​រ​
  រញ្ជួយ​ដី​
© រក្សាសិទ្ធិដោយ thmeythmey.com