ពីនេះ ពីនោះ
កំណាព្យ​របស់​កវី គ​ង្គ ប៊ុន​ឈឿន​៖ ជំងឺ​ល្មោភ​ស្រី​
21, Apr 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​បទ​៖ កាកគតិ​
​កំណាព្យ​៖ ថ្មីៗ​(​គ​ង្គ ប៊ុន​ឈឿន​)
 
​ចាស់​ហើយ​មិន​គិត ចង់តែ​ស្នេហ៍ស្និទ្ធ ជាមួយ​ស្រីក្មេង​
​លបលាក់​ចិញ្ចឹម ទុក​គ្រាន់​បន្លែង មួយ​នៅ​ព្រែក​ឯង​
​មួយ​នៅ​កៀនស្វាយ​។


 
​ខ្លាច​ជំទាវ​ដឹង លោកតា​ខំប្រឹង ដើរ​កលឧបាយ​
​លួច​ឆ្មក់​ដូច​ឆ្នា លប​ចេញ​នាយអាយ ព្រោះ​ចង់​សប្បាយ​
​មុន​ចូល​រណ្តៅ​។​
 
​លោកតា​វង្វេង ឆ្ងាញ់​តែ​ក្មេងៗ យក​ធ្វើ​ថ្នាំ​ប៉ូវ​
​កិបកេង​លុយកាក់ លាក់​ច្រើន​ហោប៉ៅ ទុក​ទិញ​ប្រេងម្សៅ​
​ឲ្យ​ពៅ​ស្រី​ស្នេហ៍​។ 
 
​ជំងឺ​ល្មោភ​ស្រី មាន​ច្រើនពេក​ក្រៃ ពេញ​ដី​ស្រុក​ខ្មែរ​
​ក្រមុំ​ជនបទ កំសត់​ក្តាមស្រែ ត្រូវ​ពួក​ថៅកែ​
​ទិញ​ភ្លក្ស​ព្រហ្មចារ្យ​។ 
 
​គេ​ចង់​បានតែ ក្មេងស្រី​ស្រុកស្រែ ស្ទើរ​មិន​គ្រប់ការ​
​យកមក​ចិញ្ចឹម ធ្វើជា​អាហារ លុះ​ឆ្អែត​កាលណា 
​ធ្វើ​ពេស្យា​ទៀត​។  
 
​ចាស់​ក្បាលទំពែក នៅតែ​ឃ្លាន​ស្រេក ត្រេក​មិនចេះ​ឃ្លាត​
​បន្លែបន្លំ ផ្សំ​លួច​លុយ​ជាតិ លោត​តា​ត្រីងៀត​
​ឆ្លៀត​ចិញ្ចឹម​ស្រី​។​
 
​ចាស់​ហើយ​គួរតែ លាងចិត្ត​កែប្រែ ពី​កាម​លោកីយ៍​
​នាំ​ខូច​កិត្តិយស ព្រោះ​រឿង​អប្រីយ៍ ហ៊ាន​ធ្វើ​អ្វីៗ​
​ដើម្បី​«​សាច់​ញ៉ើ​យ​»!​។

 ១០.១០.០១  
​ប្រភព​៖ កម្រង​កំណាព្យ​ទស្សនៈ​«​ជំងឺ​ខ្មែរ​»​របស់ លោក គ​ង្គ ប៊ុន​ឈឿន  (​កវី​ដងស្ទឹង​សង្កែ​)  
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com