ជាតិ
សហភាព​អឺរ៉ុបផ្តល់ជំនួយ៤១០លាន​អឺរ៉ូ ដល់​កម្ពុជា
20, Apr 2016 , 5:52 pm        
រូបភាព
ដោយ: ថ្មីៗ
សហភាព​អឺរ៉ុប បានផ្តល់​ជំនួយឥតសំណង ចំនួន៤១០ អឺរ៉ូ ដល់​ប្រទេស​កម្ពុជា ដើម្បី​អភិវឌ្ឍ​លើ​វិស័យផ្សេងៗ ។ ទំហំ​ទឹកប្រាក់​នេះ ស្ថិតនៅក្នុង​គម្រោង​រយៈ​ពេល៥ឆ្នាំ គឺ​ចាប់​ឆ្នាំ ២០១៤ ដល់​ឆ្នាំ២០២០។



ឯកអគ្គរដ្ឋទូត​សហ​ភាព​អឺ​រ៉ុ​ប្រចាំ​កម្ពុជា លោក George Edgar បាន​អះអាងថា ការផ្តល់​ថវិកា​ទាំងនេះ គឺដើម្បី​ពង្រឹងគុណភាពអប់រំ​នៅតាម​ជនបទ អភិវឌ្ឍ​វិស័យ​កសិកម្ម ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ​ដទៃទៀត។ ក្រៅ​វិស័យ​ខាងលើ ទឹកប្រាក់​ទាំងនេះ ក៏ត្រូវ​បាន​បែងចែកដើម្បីដោះស្រាយបញ្ហាសំខាន់ៗទៀត​ដែរ ដូចជា កំណែទម្រង់​អភិបាលកិច្ច កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត ការធ្វើ​វិម​ជ្ឈការ និងដំណើរ​ការកាត់ក្តី​របស់​តុលាការ​ខ្មែរក្រហម ជាដើម។ នេះជា​ការ​បន្ថែមរបស់លោក George Edgar នៅក្នុង​សន្និសីទ​សារព័ត៌មាន ជុំវិញ​លទ្ធផល​នៃ​ការចុះ​ទស្ស​កិច្ច​របស់ខ្លួន​ក្នុង​ខេត្តមណ្ឌលគិរី​និង​ខេត្តរតនគិរី។

មុនពេល​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ឯកអគ្គរដ្ឋទូត​រូបនេះ រួមទាំង​គណៈប្រតិភូ​ផ្សេងទៀត បាន​ចុះទៅ​កាន់​ខេត្ត​ទាំងពីរ​នេះរយៈពេលមួយសប្តាហ៍ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមេសា ដើម្បី​សង្កេតមើល​ពី​ស្ថានភាព​រស់នៅ​របស់​ប្រជាជន​ដោយផ្ទាល់។ លើសពីនេះ​ទៀត បេសកកម្ម​របស់​ពួកគេ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់​សហ​ភាព​អឺរ៉ុប​ជាមួយ​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ។ គោលបំណង​នៃ​ការពង្រឹង​ទំនង​ទំនង​ដូច្នេះ គឺ​ដើម្បី​ឲ្យ​ថវិកា​ទាំង​អម្បាលម៉ាន ដែល​សហភាព​អឺរ៉ុប​ផ្តល់​មក​កម្ពុជា ក្លាយជា​ជំនួយ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន​ទូទៅ៕



Tag:
 សហភាពអឺរ៉ុប
 ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com