ពីនេះ ពីនោះ
កវី គ​ង្គ ប៊ុន​ឈឿន​៖ ជំងឺ​ល្មោភ​ល្បែង​
21, Apr 2016 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ​៖(​កាកគតិ​)



​សង្គម​ឆ្កួត​បី                   ឆ្កួត​មួយ​នឹង​ស្រី             ឆ្កួត​មួយ​នឹង​ស្រា​
​ឆ្កួត​ធំ​មួយទៀត              គឺ​ល្បែង​ពាលា                ធ្វើ​ឲ្យ​កម្ពុជា
​វេទនា​កន្លង​។

​ជល់​មាន់​ភ្នាល់​លុយ                ល្បែង​ឆ្នោត​កន្ទុយ            បៀប៉ោ​អាប៉ោង​
​កាត់​តេ​យី​យ៉ា​ត់             ស៊ីសឹក​បៀរ​តង                 បៀរ​ផ្កាប់​ទាយ​ខ្នង​
​ចាក់​ម្តង​សង​ដប់​។

​ល្បែង​តូចតាច​នេះ               ជួនកាល​ប៉ូលីស              ប្រមូល​ដេញចាប់​
​តែ​កាស៊ីណូ            បើក​លេង​មានច្បាប់             គ្មាន​អ្នក​ហ៊ាន​ចាប់
​ហ៊ាន​ធ្វើ​អ្វី​ឡើយ​។

​អ្នកញៀន​នឹង​ល្បែង              ខិតខំ​ស្វះស្វែង              លេង​ពុំ​កន្តើយ​
​ជួនកាល​លេង​ឈ្នះ                 រីករាយ​ឥត​ត្រើយ             ពេលណា​ចាញ់ហើយ​
​ឥត​ស្បើយ​លិចលង់​។

​កាស៊ី​ណា​ណា​ត្ហា          នៅលើ​នាវា            ក្នុង​ទឹក​មេគង្គ​
​ហូ​លី​ដេ​បាត់​រូប            ពី​កណ្តាល​ក្រុង           ទៅ​កើត​យ៉ាង​ខ្ញង់​
​នៅ​ព្រំដែន​ថៃ​។

​កាប់​ឈើ​អូ​ស្មាច់            កាស៊ីណូ​ក៏​លេច             រូបរាង​ជាថ្មី​
​អ្នកលេង​ចម្រុះ          មាន​ទាំង​ខ្មែរ​-​ថៃ             ខ្មែរ​ចាញ់​រាល់ថ្ងៃ
​រីងរៃ​ចងក​។ 

​សេដ្ឋកិច្ច​ទន់ខ្សោយ     បាន​កាស៊ីណូ​ជួយ      គ្រាន់​រស់​បន្ត​
​ល្បែង​នាំ​ឲ្យ​បាត់        បង់​នូវ​គុណធម៌           សង្គម​វឹកវរ
​រាស្ត្រ​ក្រ​មិន​ចប់​…​។ ០៥.១១.០១

​ប្រភព​៖ កម្រង​កំណាព្យ​ទស្សនៈ​«​ជំងឺ​ខ្មែរ​»​របស់ លោក គ​ង្គ ប៊ុន​ឈឿន  (​កវី​ដងស្ទឹង​សង្កែ​) 
 

Tag:
 គ​ង្គ ប៊ុន​ឈឿន​
© រក្សាសិទ្ធិដោយ thmeythmey.com