អន្តរជាតិ
បដិសណ្ឋារកិច្ច​អា​រ៉ា​ប៊ី​សា​អូឌីត​សម្រាប់​លោក អូ​បា​ម៉ា បង្ហាញថា​ទំនាក់ទំនង​ទ្វេភាគី​ល្អក់កករ
21, Apr 2016 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អញ្ជើញ​ទៅដល់​អា​រ៉ា​ប៊ី​សា​អូឌីត​ថ្ងៃ​ពុធ​ទី ២០ ម្សិលមិញ តែ​មិនមាន​ការទទួល​ស្វាគមន៍​អធិកអធម​និង​ពិសេស​ដូច​ឆ្នាំមុន​ឡើយ​។ វា​ខុសប្លែក​ត្រង់​ឆ្នាំមុន​មាន មេដឹកនាំ​អា​រ៉ា​ប៊ី​សា​អូឌីត​ច្រើន​ចាំ​ស្វាគមន៍ និង​មាន​បដិសណ្ឋារកិច្ច​ពិសេស សម្រាប់​ទស្សនកិច្ច​រប​ស់​ប្រមុខរដ្ឋ​អាមេរិក ។ ការប្រែប្រួល​នៃ​ការទទួល​បដិសណ្ឋារកិច្ច​នេះ​ក៏​បង្ហាញថា​ទំនាក់ទំនង​អាមេរិក​និង​អា​រ៉ា​ប៊ី​សា​អូឌីត​មិនសូវ​ល្អ​ដែរ​។​



​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ចូលជួប​ជជែក​ពិភាក្សា​ជាមួយ​មហាក្សត្រ Salman​ក្រោយពេល​អញ្ជើញ​ទៅដល់​អា​រ៉ា​ប៊ី​សា​អូឌីត​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​លោក អូ​បា​ម៉ា ក៏​ចូលរួម​កិច្ចប្រជុំ​កំពូល​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​រដ្ឋ​ឈូង​សមុទ្រ ដោយ​កិច្ចប្រជុំ​នេះ​ផ្តោត​សំខាន់​លើ​ការប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម ឬ​ក្រុម​ដែ​ស្ហ និង​ការរក្សា​ស្ថិរភាព​នៅ​មជ្ឈិមបូព៌ា​ដោយ​បញ្ចប់​ជម្លោះ​នៅ​យេ​ម៉ែន ស៊ី​រី និង​អ៊ីរ៉ាក់ ជាដើម​។​

​យ៉ាងណា​ក៏ដោយចុះ បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ នោះ​គឺ​ការធ្វើ​បដិសណ្ឋារកិច្ច​ស្វាគមន៍​ប្រមុខរដ្ឋ​អាមេរិក​តែម្តង ដែល​វា​មាន​លក្ខណៈ​តូចតាច មិនសូវ​សម​មុខ​សមមាត់​ប្រមុខរដ្ឋ​អាមេរិក​សោះ​។ ម្សិលមិញ មានតែ​វត្តមាន​អភិបាលក្រុង រី​យ៉ា​ដ រាជ្យ​បុត្រ Faisal bin Abdulaziz និង​រដ្ឋមន្ត្រីការបរទេស​លោក Adel al-Jubeir ប៉ុណ្ណោះ​នៅចាំ​ទទួល​លោក អូ​បា​ម៉ា នៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ Khalid​។

​វា​ប្លែក​ត្រង់ មហាក្សត្រ Salman មិន​យាង​ទៅ​ទទួល​លោក អូ​បា​ម៉ា ដោយផ្ទាល់​ទេ តែ​ទ្រង់​ទៅ​ទទួល​ស្វាគមន៍​ក្សត្រ​និង​មេដឹកនាំ​រដ្ឋ​ឈូង​សមុទ្រ​ឯណោះ​។ ហើយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​មិនបាន​ចាក់ផ្សាយ​ផ្ទាល់​នៃ​ការអញ្ជើញ​មកដល់​របស់លោក អូ​បា​ម៉ា​ទេ តែមាន​ការផ្សាយ​ផ្ទា​ល់ពី​ការមកដល់​របស់​បណ្តា​រដ្ឋ​ឈូង​សមុទ្រ​ទៅវិញ​។ កាលពី​ឆ្នាំមុន នៅពេលដែល​លោក អូ​បា​ម៉ា ទៅ​ចូលរួម​បុណ្យសព​ក្សត្រ Abdullah នៅពេលនោះ ស្តេច Salman និង​រាជ្យ​បុត្រ​របស់​ទ្រង់​ចេញមក​ស្វាគមន៍​លោក អូ​បា​ម៉ា​ដោយផ្ទាល់ ហើយ​ក៏មាន​ក្រាល​កម្រាលព្រំ​ក្រហម និង​មាន​កងកិត្តិយស និង​ក្បួន​ត្រែទ័ព​ស្វាគមន៍​យ៉ាង​អធិកអធម​បំផុត​ដែរ​។

​ភាពខុស​បែ្ល​ក​គ្នា​នេះ​បង្ហាញ​កាន់តែច្បាស់​ថា ទំនាក់ទំនង​សម្ព័ន្ធមិត្ត​ចាស់​អាមេរិក​និង​អា​រ៉ា​ប៊ី​សា​អូឌីត មានការ​ប្រែប្រួល និង​កាន់តែ​ល្អក់កករ​ខ្លាំង​ដែរ​។ ទំនាក់ទំនង​សម្ព័ន្ធមិត្ត​ទាំងពីរ​ធ្លាក់ចុះ​ព្រោះ​នយោបាយ​ការបរទេស​រដ្ឋបាល​លោក អូ​បា​ម៉ា ចំពោះ​អ៊ីរ៉ង់​ដោយ​បង្កើត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ការ​ថ្លែង​រិះគន់​សម្ព័ន្ធមិត្ត​នៅ​មជ្ឈិមបូព៌ា​របស់លោក អូ​បា​ម៉ា កន្លងមក​ផង​។

​តែ​ក្នុង​ដំណើរ ទស្សនកិច្ច​លើក​នេះ ក្រៅពី​ផ្តោតលើ​ការ​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​ក​ម្ចា​ត់​ក្រុម​ភេរវជន​ដែ​ស្ហ លោក អូ​បា​ម៉ា ក៏​ព្យាយាម​កាត់បន្ថយ​ភាព​តានតឹង​និង​លុបចោល​ភាពល្អក់​កករ​ដែល​កើតមាន​កន្លងមក​ដែរ​។  គេ​ឃើញ​មានការ​ឯកភាពគ្នា​រវាង​ភាគី​ទាំងពីរ​អាមេរិក​និង​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​យាមល្បាត​និង​ប្រឆាំង​ការជួញដូរ​អាវុធ​រប​ស់​អ៊ីរ៉ង់​ផង​។ ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ស្តារឡើងវិញ​នៃ​ទំនាក់ទំនង​នេះ​។ តិច​ឬ​ច្រើន​វា​ជួយ​កែប្រែ​ស្ថានការណ៍ និង​បន្ទន់ចិត្ត​មេដឹកនាំ​មជ្ឈិមបូព៌ា​ដែរ​ព្រោះ​ពួកគេ​ត្រូវការ​អាមេរិក​ជា​ខ្នងបង្អែក និង​ជា​អ្នកផ្គត់ផ្គង់​អាវុធ​ធំ​បំផុត​ដែរ​។​

​យ៉ាងណាក៏ដោយ ទំនាក់ទំនង​នេះ​រង​ការប៉ះពាល់​ខ្លាំង​ព្រោះ​បញ្ហា​ចម្រូងចម្រាស​មួយទៀត​គឺ​សេចក្តីព្រាងច្បាប់​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​អាមេរិក​ប្តឹង​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​តុលាការ​អាមេរិក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ១១​ខែកញ្ញា​។ គេ​ចោទប្រកាន់ថា អា​រ៉ា​ប៊ី សា​អូឌីត​នៅ​ពីក្រោយ​ករណី​វាយប្រហារ​សម្លាប់​មនុស្ស​ប្រហែល ៣​ពាន់​នាក់​នេះ ក៏ដោយ​សារ ក្នុងចំណោម​ជន​ប្លន់​យន្តហោះ​និង​ធ្វើអត្តឃាត​ទាំង​១៩​នាក់​នោះ​មាន ១៥​នាក់​ជា​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​។ តែ​លោក​អូ​បា​ម៉ា បានប្រកាស​ជាស្រេច​ហើយ​ថា លោក​នឹង​ប្រើ​សិទ្ធិ​ជំទាស់​ទាត់ចោល​ច្បាប់​ថ្មី​នេះ​៕


Tag:
 ​អាមេរិក
  អា​រ៉ា​ប៊ី​សា​អូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com