អន្តរជាតិ
លោក​ប្រា​យុទ្ធ ចោទ លោក​ថាក់ស៊ីន ថា​នៅ​ពីក្រោយ​នៃ​ការតវ៉ា​ក្រុង​បាងកក​
21, Apr 2016 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រមុខ​រដ្ឋាភិបាល​រប​ប​សឹក​ថៃ លោក ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ អូ​ចា បាន​ចោទ​អតីត​នាយករដ្ឋមន្ត្រី​ថៃ និរទេស​ក្រៅប្រទេស​លោក ថាក់ស៊ីន ស៊ីន​ណា​វ៉ា​ត់​ត្រា ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការតវ៉ា​ប្រឆាំង​របប​សឹក​នៅ​ដើម​សបា្តហ៍​នេះ​។ តែ​អតីត​អ្នក​ប្រឹក្សា​លោក​ថាក់ស៊ីន បាន​ច្រានចោល​ការចោទប្រកាន់​នោះ​។​



« អ្នក​បញ្ចុះបញ្ចូល កំពុង​រស់នៅ​ក្រៅប្រទេស និង​លោក ថាក់ស៊ីន​»​។ នេះ​គឺជា​ចម្លើយ​របស់លោក​ប្រា​យុទ្ធ ច័ន្ទ អូ​ចា ដែល​បាន​ឆ្លើយ​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ដែល​បាន​សួរថា​តើ​អ្នកណា​នៅ​ពីក្រោយ​នៃ​ការតវ៉ា​ដែល​បាន​ដកស្រង់​ដោយ​ភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​២១ ខែមេសា​នេះ ។​

​សូមបញ្ជាក់​ផងដែរ​ថា​នៅ​ថ្ងៃទី​១៨ ខែមេសា​កន្លងទៅ មាន​ក្រុម​សកម្មជន បាន​ប្រមូល​ផ្តុំគ្នា​ជាច្រើន​កន្លែង​ក្នុង​ក្រុង​បាងកក​ដើម្បី​ប្រឆាំង​ទៅនឹង​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ដែល​ធ្វើឡើង​ក្រោម​ការដឹកនាំ​ដោយ​របប​សឹក និង​ប្រឆាំង​ចំពោះ​ការឃុំខ្លួន​អតីតរដ្ឋមន្ត្រី​ដែល​បាន​និយាយ​ប្រឆាំងនឹង​សេចក្តីព្រាង​នោះដែរ​។ ការប្រមូលផ្តុំ​នេះ បាន​បំពាន​ទៅនឹង​បម្រាម​របស់​របប​សឹក​ដែល​ហាម​មិន​ឲ្យ​មានការ​ប្រមូលផ្តុំ ឬ​យុទ្ធនាការ​ណាមួយ​មុន​ថ្ងៃ​ធ្វើ​ប្រជាមតិ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នា​ថ្ងៃទី​០៧ ខែសីហា ខាងមុខ​។

​ជុំវិញ​ការ​ចោទ​នេះ មិនទាន់មាន​ប្រតិកម្ម​ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីន​ណា​វ៉ា​ត់​ត្រា នៅឡើយ​នោះទេ​។ តែ Noppadon Pattama អតីត​អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់​លោក​ថាក់ស៊ីន បាន​អះអាងថា លោក​ថាក់ស៊ីន មិនបាន​ជួ​លន​ណា​ម្នាក់​នៅក្រៅ​ប្រទេស​នោះទេ ហើយ​លោក ក៏​មិនបាន​នៅ​ពី​ក្រោយខ្នង​នៃ​ការតវ៉ា​នោះដែរ​។​

​សូម​រម្លឹក​ផងដែរ​ថា រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា ការឆ្លើយ​ឆ្លង​គ្នា​រវាង រដ្ឋាភិបាល​របប​សឹក​ដែល​បាន​ឡើងកាន់តំណែង​តាមរយៈ​រដ្ឋប្រហារ​យោធា ជាមួយនឹង​អតីត​នាយក​រដ្ឋ មន្ត្រី​ថៃ លោក ថាក់ស៊ីន បាននិងកំពុង​ឡើងក​ម្តៅ​ជាថ្មី​។ ក្នុងនោះ​លោក ថាក់ស៊ីន បាន​រិះគន់ និង​វាយ ប្រហារ​រដ្ឋាភិបាល​លោក​ប្រា​យុទ្ធ​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយនឹង​កាសែត​បរទេស​ធំៗ ជាពិសេស នោះ​លើ​បញ្ហា​សេដ្ឋកិច្ច និង​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​៕


© រក្សាសិទ្ធិដោយ thmeythmey.com