កីឡាជាតិ
ជាតិ
រដ្ឋាភិបាល​បន្ត​ពិភាក្សា​ពី​ផែនការមេ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣
22, Apr 2016 , 11:24 am        
រូបភាព
ដោយ: រួបរួម
​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ ទី​២២ ខែមេសា នេះ សម្តេចនាយក​រដ្ឋមន្ត្រី ដឹកនាំ​ការពិភាក្សា​បន្ត​លើ​សេចក្តីព្រាង​ស្តីពី​ផែនការមេ​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA GAMES) លើក​ទី​៣២ ឆ្នាំ​២០២៣ ។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​



​ខ្លឹមសារ​រួម​នៃ​ផែនការមេ​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA GAMES) លើក​ទី៣២ ត្រូវបាន​កំណត់​ផែនទី​បង្ហាញផ្លូវ​លើ​ការកំណត់​ប្រភេទ​កីឡា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការរៀបចំ​ផែនការ​មុន​ព្រឹត្តិការណ៍ អំឡុងពេល​ព្រឹត្តិការណ៍ និង​ក្រោយ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​(SEA GAMES)​។​

​ក្នុងតួនាទី​ជា​ម្ចាស់ផ្ទះ​លើកដំបូង​សម្រាប់​ព្រឹត្តិការណ៍​ថ្នាក់​តំបន់​នេះ កម្ពុជា​នឹង​យក​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន​ទៀ​ត ធ្វើជា​ទីតាំង​នៃ​ការប្រកួត ដែល​អាច​ប្រព្រឹត្ត​ទៅនា​អំឡុង​ខែធ្នូ (​គ្មាន​ភ្លៀង និង​ធាតុអាកាស​កម្រិត​មធ្យម​)​។

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក ផៃ ស៊ី​ផាន បាន​សរសេរ​ឲ្យ​ដឹងថា អត្ត​ព​លិ​ក​ប្រមាណ​៧០០០​នាក់ នឹងចូលរួម​ប្រកួតប្រជែង ហើយ​នឹងមាន​មន្ត្រី​កីឡា​ជាតិ និង​អន្តរ​ជាតិប្រមាណ​៣០០០​នាក់​ផងដែរ​។ ជាមួយនេះ កម្ពុជា​ត្រូវការ​ថវិកា​ប្រមាណ​៤០​លាន​ដុល្លារ​អាមេរិក សម្រាប់តែ​សម្ភារៈ​ឧបករណ៍​បច្ចេកទេស​និង​មន្ត្រី​បច្ចេកទេស​ជាតិ អន្តរជាតិ ប្រ​ម្រើ​ការប្រកួត​កីឡា​តែប៉ុណ្ណោះ​ដោយ​មិន​គិតពី​ការចំណាយ​ផ្សេងៗ​នោះ​ឡើ​យ។

​កីឡា​ពី​៣០ ទៅ​៣៥​ប្រភេទ នឹងមាន​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​នា​ឆ្នាំ​២០២៣ ដែលមាន ប្រភេទ​កីឡា​អូឡាំពិក​មាន​ចំនួន​២៣ ប្រភេទ​កីឡា​មិន​អូឡាំពិក ឫ​កីឡា​ក្នុង​តំបន់​មាន​ចំនួន​៧ រួមទាំង ប្រភេទ​កីឡា​អត្តសញ្ញាណ​ជាតិខ្មែរ​”​គុន​ខ្មែរ​-​ល្បុក្កតោ​” និង “​អុកចត្រង្គ​”​។​

​ទីតាំង​នៃ​ការប្រកួត​សំខាន់ៗ​រួមមាន ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ និង សាល​សាធារណៈ​គាំទ្រ​ធំៗ​ដទៃទៀត​រួមទាំង​កីឡា​លើទឹក​នៅតាម​ខេត្ត​មួយចំនួន ពិសេស​ខេត្ត​ជាប់​ឆ្នេរសមុទ្រ និង​ដង​ទន្លេមេគង្គ ជាដើម​៕


Tag:
 ស៊ី​ហ្គេម​
  ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​
© រក្សាសិទ្ធិដោយ thmeythmey.com