កីឡាជាតិ
ស៊ន សៀវ​ម៉ី មិន​ហ៊ាន​ដាក់​ក្តី​រំពឹង​ខ្ពស់​សម្រាប់​ការប្រកួត​កីឡា​អូឡាំពិក ប៉ុន្តែ​តាំងចិត្ត​
23, Apr 2016 , 9:40 am        
រូបភាព
ដោយ:
​ស៊ន សៀវ​ម៉ី ជា​កីឡាការិនី​ដំបូង​របស់​កម្ពុជា​ដែល​ទទួលបាន​សិទ្ធិ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ​ប្រទេស​ប្រេ​ស៊ី​ល នា​ខែសីហា ខាងមុខ បន្ទាប់ពី​ទទួលបាន​មេដាយមាស​ក្នុង​វគ្គ​ប្រកួត​ជម្រុះ​កីឡា​អូឡាំពិក​នៅ​ប្រទេស​ហ្វីលីពីន ប៉ុន្តែ​កីឡាការិនី​ម្នាក់នេះ​មិន​ហ៊ាន​ដាក់​ក្តីសង្ឃឹម​ខ្ពស់​នោះទេ ដោយសារ​សមត្ថភាព និង​បច្ចេកទេស​នៅមានកម្រិត​។



​វីរៈ​កីឡាការិនី ស៊ន សៀវ​ម៉ី មិន​បានដាក់​ក្តីសង្ឃឹម​ខ្ពស់​នោះទេ​សម្រាប់​ការប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល នា​ខែសីហា ខាងមុខនេះ ដោយសារ​កីឡាការិនី​ម្នាក់នេះ​គិតថា ការប្រកួត​មិន​ទៀង​នោះឡើយ ហើយ​សមត្ថភាព និង​បច្ចេកទេស​របស់ខ្លួន​នៅមានកម្រិត ទោះបីជា​កម្ពស់​មានប្រៀប​លើ​គូប្រកួត​១០​ភាគរយ​រួចហើយ​ក៏ដោយ​។​
 
​វីរៈ​កីឡាការិនី​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​៖«​សង្ឃឹម​ដែរ​បង​តែ​អត់​សូវ​សង្ឃឹម​ខ្លាំង​នោះទេ ព្រោះថា​ការប្រកួត​យើង​មិន​អាចមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ខ្ពស់​ពេក ហើយ​មិនអាច​មើលងាយ​គូប្រកួត​របស់​យើង​នោះទេ​ព្រោះថា​ការប្រកួត​តេ​ក្វាន់​ដូ​មិនមែនជា​ការប្រកួត​ឯកត្តជន ហើយក៏​មិនមែន​ឡើងទៅ​សម្តែង គឺ​ឡើងទៅ​វាយ ប្រសិនបើ​យើង​ធ្វេសប្រហែស​តែមួយ​នាទី​អាច​សន្លប់​បាន អ៊ីចឹង​ហើយ​ខ្ញុំ​មាន​សង្ឃឹមលើ​ខ្លួនឯង​ដែរ​តែ​មិន​សង្ឃឹម​ខ្លាំង​»​។​
 
​កត្តា​ដែល​ធ្វើ​ឲ្យ ស៊ន សៀវ​ម៉ី មិន​ហ៊ាន​ដាក់​ក្តីសង្ឃឹម​ខ្ពស់​មួយទៀត​នោះ ដោយសារ​កីឡាការិនី​ដែល​នឹងត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក សុទ្ធសឹង​តែមាន​សមត្ថ​ភាព​ខ្ពស់​ហើយ​អ្វីដែល​សំខាន់​នោះ​រូបគេ​មិន​ធ្លាប់​បានឃើញ​ការប្រកួត​របស់​កីឡាការិនី​ទាំង​នោះឡើយ​។ 
 
​ទោះបីជា​យ៉ាងនេះ​ក្តី ម្ចាស់​មេដាយប្រាក់​កីឡា​តេ​ក្វាន់​ដូ​ជើងឯក​ទ្វីបអាស៊ី​រូបនេះ​បាន​ប្តេជ្ញា​ថា ក្នុង​រយៈពេល​៣​ខែ​រូបគេ​នឹង​ព្យាយាម​កែតម្រូវ​ចំណុច​ដែល​ខ្វះខាត​ទាំងនោះ​ឲ្យ​អស់ ហើយនឹង​ព្យាយាម​ហ្វឹកហាត់​និង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ដណ្តើមយក​មេដាយ​ជូន​ជាតិ​។​
 
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ដែល​សមត្ថភាព និង​បច្ចេកទេស​នៅមានកម្រិត​ត្រូវបាន​កីឡាការិនី​ម្ចាស់​មេដាយប្រាក់​រូបនេះ​ចាត់ទុកថា ដោយសារ​ប្រទេស​កម្ពុជា​ពុំមាន​ឧបករណ៍​ទំនើបៗ​ក្នុងការ​ប្រកួត នេះ​ជាហេតុ​ធ្វើ​រូបគេ​មិនបាន​ដឹង​ពី​បច្ចេកទេស​ក្នុងការ​ហ្វឹកហាត់​។ 
 
​វីរៈ​កីឡាការិនី ស៊ន សៀវ​ម៉ី សម្រាប់​ការ​ដណ្តើមបាន​កៅអី​ពេញសិទ្ធិ​ក្នុងការ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក និង​ការ​ដណ្តើមបាន​មេដាយប្រាក់​កីឡា​តេ​ក្វាន់​ដូ​ជើងឯក​ទ្វីបអាស៊ី​មិនមែនជា​ក្តី​ស្រមៃ​នោះឡើយ ទោះបីជា​ក្នុង​រយៈ​ជាង​៦០​ឆ្នាំ​មកនេះ​មិនមាន​កីឡាករ​កីឡាការិនី​ណា​ដណ្តើមបាន​ក៏ដោយ ប៉ុន្តែ​អ្វី​ដែលជា​ក្តី​ស្រមៃ​ធំ​បំផុត​របស់គេ​គឺ​ការ​ដណ្តើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​។ 
 
​កីឡាការិនី​រូបនេះ​រៀបរាប់​ដូច្នេះ​ថា​៖«​ការដណ្តើម​បាន​កៅអី​ក្នុងការ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក ខ្ញុំ​ពិតជា​សប្បាយចិត្ត ហើយ​ក៏មាន​មោទនភាព​លើ​ខ្លួនឯង​សម្រាប់​ការចូលរួម​នេះ ប៉ុន្តែ​ការសប្បាយ​ចិត្ត​របស់ខ្ញុំ​មិនទាន់​ដល់​កម្រិត​ខ្ពស់​ដូច ASIAN GAME នោះទេ ប៉ុន្តែ​អ្វី​ដែលជា​ក្តី​ស្រមៃ​របស់ខ្ញុំ​ខ្ពស់បំផុត​នោះ គឺ​ការ​ដណ្តើមបាន​មេដាយ​កីឡា​អូឡាំពិក នេះ​ជា​ក្តី​ស្រមៃ​របស់ខ្ញុំ​»​។​
 



​នា​ពិធី​ទទួល​ស្វាគមន៍​ការវិលត្រឡប់​របស់​វីរៈ​កីឡាការិនី ស៊ន សៀវ​ម៉ី កាលពី​ថ្ងៃទី​២១ ខែមេសា នៅ​ទីស្នាក់ការ NOCC លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានចាត់ទុក​ការទទួលបាន​សិទ្ធ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​របស់ សៀវ​ម៉ី ថា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដែល​កម្ពុជា​មិន​ធ្លាប់មាន​ក្នុង​រយៈ​ជាង​៦០​ឆ្នាំ​កន្លងមកនេះ ទោះបីជា​ការប្រកួត​មិនទាន់​មកដល់ ឬ​ទទួលបាន​លទ្ធផល​យ៉ាងណាក៏ដោយ​។​
 
​នាឱកាស​នោះដែរ លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានប្រគល់​ប្រាក់រង្វាន់​លើក​ទឹក​ដល់​កីឡាការិនី ស៊ន សៀវ​ម៉ី និង​កីឡាការិនី ឈឿង ពុទ្ធា​រី​ម ព្រមទាំង​គ្រូបង្វឹក ម្នាក់ ១​ពាន់​ដុល្លារ​ផងដែរ​៕ 
 

Tag:
 តេ​ក្វាន់​ដូ​
  ​ស៊ន សៀវ​ម៉ី​
© រក្សាសិទ្ធិដោយ thmeythmey.com