កីឡាជាតិ
តេ​ក្វាន់​ដូ ITF រៀបចំ​សិក្ខាសាលា​ពង្រឹងសមត្ថភាព​ចៅក្រម និង​អាជ្ញាកណ្តាល
23, Apr 2016 , 5:40 pm        
រូបភាព
ដោយ:
សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​អាយ​ធី​អែ​ហ្វ​(ITF) កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៣ ខែមេសា នៅ​មជ្ឈមណ្ឌល​យុទ្ធសិល្ប៍​បុរាណ​កម្ពុជា​-​ជប៉ុន បានរៀបចំ​សិក្ខាសាលា​មួយ ដើម្បី​ពង្រឹងសមត្ថភាព បច្ចេកទេស ចៅក្រម និង​អាជ្ញាកណ្តាល សម្រាប់​ត្រៀម​រៀបចំ​ការប្រកួត​ជើងឯក​ថ្នាល និង​ជើងឯក​ថ្នាក់ជាតិ​នាពេលខាងមុខ​។ នេះ​បើ​យោងតាម​លោក បួន ហ៊ីង​សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​។

 
​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ អាយ ធី អែ​ហ្វ​(ITF)​កម្ពុជា បានរៀបចំ​សិក្ខាសាលា​មួយ ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ក្នុងការ​ដាក់ពិន្ទុ និង​កាត់​កី្ត​ដល់​ចៅក្រម និង​អាជ្ញាកណ្តាល​សម្រាប់​ត្រៀម​រៀបចំ​ការប្រកួត​ជើងឯក​ថ្នាល​អាយុ​ក្រោម​១៥ ដែល​ប្រព្រឹត្តទៅ​រយៈ​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៨ ដល់ ២៩ ខែឧសភា  និង​ដើម្បី​ត្រៀម​រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នៅ​ថ្ងៃទី​៨ ដល់ ១២ ខែកញ្ញា ខាងមុខនេះ​។​
 
​សិក្ខាសាលា​មួយថ្ងៃ​ពេញ​ដែល​រៀបចំ​នៅ​មជ្ឈមណ្ឌល​យុទ្ធសិល្ប៍​បុរាណ​កម្ពុជា​-​ជប៉ុន មាន​គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និង​កីឡាករ​កីឡាការិនី ចូលរួម​ជាង ៣០​នាក់ ដែល​ដឹកនាំ​ដោយ​លោក អ៊ុក រី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា និង​លោក កែវ រ៉េមី ប្រធានកិត្តិយស​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF​។ 
 
​លោក​បួន ហ៊ីង​សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF បាន​បញ្ជាក់ថា បន្ទាប់ពី​បញ្ចប់​សិក្ខាសាលា នឹងមាន​ការប្រគល់​ស​ញ្ញា​ប័ត្រ​ដល់​កីឡាករ​កីឡាការិនី​ផងដែរ​។ បច្ចុប្បន្ន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ I.T.F កម្ពុជា​បច្ចុប្បន្ន​មាន​គ្រូបង្វឹក​ចំនួន​២០​នាក់ ដែលមាន​កម្រិត​ចាប់ពី​២​ដាន់​រហូតដល់​៦​ដាន់​៕

Tag:
 ​តេ​ក្វាន់​ដូ ITF
  បួន ហ៊ីង​សុធី​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com