អន្តរជាតិ
ចៅក្រម​ស្វាគមន៍​ការ​រួចផុត​ទោស​របស់​អតីត​មិត្ត​រួម​ថ្នាក់ ដែល​គាត់​បាន​កាត់ទោស​ពីបទ​ចោរកម្ម​
23, Apr 2016 , 10:40 pm        
រូបភាព
ដោយ: ធីតា
Arthur Booth ត្រូវបាន​ដោះលែង​បន្ទាប់ពី​បាន​បំពេញ​ការជាប់​ពន្ធនាគា​រ​អស់​រយៈពេល​១០​ខែ​នៅ​ក្រុង Miami សហរដ្ឋអាមេរិក ក្នុង​សំណុំរឿង​ចោរកម្ម​។ ក្រៅពី​ក្រុមគ្រួសារ Booth ក៏​ត្រូវបាន​ស្វាគមន៍​ដោយ​អ្នកស្រី Mindy Glazer ដែលជា​ចៅក្រម និង​ជា​អតីត​មិត្ត​រួម​ថ្នាក់​របស់ខ្លួន​ផងដែរ នៅពេលដែល​គាត់​ចេញពី​ពន្ធនាគារ​។​

 
​អ្នកប្រើប្រាស់​អ៊ី​ន​ធ័​រ​ណិ​ត​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​សំណុំរឿង​ចោរកម្ម​មួយ​កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៥ នៅ​តុលាការ Miami សហរដ្ឋអាមេរិក​។ អតីត​មិត្ត​រួម​ថ្នាក់​ពីរ​នាក់​បាន​ជួបគ្នា ក្រោយពី​បែក​គ្នា​អស់​រយៈពេល​រាប់សិប​ឆ្នាំ​។ ប៉ុន្តែ​វា​ជា​ជំនួប​ដ៏​មិន​នឹកស្មាន ដោយ​មិត្ត​ម្នាក់​ជា​ចៅក្រម ហើយ​មិត្ត​ម្នាក់ទៀត​ជា​ជនជាប់ចោទ​ក្នុង​អំពើចោរកម្ម​។​
 
​នៅពេល​សាកសួរ​ភិនភាគ​នាពេល​ដំណើរការ​សវនាការ អ្នកស្រី Mindy Glazer បាន​អះអាងថា ជនល្មើស Arthur Booth អាយុ​៤៩​ឆ្នាំ គឺជា​អតីត​មិត្ត​រួម​ថ្នាក់​របស់​អ្នកស្រី នៅ​សាលា Nautilus Middle School​។ នេះ​បើតាម​ការរាយការណ៍រ​បស់​សារព័ត៌មាន ABC​។​
 
​ពេលនោះ គ្រាន់តែ​អ្នកស្រី​ចៅក្រម បាន​រំលឹក​រឿង​ដើម​ភ្ញៀវ ជនសង្ស័យ​ភ្ញាក់​ព្រើត ហើយ​បាន​មើល​ចៅក្រម​ទាំង​អារម្មណ៍​ខ្មាសអៀន ហើយ​បានត្រឹមតែ​ស្រែកថា «​ឱ ព្រះ​ជា​ម្ចាស់​! ឱ ព្រះ​ជា​ម្ចាស់​»​។​អ្នកស្រី Glazer បាន​និយាយថា​៖ «​ខ្ញុំ​សោកស្តាយ​ខ្លាំងណាស់​ដែល​ឃើញ​អ្នក​នៅទីនេះ​។ ខ្ញុំ​តែងតែ​ឆ្ងល់​ថា តើ​វា​មានរឿង​អ្វី​កើតឡើង​ចំពោះ​លោក​»​។ អ្នកស្រី​បានបញ្ជាក់​ថា Booth គឺជា​អតីត​ក្មេង​ម្នាក់​ដ៏​ល្អ​បំផុត​នៅ​សាលា​។​
 
​អ្នកស្រី បាន​រំលឹក​ផងដែរ​ថា កាល​នៅ​រៀន អ្នកស្រី​ធ្លាប់​លេង​បាល់ទាត់​ជាមួយ Booth និង​ក្មេងៗ​ដទៃទៀត​។ បើ​យោងតាម​សារព័ត៌មាន Local 10 អ្នកស្រី Melissa Miller ដែល​ប្អូនជីដូនមួយ​របស់ Booth  អះអាងថា កាល​នៅ​រៀន Booth គឺជា​សិស្ស​ល្អ​ម្នាក់ ដែលមាន​ជំនាញ​ខាង​កីឡា និង​ភាសា ប៉ុន្តែ​អនាគត​របស់គាត់ ត្រូវបាន​បំផ្លាញ​ដោយសារ​គ្រឿងញៀន និង​ករណី​ឧក្រិដ្ឋកម្ម​ជាច្រើន​។​
 
​នៅក្នុង​សំណុំរឿង​ចោរកម្ម​នោះ អ្នកស្រី​ចៅក្រម Glazer បាន​ពិន័យ Booth នូវ​ទឹកប្រាក់​៤៤ ០០០​ដុល្លារ​អាមេរិក ហើយ​បាន​ជូនពរ​ដល់ Booth ឲ្យ​មានជីវិត​ល្អប្រសើរ​ជាង​នេះ ក្រោយ​ចេញពី​ពន្ធនាគារ​។​
 
​ជាមួយនឹង​ក្តីរំភើប លាយឡំ​ដោយ​ការ​ខ្មាស់អៀន Booth បាន​និយាយថា ចៅក្រម Mindy គឺជា​មនុស្ស​គម្រូ​របស់​ខ្លួន និង​ជា​អ្នក​ដែល​នាំ​ឲ្យ​គាត់​មាន​ជំនឿ​ចិត្ត​ឡើងវិញ​ក្នុង​ជីវិត​។ អ្នកស្រី Mindy បាន​បញ្ជាក់ថា មិត្តភាព​គ្មាន​ព្រំដែន​នោះឡើយ​៕



 

© រក្សាសិទ្ធិដោយ thmeythmey.com