កីឡាជាតិ
ការប្រណាំង​កង់​លើ​ភ្នំ​ឆ្នាំនេះ​មានការ​ខុសប្លែក និង​កើនឡើង​ជាង​ឆ្នាំមុន​
24, Apr 2016 , 9:40 am        
រូបភាព
ដោយ:
​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមេសា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) លោក Pierre Yves Catry​អ្នករៀបចំ​ការប្រកួត​កីឡា​ជិះ​កង់​លើ​ភ្នំ​បាន​អះអាងថា ការប្រណាំង​កង់​លើក​ទី​១០ ដណ្តើមពាន​រង្វាន់​ឆ្នាំនេះ​មានការ​ខុសប្លែក​ជាង​ឆ្នាំមុន​ទាំង​លក្ខខណ្ឌ​នៃ​ការចូលរួម​ប្រកួត​ប្រាក់រង្វាន់ និង​ជម្រើស​ក្រុម ហើយ​ការប្រកួត​នេះ​មាន ៥​ជុំ និង​ធ្វើឡើង​ពេញ​មួយឆ្នាំ​។

 
​លោក Pierre Yves Catry​អ្នករៀបចំ​ការប្រកួត​កីឡា​ជិះ​កង់​លើ​ភ្នំ​បាន​អះអាងថា ការប្រកួត​ឆ្នាំនេះ​មានការ​ខុសប្លែក​ពី​ឆ្នាំមុន ដោយ​ឆ្នាំនេះ​មានការ​ផ្លាស់ប្តូរ​នូវ​លក្ខខណ្ឌ​នៃ​ការចូលរួម​មួយចំនួន​ដូចជា​អ្នកចូលរួម​ប្រកួត​អាច​ជ្រើសរើស​នូវ​ប្រភេទ​ជុំ​ដែល​ខ្លួន​គិតថា​មាន​សមត្ថភាព​គ្រប់គ្រាន់ ហើយ​កម្រិត​សម្រាប់​កុមារ​មានការ​បែងចែក​ជា​ពីរ​កម្រិត ដែល​កំណត់​តាម​អាយុ និង​កម្ពស់​។​
 
​ពាក់ព័ន្ធ​ទៅនឹង​ការបែងចែក​ដោយមាន​កា​រ​កំណត់​អាយុ និង​កម្ពស់​នេះ ត្រូវបាន​អ្នករៀបចំ​ការប្រកួត​ប​ក​ស្រាយ​ថា ដោយសារតែ​ឆ្នាំមុន​មាន​ឪពុកម្តាយ​ដែល​មានកូន​ចូលរួម​ប្រកួត​បានមក​តវ៉ា​រឿង​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដែលមាន​កម្ពស់​ខ្ពស់ មក​ប្រកួត​ជាមួយ​កូន​របស់គាត់​ដែលមាន​កំពស់​ទាប​។ ម្យ៉ាងទៀត​ការធ្វើ​ដូច្នេះ វា​ជាការ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ក្មេងៗ​ឲ្យ​មក​ចូលរួម​ប្រកួត​ផងដែរ​។​
 
​ការប្រណាំង​កង់​នៅលើ​កំពូលភ្នំ​ដែល​រៀបចំ​ដោយ​ក្លិប​កង់​ហោះ សហការ​ជាមួយ Cambo​នេះ មានការ​ប្រកួត​៥​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១​ធ្វើឡើង​នៅ​កោះដាច់ នៅ​ថ្ងៃទី​២៤ ខែមេសា ឬ​ឯ​ទី​២ ព្រែកលាប នៅ​ថ្ងៃទី​១៩ ខែមិថុនា ចំណែក​ទី​៣ ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​៣១ កក្កដា ខណៈ​ទី​៤ ភ្នំ​បាសិត នៅ​ថ្ងៃទី​៣០ ខែតុលា និង​ដំណាក់កាល​ទី​៥​ធ្វើ​នៅ​គីរីរម្យ នា​ថ្ងៃទី​២៧ ខែវិច្ឆិកា ពោលគឺ​ការប្រកួត​នេះ​ធ្វើឡើង​ក្នុង​រយៈពេល​មួយឆ្នាំ​ពេញ​តែម្តង​។​
 
​ការប្រកួត​នេះ​មាន​៩​វិញ្ញាសា​ចូលរួម​គឺ វិញ្ញាសា A1, A2, B1, B2, C1, C2, C3, W និង VIP ដោយ A1 ក្រុម​ដែលមាន​ជំនាញ​បំផុត​(​មិន​គិត​អាយុ​),A2 ជា​ក្រុម​ជំនាញ​(​អាយុ​ចាប់ពី​៣០​ឆ្នាំ ឬ​លើសពីនេះ​),B1 ក្រុម​កម្រិត​មធ្យម​(​អាយុ ១៦-៣០​ឆ្នាំ​), B2 ក្រុម​កម្រិត​ធ​ម្យ​ម​(​អាយុ​៣០​ឆ្នាំ​ឡើងទៅ​),C1 ក្រុម​វ័យក្មេង​(​អាយុ​១៥-១៦​ឆ្នាំ មាន​កម្ពស់​លើស​១៥៥​សង់ទីម៉ែត្រ​), C2 ក្រុម​ទើប​ជិះ​ថ្មី​(​អាយុ​១៧-៣៣​ឆ្នាំ​), C3 ក្រុម​ទើប​ជិះ​ថ្មី​(​អាយុ ៣៤-៣៩​ឆ្នាំ​), W កម្រិត​ក្រុម​សម្រាប់​ស្ត្រី និង VIP ជា​ក្រុម​កម្រិត​អាយុ​ចាប់ពី​៤០​ឆ្នាំ​ឡើងទៅ​។​
 
​សម្រាប់​ប្រាក់រង្វាន់​ម្ចាស់​កម្រិត​A1 លេខ​១​ទទួលបាន​១០០​ដុ​លា្ល​រ​, លេខ​២ បាន​៧៥​ដុល្លារ​, លេខ​៣ បាន​៥០​ដុល្លារ​, លេខ​៤ បាន​៣០​ដុល្លារ​, លេខ​៥ បាន​២០​ដុល្លារ និង​លេខ​៦ បាន​១៥​ដុល្លារ​ឫ​ឯ A2 លេខ​១ បាន​៥០​ដុល្លារ​, លេខ​២ បាន​៣៥​ដុល្លារ​, លេខ​៣ បាន​៣០​ដុល្លារ​, លេខ​៤ បាន​២៥​ដុល្លារ និង​លេខ​៥ បាន​១០​ដុល្លារ​។​
 
​កម្រិត B1 និង B2 លេខ​១​ទទួលបាន​៣០​ដុ​លា្ល​រ​, លេខ​២​បាន​២៥​ដុល្លារ​, លេខ​៣ បាន​២០​ដុល្លារ​, លេខ​៤ បាន​១៥​ដុល្លារ និង​លេខ​៥​ទទួលបាន​១០​ដុល្លារ​។ ចំណែក កម្រិត​ស្ត្រី លេខ​១​ទទួលបាន​២០​ដុល្លារ លេខ​២​បាន​១៥​ដុល្លារ និង​លេខ​៣​បាន​១០​ដុល្លារ និង​កម្រិត C1, C2, C3,  VIP និង​ក្មេងៗ ទទួល​គ្រឿង​បរិក្ខា​កង់​ផ្សេងៗ​៕  

Tag:
 ជិះ​កង់​លើ​ភ្នំ​
  Pierre Yves Catry
© រក្សាសិទ្ធិដោយ thmeythmey.com