ជាតិ
សង្គមជាតិ
ក្រសួង​សាធារណការ​នឹង​រៀបចំ​គំនូស​ចរាចរណ៍​ថ្មី និង​ចំណែក​ផ្លូវ​សម្រាប់​អ្នកជិះ​កង់​
24, Apr 2016 , 9:48 am        
រូបភាព
ដោយ:
​រដ្ឋមន្ត្រីក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹងថា ក្រសួង​នឹង​រៀបចំ​អ៊ុត​គំនូស​ចរាចរណ៍​ថ្មី​ដែលមាន​គុណភាព​ជាប់​បានយូ មិនឆាប់​រលុប​ដូច​គំនូស​ផ្លូវ​ចាស់​ឡើយ​។ ការបញ្ជាក់​របស់លោក ស៊ុន ចាន់ថុល នេះ​ធ្វើឡើង​នៅពេល​ចុះ​ពិនិត្យ​ការ​អ៊ុត​គំនូស​ចរាចរណ៍ នៅលើ​មហាវិថី​សុរាម្រិត ចាប់ពី​មហាវិថី​សម្តេច​សុធារស រហូតដល់​រង្វង់​មូល​វិមានឯករាជ្យ​កាលពី​យប់​ថ្ងៃទី​២៣ មេសា​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន សាជីវកម្ម​-​ស្ពាន​ថ្នល់​ចិន ។​


 
​លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា គំនូស​ចរាចរណ៍​ថ្មី​នេះ​នឹង​អាច​ប្រើប្រាស់​បាន​យ៉ាងតិច​១​ឆ្នាំ ដែលមាន​គុណភាព​ល្អជា​ង​គំនូស​ចរាចរណ៍​ចាស់ អាច​ប្រើប្រាស់​តែ​៣​ប៉ុណ្ណោះ​។ ថ្លែង​ចំពោះមុខ​អ្នកកាសែត​លោក ស៊ុន ចាន់ថុល បន្ថែមថា មន្ទីរ​សាធារណការ នឹង​សាកល្បង​អ៊ុត​គំនូស​ចរាចរណ៍​ថ្មី​នេះ លើ​មហាវិថី​សំខាន់ៗ​ចំនួន​៥​សិន រួមមាន មហាវិថី​ព្រះ​នរោត្តម មហាវិថី​សហព័ន្ធរុស្ស៊ី មហាវិថី​ព្រះសីហនុ មហាវិថី​ម៉ៅ​សេង​ទុង និង​មហាវិថី​កម្ពុជា​ក្រោម​។​
 

​ក្រៅពី​អ៊ុត​គំនូស​ចរាចរណ៍​ថ្មី ក្រសួង​សាធារណការ ក៏​នឹង​រៀបចំ​ចំណែក​ផ្លូវ​(Lane) សម្រាប់​អ្នកជិះ​កង់​ផងដែរ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ពួកគេ ក្នុងពេល​ធ្វើដំណើរ​ដោយ​ជិះ​កង់​នេះ​។​
 
​បើតាម​រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី ក៏​នឹង​រៀបចំ​ភ្លើងស្តុប​ចំនួន​១០០​បន្ថែមទៀត និង​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​៥០០០​ស្លាក​សញ្ញា​ទៀត ដែល​គម្រោង​នេះ​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៦៕
 

© រក្សាសិទ្ធិដោយ thmeythmey.com