កីឡាជាតិ
ចំបាប់​កម្ពុជា​ទ​ទូច​សុំ​កន្លែង​ស្នាក់នៅ​ពី​ក្រសួង​អប់រំ ក្នុង​រយៈពេល​ប្រ​មួល​ផ្តុំ
24, Apr 2016 , 5:40 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បានស្នើរ​សុំ​ក្រសួង​អប់រំ យុវជន និង​កីឡា យក​អគារ​ដំបូលទូក​ស្លាប​ខាងស្តាំ​សម្រាប់​ជា​កន្លែង​ស្នាក់នៅ​របស់​កីឡាករ​កឡា​ការិនី​ជម្រើស​ថ្នាល ក្នុង​រយៈពេល​នៃ​ការប្រមូលផ្តុំ​កីឡាករ​កីឡាការិនី​ជម្រើសជាតិ ដើម្បី​ហ្វឹកហាត់​សម្រាប់​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​ធំៗ ជាពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។

 
​លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ឲ្យ​ដឹងថា​សហព័ន្ធ​បានដាក់​កោ​ល​ការណ៍​ស្នើរ​សុំ​ក្រសួង​អប់រំ យុវជន និង​កីឡា យក​អគារ​ដំបូលទូក​ស្លាប​ខាងស្តាំ ដើម្បី​ជួសជុល​កែលម្អរ​ធ្វើជា​កន្លែង​ស្នាក់នៅ​របស់​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ថ្នាល​។ ការស្នើរ​សុំ​ធ្វើឡើង​បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​ប្រមូលផ្តុំ​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ថ្នាល​ដើម្បី​ហ្វឹកហាត់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ កាលពីដើម​ខែមេសា កន្លងមកនេះ​។​
 
​ពាក់ព័ន្ធ​ទៅនឹង​ការស្នើរ​សុំ​នេះ​ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​ជាគោលការណ៍​អនុញ្ញាត​រួចហើយ ប៉ុន្តែ​នៅ​រង់ចាំ​ការពិភាក្សា​ជាមួយ​ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា អំពី​ចំណុច​ដែល​ត្រូវ​កែលម្អរ និង​ប្រើប្រាស់​។​
 
​លោក ធិ​ន វិចិត្រ បញ្ជាក់​ដូច្នេះ​ថា​៖«​យើង​បាន​ដាក់ចេញ​គោលការណ៍​មួយទៀត​គឺ​ស្នើរ​សុំ​ក្រសួង​អប់រំ យុវជន និង​កីឡា​ប្រើប្រាស់​សាល​ដំបូលទូក​ស្លាប​ខាងស្តាំ​ជា​កន្លែង​ស្នាក់នៅ​របស់​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ថ្នាល​របស់​យើង ពេលនេះ​ក្រសួង​អប់រំ​បានសម្រេច​ជាគោលការណ៍​រូ​ច​ហើយ ប៉ុន្តែ​យើង​បានលឺ​ដំណឹង​ពី​លោក​ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​ថា នឹងមាន​ការកោះហៅ​ប្រជុំ​មួយ​ពាក់ព័ន្ធ​នឹង​ការជួសជុល និង​ប្រើប្រាស់​»​។​
 
​លោក​បាន​បន្តទៀតថា ទោះបី​ជាមាន​កន្លែង និង​កម្រាល​សម្រាប់​ហ្វឹកហាត់​គ្រាប់​គ្រាន់​ក៏ពិតមែន ប៉ុន្តែ​បច្ចុប្បន្ន​នៅមាន​ការខ្វះខាត​នូវ​ឧបករណ៍​ហាត់​សាច់ដុំ​មួយចំនួន បើទោះបីជា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​មាន​ឧបករណ៍​នេះ​ទាំង​ឈុត​ធំ និង​ឈុត​តូច​ក៏ដោយ ប៉ុន្តែ​ចំបាប់​ជា​កីឡា​មួយ​ប្រភេទ​ដែល​ប្លែក​ជាងគេ គឺ​តម្រូវ​ឲ្យ​មាន​ឧបករណ៍​ហាត់​កម្លាំងកាយ និង​សាច់ដុំ​នៅក្នុង​កន្លែង​ហ្វឹកហាត់​ផ្ទាល់​តែម្តង​។​
 
​ដោយឡែក នៅក្នុង​សំណើរ​នៃ​ការស្នើរ​សុំ​របស់​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ពី​ក្រសួង​អប់រំ​គឺ​គ្រាន់តែ​ឲ្យ​ជួយ​ជុល​ប្រព័ន្ធ​ទឹក និង​ភ្លើង​តែប៉ុណ្ណោះ សម្រាប់​គ្រែ និង​ម៉ាស៊ីនត្រជាក់​ជា​បន្ទុករ​បស់​សហព័ន្ធ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​កី្ត លោក ធិ​ន វិចិត្រ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​ចាត់ទុកថា វា​មិនជា​បញ្ហា​នោះទេ ព្រោះ​លោក Casey Barnett​បាន​ឧបត្ថម្ភ​គ្រែ​ដេក​ពីរ​ជាន់​ចំនួន ៨ ម៉ាស៊ីនត្រជាក់​ពីរ​គ្រឿង និង​សម្ភារៈ​ជាច្រើន​ទៀត ដែល​ចំណាយ​ថវិការ​អស់​ប្រមាណ​ជាជាង ៣​ពាន់​ដុល្លារ​។ 
 

​ពាក់ព័ន្ធ​ទៅនឹង​ការចំណាយ​ថវិការ​ផ្តា​ល់​ខ្លួន​របស់លោក Casey Barnett ក្នុងការ​ឧបត្ថម្ភ​នេះ លោក​អគ្គលេខាធិការ​ចំបាប់​បាន​រៀបរាប់ថា ដោយសារ លោក Casey Barnett ជា​អតីត​កីឡាករ​ចំបាប់​នៅ​សហរដ្ឋអាមេរិក​តាំងពី​ថ្នាក់​វិទ្យាល័យ ហើយ​លោក​ធ្លាប់ជា​កូនសិស្ស​ដែល​ហាត់​នៅ​សហព័ន្ធ​ចំបាប់​នេះ​ថែម​ទៀតផង ដូច្នេះ​ប្រហែលជា​គាត់​ដឹង​ពី​សុខទុក្ខ​របស់​កីឡាករ​កីឡាការិនី​ក្នុង​រយៈពេល​ហ្វឹកហាត់​។ 
 
​គួរ​បញ្ជាក់ថា សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា​ក្នុងការ​ប្រមូលផ្តុំ ដើម្បី​ហ្វឹកហាត់​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​មាន​កីឡាករ ៥​នាក់ កីឡាការិនី​៥​នាក់ និង​គ្រូបង្វឹក​ចំនួន​២​នាក់ ហើយ​ការប្រមូលផ្តុំ​ធ្វើឡើង​រយៈពេល ៦​ខែ ចាប់ពី​ខែមេសា ដល់​ខែកញ្ញា​៕ 
 

Tag:
 ចំបាប់​
  ធិ​ន វិចិត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com