ជាតិ
The voice៖ មួយគាចាញ់ហ្សាណា តែធ្វើឲ្យគ្រូបង្វឹក និងអ្នកទស្សនាស្រក់ទឹកភ្នែក
× បើទោះបីជាខ្លួនមានសួតតែមួយចំហៀងក៏ដោយ បេក្ខនារី អ៊ឹង មួយគា បានប្រឹងប្រែងអស់ពីសមត្ថភាពនៅក្នុងការប្រកួតរបស់នាង នៅក្នុងវគ្គ The Battle សប្តាហ៍ទី២ នៃកម្មវិធី The Voice Cambodia រដូវកាលទី២។ បើទោះបីជាមិនអាចយកឈ្នះគូប្រកួតរបស់ខ្លួន គឺបេក្ខនារី រ៉េត ស៊ូហ្សាណាបានក៏ដោយ ប៉ុន្តែអ៊ឹង មួយគា បានធ្វើឲ្យគ្រូបង្វឹក និងអ្នកទស្សនាទប់ទឹកភ្នែកមិនបាន ដោយសារតែការខំប្រឹងបញ្ចេញសមត្ថភាពរបស់នាង។
នៅក្នុងវគ្គ The Battle សប្តាហ៍ទី២ នៃកម្មវិធី The Voice Cambodia រដូវកាលទី២ បេក្ខនារី អ៊ឹង មួយគា បានធ្វើឲ្យគ្រូបង្វឹក និងទស្សនិកជនស្រក់ទឹកភ្នែក ដោយសារតែការប្រឹងបញ្ចេញសមត្ថភាពរបស់នាង។ បេក្ខនារី អ៊ឹង មួយគា បានច្រៀងបទ«Girl on Fire» ជាមួយដៃគូដ៏មានសមត្ថភាពម្នាក់ទៀត គឺបេក្ខនារី រ៉េត ស៊ូហ្សាណា ដែលមកពីរាជធានីភ្នំពេញដូចគ្នា។
បើតាមការបញ្ជាក់របស់ កញ្ញា ឱក សុគន្ធកញ្ញា ដែលជាគ្រូបង្វឹក កូនក្រុមរបស់ខ្លួន គឺកញ្ញា អ៊ឹង មួយគា បានវះកាត់សួតមួយចំហៀង និងមានបញ្ហាបំពង់សំឡេង ទើបធ្វើឲ្យនាងមានបញ្ហានៅពេលច្រៀង។ ក្រោយដឹងថានាងមានបញ្ហានេះទាំងគ្រូបង្វឹក និងទស្សនិកជន មិនអាចទប់ទឹកភ្នែកបានឡើយ ព្រោះតែស្ញើចសរសើរនូវការតាំងចិត្ត ប្រឹងប្រែងរបស់មួយគា ទាំងដែលខ្លួនមានសួតតែមួយចំហៀង។
សម្រាប់កញ្ញា ឱក សុគន្ធកញ្ញា ដែលជាគ្រូបង្វឹកផ្ទាល់ បានបញ្ជាក់ថា នាងស្រឡាញ់ការខំប្រឹងប្រែង តស៊ូ របស់ស៊ូហ្សាណា និងមួយគាស្មើគ្នា។ មិនតែប៉ុណ្ណោះនាងថែមទាំងបានសរសើរពីការខិតខំប្រឹងប្រែង តស៊ូរបស់កូនក្រុមទាំងពីរថា ពួកគេមានឆន្ទៈ ខំពុះពារគ្រប់ឧបសគ្គ ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួនដែលចង់ក្លាយជាតារាចម្រៀង។ សុគន្ធកញ្ញា បាននិយាយទាំងអួលដើមកថា៖«ខ្ញុំរំភើបចិត្ត ហើយខ្ញុំត្រេកអរ ដែលបានទទួលក្មេងស្រីពីរនាក់នេះជាកូនក្រុមរបស់ខ្ញុំ។ ខ្ញុំស្រឡាញ់អ្នកទាំងពីរ»។
ក្រោយពីបញ្ជាក់ពីសមត្ថភាព និងការខំប្រឹងរបស់កូនក្រុមវ័យក្មេងទាំងពីរនាក់របស់ខ្លួន គ្រូបង្វឹករូបនេះ បានសម្រេចចិត្តជ្រើសរើសយក បេក្ខនារី រ៉េត ស៊ូហ្សាណា ទៅកាន់វគ្គLive Show ដែលការសម្រេចចិត្តនេះ មានន័យថា កញ្ញា អ៊ឹង មួយគា ត្រូវធ្លាក់ចេញពីកម្មវិធី។
បើទោះបីជាមិនបានបន្តទៅវគ្គLive Show ក៏ដោយកញ្ញា អ៊ឹង មួយគា បាននិយាយថានាងសប្បាយចិត្ត ហើយនេះជាជោគជ័យដ៏ធំមួយរបស់ខ្លួន។ មួយគាបញ្ជាក់យ៉ាងនេះថា៖«ខ្ញុំទទួលបានជោគជ័យមួយដ៏ធំបំផុតនៅក្នុងជីវិតរបស់នាង»។ ការប្រឹងប្រែងរហូតឈានដល់វគ្គ The Battle នេះក៏ជាឱកាសដ៏ធំបំផុតរបស់នាងដែរ។ នេះជាការបន្ថែមរបស់ មួយគា មុននឹងនាងចាកចេញ ទន្ទឹមនឹងការអះអាងថា ខ្លួននឹងមកកាន់កម្មវិធីនេះ នៅរដូវកាលក្រោយៗទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com