កីឡាជាតិ
ជាតិ
កីឡាអត្តពលកម្ម​ពីរ​ប្រភេទ​ត្រូវបាន​ប្រមូលផ្តុំ ខណៈ​៣​ប្រភេទ​នឹង​ស្នើ​ឲ្យ​មាននៅ​ឆ្នាំក្រោយ​
26, Apr 2016 , 7:39 pm        
រូបភាព
ដោយ:
​កីឡា​អត្ត​ព​កម្ម​ចំនួន​ពីរ​ប្រភេទ​វិញ្ញាសា​ត្រូវបាន​ប្រមូលផ្តុំ​យុវជន​ថ្នាល​ជម្រើសជាតិ​នៅក្នុង​ឆ្នាំ​២០១៦​នេះ ខណៈ​៣​ប្រភេទ​វិញ្ញាសា​ផ្សេងទៀត​មិនត្រូវ​បានធ្វើការ​ប្រមូល​ផ្តុំ ប៉ុន្តែ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ទទួលបន្ទុក​ផ្នែក​យុវជន​ថ្នាល លោក ជួង សារ៉េត បាន​ឲ្យ​ដឹងថា សហព័ន្ធ​នឹងដាក់​គម្រោង​ស្នើរ​ឲ្យ​មាននៅ​ឆ្នាំក្រោយៗ​។



​កីឡាអត្តពលកម្ម​ពីរ​ប្រភេទ​វិញ្ញាសា​ពោលគឺ វិញ្ញាសា​រត់​ចម្ងាញ និង​រត់​ល្បឿន​ត្រូវបាន​ក្រសួង​អប់រំ​យុវជន និង​កីឡា​បានអនុញ្ញាត​ឲ្យ​ធ្វើការ​ប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​យុវជន​ថ្នាល​សម្រាប់​ឆ្នាំ​២០១៦ ដើម្បី​ហ្វឹកហាត់​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។  ជាមួយគ្នានេះ ៣​ប្រភេទ​កីឡាអត្តពលកម្ម​ផ្សេងទៀត​ដូចជា លោត​ចម្ងាយ លោត​កម្ពស់ និង​ចោលដុំដែក មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើការ​ប្រមូលផ្តុំ​យុវជន​ថ្នាល​ឡើយ​។  

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក ជួង សារ៉េត គ្រូ​ជំនួយ​បង្វឹក​ក្រុម​ជម្រើសជាតិ​ទទួលបន្ទុក​ផ្នែក​យុវជន​បាន​បញ្ជាក់ថា សហព័ន្ធ​កីឡា​ខ្មែរ​អត្តពលកម្ម​កម្ពុជា​នឹង​ស្នើរ​ឲ្យ​មាន​៣​ប្រភេទ​វិញ្ញាសា​នេះ​នៅក្នុង​ឆ្នាំក្រោយៗ​ទៀត ហើយ​លោក​បាន​ចាត់ទុកថា ប្រសិនបើ​អត្តពលកម្ម​ទទួលបាន​ការប្រមូលផ្តុំ​នូវ​ប្រភេទ​វិញ្ញាសា​ទាំងនេះ កម្ពុជា​នឹងមាន​សង្ឃឹម​ច្រើន​សម្រាប់​ក្នុងការ​ដណ្តើម​មេដាយ​ពី​ការប្រកួត​ស៊ី​ហ្គេម​ដែល​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​។​


​សម្រាប់​ឆ្នាំនេះ​អត្ត​ព​កម្ម​ទទួល​ប​បានការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ ក្នុងការ​ប្រមូលផ្តុំ​ក្រុមយុវជន​ជម្រើសជាតិ​ថ្នាល​ចំនួន​៨​នាក់ រួមមាន កីឡាការិនី បែន សីហា​, ប៊ូ ស៊ុន​ណា​រី​, ងួន ចរណៃ​, ប៊ូ សំណាង​, កីឡាករ សាត ឧ​ត្ត​ម​, សៀម មាតុ​វ​ឌ្ឈ​នា​, ផាត សុ​ភុ​ត និង​កីឡាករ ឃ្លាំង បេ​ប៊ុន​ណា​រ៉ា​។ ចំនូ​ន​នេះ​ត្រូវបាន​លោក ជួង សារ៉េត ចាត់ទុកថា វា​មិន​ឆ្លើយតប​នៅ​នឹង​តម្រូវការ​របស់​សហព័ន្ធ​នោះទេ ដោយ​លោក​ចង់​ឲ្យ​មាន​ច្រើនជាង​នេះ ដើម្បី​ងាយស្រួល​ក្នុងការ​ចំរាញ់​យក​កីឡាករ​ដែល​ល្អៗ​សម្រាប់​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​។    

​លោក​បញ្ជាក់​ដូចនេះ​ថា​៖«​ក្រសួង​ផ្តល់​ឲ្យុ​យុវជន​ថ្នាល​ចំនួន​៨​នាក់​សម្រាប់ធ្វើ​ការប្រមូល​ផ្តុំ តែ​ចំនួន​នេះ​វា​មិនបាន​ឆ្លើយតប​នៅ​នឹង​តម្រូវ​នោះទេ តែ​សម្រាប់​ខ្ញុំ ចង់បាន​ច្រើនជាង​នេះ និង​ច្រើន​វិញ្ញាសារ ព្រោះ​ការជ្រើសរើស​មក​ប្រមូលផ្តុំ​នេះ គឺមាន​តែ ២ វិញ្ញាសារ ប៉ុណ្ណោះ គឺ​រត់​ល្បឿន និង​រត់​ចម្ងាញ​។ ហើយ​យើង​ចង់បាន​វិញ្ញាសា​ជាច្រើន​ទៀត​ដូចជា វិញ្ញាសា​លោត​កម្ពស់ វិញ្ញាសា​លត​ចម្ងាយ និង​ចោលដុំដែក​»​។​


​លោកគ្រូ​ជំនួយ​រូបនេះ​បាន​បន្ថែមទៀតថា ការជ្រើសរើស​ក្រុមយុវជន​ថ្នាល​ក្នុងការ​ប្រមូលផ្តុំ​សម្រាប់​វិញ្ញាសា​អត្តពលកម្ម​នេះ​វា​មានការ​លំបាក​បន្តិច​ដោ​យ​សារ​ខាង​សហព័ន្ធ​មិនបាន​ផ្សព្វផ្សាយ​គ្រប់​ទូទាំងប្រទេស ហើយ​ការជ្រើសរើស​នេះ​គឺ​ជ្រើសរើស​តែ​តាម​សាលា​ណា​ដែល​នៅ​ជិត​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​។

​គួរ​បញ្ជាក់ថា កីឡាអត្តពលកម្ម​នឹងធ្វើ​ការប្រមូលផ្តុំ​រយៈ​១០​ខែ​ក្នុង​មួយឆ្នាំ ការប្រមូលផ្តុំ​នេះ​ធ្វើឡើង​រយៈពេល​៧​ឆ្នាំ​រហូតដល់​ការប្រកួត​ស៊ី​ហ្គេម​។ ហើយ​ក្រុមយុវជន​ថ្នាល​ដែល​កំពុងធ្វើការ​ប្រមូល​នេះ សហព័ន្ធ​នឹងធ្វើ​ការប្រកួត ដើម្បី​វាស់​ស្ទង់​សមត្ថភាព ប្រសិនបើ​កីឡាករ​ណា​ដែល​មិនមាន​សមត្ថភាព​គ្រប់គ្រាន់​សហព័ន្ធ​នឹង​ជ្រើស​រើសយក​សមាសភាព​ផ្សេងទៀត​ដើម្បី​ជំនួស​ពួកគេ​ទាំងនេះ​៕ 



Tag:
 អត្តពលកម្ម​
 ​ ជួង សារ៉េត
© រក្សាសិទ្ធិដោយ thmeythmey.com