កីឡាជាតិ
ជាតិ
លោក អូន ព័ន្ធមុន្នីរ័ត្ន ប្រកាស​កាន់​កីឡា​កា​រ៉ា​តេ​ដូ ជាមួយនឹង​លក្ខខណ្ឌ​មួយចំនួន​
27, Apr 2016 , 8:59 am        
រូបភាព
ដោយ:
ដើម្បី​ឲ្យ​ស្រប​តាម​គោលការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ដាក់ចេញ​កាលពីពេល​កន្លងទៅ​ថា ក្រសួង​មួយ​យ៉ាងហោចណាស់​ត្រូវ​ដឹកនាំ​កីឡា​មួយ​ប្រភេទ ដើម្បី​អភិវឌ្ឍន៍​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម​ដែល​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​។ ជាមួយគ្នានេះ លោក អូន ព័ន្ធ​មុន្ន​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានប្រកាសថា ខ្លួន​នឹង​កាន់​កីឡា​កា​រ៉ា​តេ​ដូ ប៉ុន្តែ​ទាមទារ​លក្ខខណ្ឌ​មួយចំនួន​។

 
​លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានប្រកាសថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​កាន់កាប់​កីឡា​កា​រ៉ា​តេ​ដូ ប៉ុន្តែ​ជាមួយគ្នានេះ លោក បានទាមទារ​នូវ​លក្ខខណ្ឌ​មួយចំនួន គឺ​តម្រូវ​ឲ្យ​សហព័ន្ធ កិ្ល​ប​-​សមាគមន៍​ទាំងអស់​ត្រូវ​ចេះ​រួបរួមគ្នា នឹង​សាមគ្គី​គ្នា​ជាមុនសិន​។ ការធ្វើ​បែបនេះ​ដើម្បី​ឲ្យ​ស្របទៅតាម​គោលការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ន​បាន​ដាក់ចេញ​នាពេល​កន្លងមក​ថា ក្រសួង​មួយ​ត្រូវ​កាន់​កីឡា​មួយ​ប្រភេទ​។ 
 
​លោក​រដ្ឋមន្ត្រី​ថ្លែង​ដូចនេះ​ថា​៖«​ខ្ញុំ​គាំទ្រ ប៉ុន្តែ​ខ្ញុំ​សុំ​ដាក់​លក្ខខណ្ឌ​មួយ គឺ​តម្រូវ​ឲ្យ​គ្រប់​ក្លិប​សមាគមន៍​ទាំងអស់​ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​ចាត់តាំង​ឡើងវិញ​ឲ្យ​បានល្អ​នៅក្នុង​រង្វង់​ខេមរ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ ដោយមាន​ការឯកភាព​គ្នា សាមគ្គី​គ្នា យោគយល់​គ្នា រួបរួមគ្នា និង​ត្រូវ​ចូលរួម​លើកស្ទួយ​កីឡា​នេះ​ដោយ​មិន​ប្រកាន់​ក្រុម មិន​ប្រកាន់​សាលា មិន​ប្រកាន់​គ្នា​យើង​ឬ​គ្នា​គេ រួម​ចលនា​រៀប​ចំការ​គ្រប់គ្រង​មួយ​ដ៏​រឹងមាំ ច្បាស់លាស់ ឲ្យ​អន្តរជាតិ​គេ​ទទួលស្គាល់ ហើយ​គេ​អាចជួយ​គាំទ្រ​យើង​បាន ធ្វើ​បែ​បន​នេះ​បាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​គាំទ្រ​កីឡា​មួយ គឺ​កីឡា​កា​រ៉ា​តេ​ដូ​»​។ 
 
​លោក​រដ្ឋមន្ត្រី​រូបនេះ​បាន​សន្យាថា ប្រសិនបើ​មានការ​រួមគ្នា ឯកភាពគ្នា នៅក្នុង​ផ្ទៃក្នុង​នៃ​រង្វង់​ខេ​មរ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ លោក នឹង​ជួយ​ផ្គត់ផ្គង់ នឹង​ស្វែងរក​ជំនួយ​ពី​បរទេស​បន្ថែម​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ សម្រាប់​ជួយ​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​។ ទន្ទឹមនឹងនេះ លោ​កក៏​សន្យា​ផងដែរ​ថា យ៉ាងយូរ​មួយឆ្នាំ លោក នឹង​រៀបចំ​ឲ្យ​មានការ​ប្រកួត​ជ្រើសរើស​ជើង​ខ្លាំង​នៅតាម​បណ្តា​ក្លិប សមាគមន៍​នីមួយៗ ដើម្បី​ធ្វើការ​ប្រមូលផ្តុំ​កីឡាករ​ កីឡាការិនី​ជម្រើសជាតិ ​ថ្នាល​ហ្វឹកហាត់ សម្រាប់​ត្រៀម​ប្រកួត​ស៊ី​ហ្គេម ប្រសិនបើ​មានការ​ឯកភាព​ផ្ទៃក្នុង និង​មាន​ឆន្ទៈ​។​
 
​ជាមួយគ្នានេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​រៀបរាប់​ពី​ប្រវត្តិ​របស់​ក្បាច់គុន​កា​រ៉ា​តេ​ដូ​ថា កីឡា​កា​រ៉ា​តេ​ដូ​ដែល​គេ​ស្គាល់​ថា ជា​កីឡា​មួយ​ប្រភេទ​ដែលមាន​ប្រភព​មកពី​ប្រទេស​ជប៉ុន បាន​ហូរ​ចូលមក​ប្រទេស​កម្ពុជា​នៅ​ទស្សវត្ស​ទី​៦០​។ ហើយ​ការ​តាម​ការស្រាវជ្រាវ​កីឡា​មួយ​នេះ​មាន​ប្រភព​ចេញពី​ក្បាច់គុន​ចិន នៅ​អំឡុង​សតវត្ស​ទី​១៧ ទី​១៨ ដោយ​អ្នកជំនួយ​ចិន​មករក​ស៊ី​នៅលើ​កោះ​អុក​ស៊ីន​ណូ​វ៉ា ពេលនោះ​ជនជាតិ​ជប៉ុន​ក៏បាន​បង្កើត​ឲ្យ​មាន​ក្បាច់គុន​ផ្ទាល់​របស់ខ្លួន​ដែលមាន​ឈ្មោះថា កា​រ៉ា​តេ​ដូ ដែល​មានន័យថា ក្បាច់គុន​ដែល​ប្រើតែ​កណ្តាប់​ដៃទទេ​៕  
 
 

Tag:
 អូន ព័ន្ធមុន្នីរ័ត្ន​
  កា​រ៉ា​តេ​ដូ​
  ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com