កីឡាជាតិ
ជាតិ
លោកគ្រូ យ៉ាន បង្ហាត់​រត់​ចំងាយ​
27, Apr 2016 , 4:51 pm        
រូបភាព
 
​ពាក្យ​ណែនាំ​លេខ​១៖ ការចាប់ផ្ដើម​ហាត់ប្រាណ​
 
​កាលពី ១០​ឆ្នាំកន្លងមក​នៅ​ប្រទេស​កម្ពុជា មាន​ព្រឹត្តិការណ៍​រត់ប្រណាំង​ប្រចាំឆ្នាំ​តែ ១​គត់ គឺ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ​។ នៅពេល​បច្ចុប្បន្ននេះ ក្នុង​១​ឆ្នាំ មានការ​ប្រកួត​រត់​ចំងាយ​ចំនួន​ប្រមាណ ២០​ទូទាំងប្រទេស​ខ្មែរ​។ ច្បាស់​ហើយ​គឺមាន​ប្រជាពលរដ្ឋ​កាន់តែច្រើន ដែល​រត់​កីឡា ដើម្បី​មាន​សុខភាព​ល្អ អាយុ​វែង និង​ដើម្បី​សប្បាយ​។​

 
​ប្រសិនបើ​លោកអ្នក​មានបំណង​ចង់​ចាប់ផ្ដើម​ហាត់ប្រាណ​យ៉ាង​ទៀងទាត់ សូមកុំ​ហាត់​ខ្លាំងពេក​! គ្មាន​ជើងឯក​ណា​ម្នាក់ ដែល​មិនមាន​បទពិសោធន៍​រត់​ចំងាយ​តាំងពី​យូរ​ឆ្នាំ​នោះទេ​។ មុនដំបូង​ត្រូវ​ចេញ​ហាត់ ១​ឬ​២​ដង​ក្នុង ១​សប្ដាហ៍ អាស្រ័យ​តាម ចំងាយ ពេលវេលា រាងកាយ អាយុ និង​សុខភាព​របស់លោក​អ្នក​។ ពេលដែល​យើង​រត់​កីឡា​ដំបូង យើង​គិតថា​ហត់​ណាស់​។ យើង​មាន​អារម្មណ៍​ថា យើង​មិនអាច​រត់​ដូច​គេ​ទេ​។ នេះ​ជាការ​ធម្មតា ចូរ​ទុកជា​ជំហាន​ទី​១​។ យូរៗ​ទៅ​កាយ​របស់​យើង​មាន​សភាព​ស៊ាំ​។ យើង​រត់​ឆ្ងាយ​ទៅៗ យូរ​ទៅៗ លឿន​ទៅៗ​។​
 
​ទើប​អាច​ចេញទៅ​ហាត់ប្រាណ ៣​ឬ​៤​ដង​ក្នុង ១​ស​ប្ដា​សហ៍​។ បន្ទាប់ពី​រយៈពេល ៣​ឬ​៤​ខែ ភាកច្រើន​មាន​អារម្មណ៍​ថា​ខ្លួនឯង​ខ្លាំង​ទៅៗ និង​ការរត់​វា​ស្រួល​ទៅៗ​។ ពេលនោះ​យើង​យល់ថា​កាយ​របស់​យើង​មាន​សមត្ថភាព ដែល​យើង​ស្មាន​មិន​ដល់​។ ក៏ប៉ុន្តែ​សូម​ប្រុងប្រយ័ត្ន​! មុននឹង​ចេញ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ ខ្ញុំ​បាន​ហ្វឹកហ្វឺន​រយៈពេល ១០​ឆ្នាំ​! ខ្ញុំ​ចង់​និយាយ​ថាបើ​លោកអ្នក​ចង់​រត់​កីឡា​រាល់ថ្ងៃ កុំអាល ចាំ​យ៉ាងតិច ៥​ឬ​៦​ខែ​ទៀត​។​
 
​ម្យ៉ាងទៀត​បើសិនជា​លោកអ្នក​មិនមែនជា​កីឡាករ​កំពូល ក្នុង​១​អាទិត្យ​គួរ​ទុក ១​ថ្ងៃ​សំរាប់​សំរាកកាយ​។ សរុបមក រាងកាយ​យើង​អាច​រីកចម្រើន​ន​ដោយសារ​កីឡា​មែន ទោះ​ចាស់ ទោះ​ពិការ​ក៏ដោយ​។ ប៉ុន្តែ​កាយ​មនុស្ស​ត្រូវការ​មាន​ពេល​គ្រប់គ្រាន់ ឲ្យ​ស៊ាំ​ជាមួយនឹង​សកម្មភាព​ថ្មី​។ ហេតុនេះហើយ​ត្រូវ​កុំ​បង្ខំ​កាយ​ខ្លាំងពេក ជាពិសេស​ពេល​ដំបូង​។ កុំភ្លេចថា​មាន​ដំណាក់កាល​។ ហើយ​ត្រូវ​ស្គាល់​ខ្លួនឯង​៖ រាងកាយ​ខ្លះ​អាច​ស៊ូទ្រាំ​បាន​ច្រើន រាងកាយ​ខ្លះ​ឆាប់​មាន​បញ្ហា​។ តែ​កីឡា​ជួយ​ឲ្យ​ស្គាល់​ខ្លួនឯង និង​យល់​ពី​កាយ​របស់ខ្លួន​…
 

Tag:
 នាយ​យ៉ាន​
  រត់​ចំងាយ​
© រក្សាសិទ្ធិដោយ thmeythmey.com