ជាតិ
សង្គមជាតិ
ពលរដ្ឋ​បន្ត​ទាមទារ​ឲ្យ​ក្រុមហ៊ុន ING កាត់​ដី​សហគមន៍​ចេញពី​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​
28, Apr 2016 , 2:51 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ប្រមាណ ១៥០ នាក់​មកពី​សហគមន៍​ព្រែក​តា​គង់​១ និង​ខ្វា នៅ​ថ្ងៃទី​២៨​ខែមេសា​នេះ ទាមទារ​ឲ្យ​ក្រុមហ៊ុន ING Holding កាត់​ដី​សហគមន៍​ចេញពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​នៅ​តំបន់​បឹងទំពុន និង​បឹង​ជើងឯក​។ ឆ្លើយតប​នឹង​ការទាមទារ​របស់​ពល​រដ្ឋ លោក ឡុង ង៉ែត អភិបាលរង​ខណ្ឌមានជ័យ សន្យា​បង្កើត​គណៈកម្មការ ដើម្បី​ដោះស្រាយ​បញ្ហាដីធ្លី​នេះ​ដល់​ពលរដ្ឋ​។​


​ពលរដ្ឋ​ប្រមាណ ១៥០ នាក់​បន្ត​ទាមទារ​សាជាថ្មី នៅ​ថ្ងៃទី​២៨​ខែមេសា​នេះ ដើម្បី​ឲ្យ​ក្រុមហ៊ុន ING Holding កាត់​ដី​សហគមន៍​ចេញពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ក្នុង​តំបន់​បឹងទំពុន និង​បឹង​ជើងឯក​។​

បន្ទាប់ពី​មានការ​តវ៉ា លោក កែវ សុខា តំណាង​ក្រុមហ៊ុន ING Holding ចេញមុខ​ឆ្លើយតប​នឹង​ពលរដ្ឋ​ថា ខាង​ក្រុមហ៊ុន​របស់លោក​មិនមាន​សមត្ថកិច្ច​កាត់​ដី ឬ​ដោះស្រាយ​ជូន​ពលរដ្ឋ​នៅ​តំបន់​នោះឡើយ​។ លោក​បន្ថែមថា ពលរដ្ឋ​គួរ​ស្នើសុំ​ទៅ​អាជ្ញាធរ ទើប​ជា​អ្នកមាន​សមត្ថកិច្ច​ដោះស្រាយ​។ 
 
​ប៉ុន្តែ​ពលរដ្ឋ​មកពី​សហគមន៍​ព្រែក​តា​គង់​១ និង​ខ្វា ដែល​ចូលរួម​តវ៉ា​ទាំងនេះ ហាក់​មិន​ពេញចិត្ត​នឹង​ការឆ្លើយតប​របស់​តំណាង​ក្រុមហ៊ុន​ឡើយ ដោយ​ពួកគាត់​តប​វិញ​ថា ខាង​ក្រុមហ៊ុន​ជា​អ្នកអនុវត្ត​គម្រោង​នេះ​ដោយផ្ទាល់ ដូច្នេះ​គួរតែ​ផ្តល់​ដំណោះស្រាយ​ដល់​ពលរដ្ឋ​។ 
 
​អ្នក​តវ៉ា បន្តទៀតថា ការអភិវឌ្ឍន៍​គួរតែមាន​ការចូលរួម​សហការ​ពី​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នោះ មិនគួរ​ក្រុមហ៊ុន​ធ្វើ​អ្វី​តែឯង ដូច​ខាង​ក្រុមហ៊ុន​កំពុង​បូម​ខ្សាច់ ចាក់​លុប​បឹង​នោះទេ​។ តែ​យ៉ាងណា​ពលរដ្ឋ​ទាំងនោះ​ស្នើ​ដល់​ក្រុមហ៊ុន​ជួយ​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី ដើម្បី​ផ្តល់​ការអភិវឌ្ឍន៍​នៅ​និង​កន្លែង​ជូន​ដល់​ពួកគាត់​។ 
 
​លោក ឡុង ង៉ែត អភិបាលរង​ខណ្ឌមានជ័យ សន្យា​នឹង​ពលរដ្ឋ​ថា លោក​នឹង​បង្កើត​គណៈកម្មការ​មួយ ក្នុងពេល​យ៉ាងខ្លី​ខាងមុខ ដែលមាន​សមាសភាព​ពី​អាជ្ញាធរ​ខណ្ឌ និង​មន្ទី​សុរិយោដី ដើម្បី​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​បះ​ពាល់​ក្នុង​តំបន់​បឹងទំពុន​។ តែ​ការទាមទារ​ដំណោះស្រាយ​របស់​ពលរដ្ឋ​សហគមន៍​ខ្វា តំបន់​បឹង​ជើងឯក​លោក ឡុង ង៉ែត ថា មិន​ស្ថិតក្នុង​សមត្ថកិច្ច​របស់​អាជ្ញាធ​រ​ខណ្ឌមានជ័យ​នោះទេ​៕
 
 
 

Tag:
 ដីធ្លី​
  បឹងទំពុន​
  ING Holding
© រក្សាសិទ្ធិដោយ thmeythmey.com