អន្តរជាតិ
អនុ​ប្រធានាធិបតី​អាមេរិក​ទស្សនកិច្ច​ឥត​ប្រកាស​ជាមុន​នៅ​អ៊ីរ៉ាក់
29, Apr 2016 , 4:21 pm        
រូបភាព
ដោយ: ថ្មីៗ
​អនុ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden  អញ្ជើញ​ទៅ​ប្រទេស​អ៊ីរ៉ាក់ ក្នុង​គោលដៅ​គាំទ្រ​និង​ជំរុញ​រដ្ឋាភិបាល​ក្រុង​បា​ដា​ដ​ឲ្យ​បង្កើន​សមត្ថភាព​ប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។ ដំណើរ​ទស្សនកិច្ច​ដែល​គ្មាន​ប្រកាស​ជាមុន​នេះ ធ្វើឡើង​ស្របពេល​ដែល​អ៊ីរ៉ាក់​កំពុង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ​ផង ហើយ​ទស្សនកិច្ច​នេះ​បង្ហាញ​ពី​ការគាំទ្រ​របស់​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ដែរ​។



សូមស្ដាប់ព័ត៌មានលម្អិត៖



​លោក Joe Biden អនុ​ប្រធានាធិបតី​អាមេរិក​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ីរ៉ាក់ នៅ​ថ្ងៃ ២៩ មេសា ម្សិលមិញ​នេះ ហើយ​ទស្សនកិច្ច​របស់លោក​មិនមាន​ប្រកាស​ឲ្យ​ដឹង​ជាមុន​ឡើយ​។  វត្តមាន​របស់​អនុប្រធាន​អាមេរិក​នេះ​កើតមានឡើង​ស្របពេល​ដែល​ប្រទេស​អ៊ីរ៉ាក់ ប្រឈម​បញ្ហា​សេដ្ឋកិច្ច និង​នយោបាយ​ផង​។​

​អាច​ថា​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ សម្រាប់​អនុ​ប្រធានាធិបតី​អាមេរិក​រូបនេះ ចាប់តាំងពី​ទាហាន​អាមេរិក​ត្រូវបាន​ដក​ចេញពី​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ ២០១១​។ ហើយ​លោក​ជា​មន្ត្រីជាន់ខ្ពស់​អាមេរិក​ទី​បី​ដែល​អញ្ជើញ​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់ ក្នុង​ខែមេសា​នេះ ក្រោយ​ដំណើរ​ទស្សនកិច្ច​រដ្ឋមន្ត្រី​ការបរទេស ច​ន ឃែ​រី និង​រដ្ឋមន្ត្រី​ការពារជាតិ​លោក Ashton Carter​។ 

​តាមពិតទៅ គោលបំណង​សំខាន់​នៃ​ការអញ្ជើញ​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​នេះ​គឺ​ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី  Haider al-Abadi ដែល​កំពុង​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ផង និង​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងស្រុក​ផង​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ឥតមាន​ប្រកាស​មុននេះ លោក  Biden បាន​ទៅកាន់​ទីក្រុង​បា​ដា​ដ និង តំបន់ Erbil ហើយ​លោក​ជួប​ជជែក​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ខាងលើ និង​ប្រធានសភា​អ៊ីរ៉ាក់ Salim al-Jabouri ដោយ​ប្រធានបទ​នៃ​កិច្ចពិភាក្សា​គឺ​ទាក់ទង​ការវិវត្ត​នៃ​ការប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន​ដែ​ស្ហ ឬ​ក្រុម​រដ្ឋ​ឥស្លាម រួមទាំង​វាយ​ដណ្តើមយក​តំបន់ Mosul មកវិញ​ផងដែរ​។​

​ចលនា​ប្រឆាំង​ក្រុម​ភេរវជន​ដែ​ស្ហ​នៅ​អ៊ីរ៉ាក់ ហាក់​មានការ​ថមថយ​ដោយសារ​អ៊ីរ៉ាក់​បច្ចុប្បន្ន​ប្រឈម​បញ្ហានយោបាយ​ក្នុងស្រុក​ផង​។ នាយករដ្ឋមន្ត្រី Haider al-Abadi កន្លងមកនេះ​បាន​ប្រឈម​ការប្រឆាំង​ខ្លាំង​ពី​សំណាក់​អ្នកនយោបាយ​ក្នុងស្រុក ដោយសារ​រដ្ឋាភិបាល​លោក​ព្យាយាម​បោសសម្អាត​អំពើពុករលួយ​ក្នុង​ស្ថាប័ន​នយោបាយ​។ ហើយ​ទើបតែ​នៅ​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ​ទេ ដែល​រដ្ឋាភិបាល​លោក​បានទទួល​ការអនុញ្ញាត​និង​គាំទ្រ​ពី​សភា​ដើម្បី​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី​មួយចំនួន​ផង​។ 

​វត្តមាន​លោក Biden និង​មន្ត្រីជាន់ខ្ពស់​អាមេរិក​ច្រើន​រូប​នៅ​អ៊ីរ៉ាក់​បង្ហាញ​ពី​នយោបាយ​ឥត​ងាករេ​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​គាំទ្រ​ដល់​រដ្ឋាភិបាល​ក្រុង​បា​ដា​ដ បច្ចុប្បន្ន​ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ហើយ​ទោះជា​ក្រោយ​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ចប់​នៅ​ខែមករា​ឆ្នាំក្រោយ​ក្តី​។ ហើយ​អាមេរិក​នឹង​បន្ត​ផ្តល់ជំនួយ និង​ការគាំទ្រ​នានា​ដល់​ដំណើរការ​រួបរួម​ជាតិ ផ្សះផ្សា​ជាតិ​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​ឈានទៅ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com