កីឡាជាតិ
ជាតិ
NOCC បរិច្ចាក​ថវិកា​ជាង ៥​ម៉ឺន​ដុល្លារ​ដល់​អង្គការ​មនុស្ស​ធម៌ និង​ពេទ្យ​កុមារ​
04, May 2016 , 8:59 am        
រូបភាព
ដោយ:
គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​បាន​បរិច្ចាគ​ថវិកា​ជាង ៥​ម៉ឺន​ដុល្លារ ​ដែល​បានមកពី​ការប្រកួត​ការរត់​ប្រណាំង​ពាក់កណ្តាល់​ម៉ា​រ៉ា​តុង​អន្តរជាតិ អង្គរវត្ត លើក​ទី​២០ ដល់​អង្គការ​មនុស្សធម៌ និង​មន្ទីរពេទ្យ​កុមារ​។ ការប្រគល់​ទឹកប្រាក់នេះ​ធ្វើឡើង​នៅ​ទី​ស្នាក់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) កាលពី​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦​។

 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​(NOCC) បានប្រគល់​ថវិកា​មនុ​ស្ស​ធម៌​ជាង​៥​ម៉ឺន​ដុល្លារ ដែល​បានមកពី​ការប្រកួត​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ អង្គរ លើក​ទី​២០ កាលពី​ចុងឆ្នាំ​២០១៥ ដល់​អង្គការ​មនុស្សធម៌ និង​មន្ទីរ​កុមារនៅក្នុង​ប្រទេស​កម្ពុជា​ចំនួន​៦​។ ការប្រគល់ថវិកា​នេះ ​ធ្វើឡើង​នៅ​ទីស្នាក់ការ NOCC កាលពី​ព្រឹក​មិញ​នេះ​។ 
 
​ក្នុងនោះ​អង្គការ​កាកបាទក្រហម​កម្ពុជា ១​ម៉ឺន​ដុល្លារ​, អង្គការ Cambodia Trust ២,៦០០​ដុល្លារ​, អង្គការ Cambodia Disable Athletics Federation (CDAF) ២,៤០០​ដុល្លារ​, អង្គការ Handicap International Belgium ២,០០០​ដុល្លារ​, មន្ទីរពេទ្យ​កុមារ​អង្គរ ២៥,០០០​ដុល្លារ និង​ថវិកា ៨,៤០០​ដុល្លារ ប្រគល់ជូន​អង្គការមួយចំនួន​ដែលជា​ប់​ពាក់ពាន់​ជាមួយ​អង្គការ Heart of Gold (Support Disable Athletics, New Child Care Center (NOOC), Physical Education Project និង Youth Development Project)​។​
 
​ឆ្លៀ​ង​ក្នុង​ឱ​កាលនោះ លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា សម្រាប់​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ អង្គរ​នេះ ​មកដល់ពេលនេះ ​មាន​អាយុ​២០​ឆ្នាំ​ហើយ ហើយ​ព្រឹត្តិការណ៍​នេះ​ មានការ​រីកចម្រើន និង​កើនឡើង​ពី​ឆ្នាំទៅ​មួយឆ្នាំ​។ ទិវា​រត់ប្រណាំង​អាច​រស់រាន និង​អាច​ដំណើរការ​មកដល់ពេលនេះ​ ដោយសារ​មាន​ការជួយជ្រោមជ្រែង​ពី​សំណាក់​អង្គការ​របស់​ជប៉ុន គឺ​អង្គការ Heart of Gold​។ 
 
​លោក​បាន​បន្ថែមថា ដោយយោង​តាម​ប្រសាសន៍​របស់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដើម្បី​ឲ្យ​វិស័យ​ទេសចរណ៍​កាន់តែ​មាន​ភា​ព​រីកចម្រើន គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​នឹងធ្វើ​ការពង្រាយ​ព្រឹត្តិការណ៍​រត់ប្រណាំង​នេះ ឲ្យ​មាន​គ្រប់​តំបន់​នៅក្នុង​ប្រទេស​កម្ពុជា​។ ទិវា​រត់ប្រណាំង​នេះ ​មិន​ត្រឹមតែ​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​រក​ចំណូល​ជូន​ប្រជាពលរដ្ឋ និង​សង្គម​ថែម​ទៀតផង​៕  
 
 
 
     
 

Tag:
 ម៉ា​រ៉ា​តុង​
  លោក វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com