ជាតិ
សម្តេច ហ៊ុន សែន អាច​នឹង​ជួប​លោក ពូ​ទីន នៅ រុស្ស៊ី ក្រៅ​កិច្ចប្រជុំ​រុស្ស៊ី​-​អាស៊ាន​
03, May 2016 , 5:20 pm        
រូបភាព
 
​រដ្ឋាភិបាលរ​ស្ស៊ី កំពុង​ស្នើសុំ​ជួប​ទ្វេភាគី​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវមាន​វត្តមាន​នៅក្នុង​ជំនួប​កំពូល រុស្ស៊ី​អាស៊ាន ដែល​នឹងត្រូវ​រៀបចំឡើង​នៅក្នុង​ទីក្រុង Sochi ប្រទេស​រុស្ស៊ី​។ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ថា តើ​សម្តេច ហ៊ុន សែន នឹង​ឆ្លើយតប​យ៉ាងណា​ចំពោះ​សំណើរ​នេះ​?


​រដ្ឋាភិបាល​រុស្ស៊ី បានស្នើ​សុំ​រៀបចំ​ជំនួប​ទ្វេភាគី រវាង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) នៅក្រៅ​កិច្ចប្រជុំ​កំពូល រុស្ស៊ី​-​អាស៊ាន​។ រុស្ស៊ី នឹងធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល រុស្ស៊ី អាស៊ាន នៅ​ថ្ងៃទី​១៩ និង​២០ ឧសភា នៅក្នុង​ទីក្រុង​ទេសចរណ៍ Sochi​។​
 
​ការស្នើ​របស់​រដ្ឋាភិបាល​រុស្ស៊ី​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា និង​ក្រសួងការបរទេស​កម្ពុ​ជា​។ នេះ​បើ​យោងតាម​លិខិតផ្លូវការ​មួយ​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន​។​
 
​លិខិតផ្លូវការ​ដែលមាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីការបរទេស​ស្តីទី គឺ​លោក ឡុង វីសាលោ បាន​សរសេរ​ជូនដំណឹង​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី​អំពី​បំណង​ស្នើសុំ​ប្រជុំ​ទ្វេភាគី​របស់​វិមាន​ក្រេ​ម​ឡាំង​។ លោក ឡុង វិ​សា​លោ បាន​សរសេរ​ជម្រាប​សម្តេច ហ៊ុន សែន យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មាន​កិត្តិយស​សូម​ជម្រាបជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី មេត្តា​ជ្រាបថា ឧ​ត្ត​ម ឌី​មី​ទ្រី ស្វេត​កូវ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​នៅ​ភ្នំពេញ បាន​ជូនដំណឹង​ថា ភាគី​រុស្ស៊ី​ស្នើ​រៀបចំ​ជំនួប​ទ្វេភាគី​រវាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម វ្ល៉ា​ឌី​មៀរ ពូ​ទីន ប្រធានាធិបតី​សហព័ន្ធរុស្ស៊ី​នៅ​រសៀល​ថ្ងៃទី​១៩​ខែឧសភា វេលា​ម៉ោង​១៤ និង​៤៥​នាទី​»​។​
 
​យោងតាម​លិខិត​ដដែល​នេះ ជំនួប​ទ្វេភាគី​នោះ​ត្រូវ​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ Radisson Blu Resort and Congress Center នៅ​ទីក្រុង Sochi ។ 
​សម្តេច ហ៊ុន សែន បានទទួល​លិខិត​របស់លោក ឡុង វិ​សា​លោ នៅ​ថ្ងៃទី​២៩​មេសា​កន្លងទៅ​។ ប៉ុន្តែ​គេ​មិនទាន់​បានទទួល​ព័ត៌មាន​ស្តី​ការឆ្លើយតប​របស់​សម្តេច ហ៊ុន សែន នៅឡើយ​ទេ​៕
 
 

Tag:
 កម្ពុជា​-​រុស្ស៊ី​
  សម្តេច ហ៊ុន សែន​
  ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com