ពីនេះ ពីនោះ
កិច្ចការរដ្ឋ ទំនួល​ខុសត្រូវ​របស់​រដ្ឋ
05, May 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ភាពមានបាន​របស់​រា​ស្ត្រ ជួប​ទុក្ខលំបាក​របស់​រាស្ត្រ គឺជា​ចំណាត់ការ​របស់​រដ្ឋ​ក្នុងការ​ដោះស្រាយ​។ រាស្ត្រ​មានបាន​ត្រូវ​មានមុខ​រដ្ឋ​ជួយ​ជ្រោមជ្រែង ដើម្បី​ឲ្យ​សកម្មភាព​បន្ត​មាន​ព្រោះ​រាស្ត្រ​ទាំងនោះ​ជា​ប្រភព​ចំណូល​របស់​រដ្ឋ​។ តែបើ​រាស្ត្រ​ជួប​ទុក្ខលំបាក ត្រូវ​មានមុខ​រដ្ឋ​ជា​អ្នក​ចេញមុខ​ដោះស្រាយ ហើយ​មិនអាច​ទម្លាក់​បន្ទុក​ទៅលើ​អ្នកណា​ផ្សេង​ក្រៅពី​ខ្លួន​បានទេ ព្រោះ​រដ្ឋ​គឺជា​អ្នកកាន់កាប់​លើ​ការសម្រេចចិត្ត​នៅក្នុង​ការចាយវាយ​លុយ​ជាតិ​។​



​វា​មិនមែនជា​រឿង​ដែល​ចម្លែក និង​មិនដែល​ជួបប្រទះ​នោះទេ ដែល​នៅក្នុង​រដ្ឋ​មួយ​មាន​អ្នកមាន មាន​អ្នកក្រ  មាន​អ្នកទីក្រុង អ្នក​ជនបទ អ្នកមានអំណាច អ្នក​អត់​អំណាច​។  បើទោះបីជា អ្នក​ទាំងនោះ​មាន​ប្រភព មាន​ឋានៈ​សង្គម​ខុសគ្នា ប៉ុន្តែ​ពួកគេ​នៅតែ​ជា​ធាតុ​របស់​សង្គម ហើយ​មានតម្លៃ​ដូចគ្នា​ចំពោះ​សង្គម​។

​ប្រសិនបើ​ភ្នាក់ងារ​សង្គម​ទាំងនេះ​មានតម្លៃ​ចំពោះ​សង្គម​ដូចគ្នា ហេតុនេះ​រដ្ឋ​ត្រូវ​ធានា​ភាពត្រឹមត្រូវ​ជូន​ប្រជាជន​។ រដ្ឋ​ត្រូវ  ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​សុខភាព​ល្អ  ធ្វើ​ឲ្យ​ពួ​គេ​មានចំណេះដឹង​ពិត មាន​ទាំង​កម្លាំងកាយ មាន​ទាំង​កម្លាំង​ប្រាជ្ញា ដើម្បី​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​គុណភាព ដែល​សង្គម​ត្រូវការ​។

​រដ្ឋ​ត្រូវ​ធានា​ឲ្យ​បាន ភាពយុត្តិធម៌​សង្គម ធានា​សិទ្ធិ​ពេញលេញ សេរីភាព ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​។ រដ្ឋ​ត្រូវ​បណ្ដុះ​ភ្នាក់ងារ​សង្គម​របស់ខ្លួន​ឲ្យ​ក្លាយជា​ពលរដ្ឋ​សកម្ម ដើម្បី​រួមចំណែក​កសាង​សង្គម​ទាំង​ផ្នែក សង្គមកិច្ច សេដ្ឋកិច្ច និង​នយោបាយ ជាពិសេស​គឺ​ក្នុង​សកម្មភាព​លើកស្ទួយ​ដំណើ​រវិ​វត្ត​សេដ្ឋកិច្ចជាតិ​ឲ្យ​កាន់តែ​ប្រសើ​ឡើង និង​រួមគ្នា​កសាង​សង្គម​មួយ​ដែលមាន​ភាពថ្លៃថ្នូរ​។ 

​ក៏ប៉ុន្តែ នៅពេល​ចុះ​អនុវត្ត​ការងារ ក្នុងនាម​ជា​រដ្ឋ​មិនត្រូវ​ប្រកាន់​និន្នាការ​នយោបាយ និង​យល់ថា​ខ្លួនឯង​មាន​សម្ពាធ ព្រោះតែ​ទទួលបន្ទុក​ការងារ​ដ៏​លំបាក​ទាំង​នោះទេ​។ ព្រោះថា​កិច្ចការងារ​របស់ខ្លួន​គឺ​ជួយ​ជាតិ អភិវឌ្ឍន៍​ជាតិ ពេល​ជាតិ​ជួប​បញ្ហា រដ្ឋ​ត្រូវតែ​ចេញ​មុខជា​ដាច់​ខាត់​។ តែបើ​យល់ថា​ខ្លួន​មិនអាច​ធ្វើ​កិច្ចការ​ទាំងនោះ​បានទេ ខ្លួន​គ្មាន​សមត្ថភាព​ដោះស្រាយ​ទេ ឬថា​កិច្ចការ​ទាំងនោះ​វា​ហួស​ពី​សមត្ថភាព របស់ខ្លួន មន្ត្រី​រដ្ឋ​បែប​នោះ​គួរ​ណាស់​នាំគ្នា​លាឈប់ ហើយ​រៀបចំ​អ្នកមាន​សមត្ថភាព ដែល​គេ​មាន​មនសិការ និង​ឆន្ទៈ​ពិត​ឲ្យ​បន្តរ​ដោះស្រាយ​បញ្ហា​ជាតិ​។ បើ​មន្ត្រី​ចាស់​ដឹងថា​ខ្លួន​មិនអាច​ធ្វើបាន​គួរ​ណាស់​រីករាយ​ក្នុង​ការលះបង់​មុខនាទី និង​ដំណែង​ខ្លួន ជាជាង​ទ្រាំង​អង្គុយ​ប៉ែង​ជើង​គ្នា ហើយ​សម្លឹងមើល​ភយន្តរាយ​ដែល​កើតមាន​ចំពោះ​ជាតិ​ជា​បន្តបន្ទាប់​។​

​ជារួម មន្ត្រី​រដ្ឋ​ទាំងអស់​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា ខ្លួន​ចង់​កែប្រែ​ជាតិ​ទើប​ទៅកាន់​ការងារ​រដ្ឋ​។ មន្ត្រី​នយោបាយ​ទាំងអស់ ត្រូវ​ច្បាស់​ក្នុង​ចិត្ត​ថា ខ្លួន​មាន​គោលនយោបាយ​ថ្មី​ដែល​អាចធ្វើ​ឲ្យ​ជាតិ​រីកចម្រើន​ទើប​ខំ​ធ្វើ​នយោបាយ​ដើម្បី​បាន​ទៅកាន់​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋ មាន​សិទ្ធិ​ក្នុង​ការធ្វើ​សេចក្ដីសម្រេច​ចិត្តបាន​។ តែបើ​មិនទាន់​ស្គាល់​តួនាទី​ថា មន្ត្រី​រដ្ឋ ថ្នាក់ដឹកនាំ​រដ្ឋ​ត្រូវធ្វើ​អ្វី​ទេ គួរ​ណាស់​មេត្តា​យល់​ពី​ទឹកភ្នែក​រាស្ត្រ នៅពេលដែល​ខ្លួន​បង្ករ​បញ្ហា​ដល់​ប្រជាជន​៕


© រក្សាសិទ្ធិដោយ thmeythmey.com