ពីនេះ ពីនោះ
កំណាព្យ៖ ឈប់ធ្វើ «ជាមនុស្សយ៉ាប់» ព្រោះសំរាមទៀត!
×
ដោយប៉ាកកាខ្មៅ
កំណាព្យបទពាក្យ៧
សំរាមចាប់ច្បាមយកសម្រស់
ធានីស្អាតស្រស់ប្រែអាប់មុខ
សំរាមជះក្លិនស្អុយគគ្រុក
សំរាមជង្រុកផ្ទុកជំងឺ។
ពេលដកដង្ហើមក្លិនឆ្អើមឆ្អាប
ពេលហារមាត់ស្ងាបនឹកឃើញព្រឺ
ខ្លាចមេរោគចូលនាំឲ្យឈឺ
គ្រប់គ្នាដឹងឮប្រភពច្បាស់។
សំរាមតាមជាប់យើងគ្រប់គ្នា
ពុកម៉ែមីងមាទាំងក្មេងចាស់
សំរាមគ្រប់គ្នាអ្នកប្រើប្រាស់
រឿងនេះដឹងច្បាស់អាចដោះស្រាយ។
ដើរលេងឆ្ងាយជិតសូមគិតថា
ទោះញ៉ាំអាហារចំណីបាយ
វេចខ្ចប់រាល់សំណល់ទាំងឡាយ
កុំទុករាយប៉ាយគ្មានសណ្តាប់។
បើយើងចាប់ស្អាតក្រុងស្អាតដែរ
ធ្លាប់ខុសគួរកែជាលំដាប់
ត្រឹមសំរាមចាំបាច់គេប្រាប់
ឈប់ធ្វើអ្នកយ៉ាប់ព្រោះសំរាម៕
© រក្សាសិទ្ធិដោយ thmeythmey.com