កីឡាជាតិ
ជាតិ
ស៊ន សៀវ​ម៉ី ទទួលបាន​១​ម៉ឺន​ដុល្លារ​ពី​ណាហ្គា​វើ​ល​សម្រាប់​ហាត់​ត្រៀម​កីឡា​អូឡាំពិក​
06, May 2016 , 7:39 am        
រូបភាព
ដោយ:
 
​វីរ​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ១​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន​ណាហ្គា​វើ​ល សម្រាប់​ការចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េខាងត្បូង​រយៈពេល​ជាង​២​ខែ ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស សម្រាប់​ត្រៀប​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​អន្តរជាតិ នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល នា​ខែសីហា ខាងមុខនេះ​។ ការប្រគល់​ប្រាក់ឧបត្ថម្ភ​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​របស់ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និង​លោក Pern Chen នាយក​ប្រិត​ប​ត្ត​របស់​ណាហ្គា​វើ​ល​។

 
​វីរ​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ក្រោយពី​ទទួលបាន​សិទ្ធ​ក្នុង​ការចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រទេស​ប្រេ​ស៊ី​ល រូបគេ​នឹង​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េខាងត្បូង​រយៈពេល​ជាង​២​ខែ ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​អន្តរជាតិ នៅ​ទីក្រុង​រី​យ៉ូ​ប្រទេស​ប្រេ​ស៊ី​ល នា​ខែសីហា ខាងមុខនេះ​។ ការ​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ​នេះដែរ វីរៈ​កីឡាការិនី ស៊ន សៀវ​ម៉ី ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ណាហ្គា​វើ​ល ចំនួន ១​ម៉ឺន​ដុល្លារ​ផងដែរ​។ 
 
​នា​ពិធី​ប្រគល់​ប្រាក់​ដែល​ធ្វើ​នៅ​អគារ​ពាណិជ្ជកម្ម​ណាហ្គា​វើ​ល លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​មានប្រសាសន៍ថា សម្រាប់​ការចូលរួម​កីឡា​អូឡាំពិក ក្រៅពី​វីរៈ​កីឡាការិនី ស៊ន សៀវ​ម៉ី កម្ពុជា​ទទួលបាន​សិទ្ធ​អនុគ្រោះ​ចំនួន​៤​នាក់​បន្ថែមទៀត គឺ​កីឡាករ​ហែល​ទឺ​ក​ចំនួន​២​នាក់​(​ស្រី​ម្នាក់​) និង​ផ្នែក​រត់​ពាក់កណ្តាល​ម៉ារ៉ាតុន​ចម្ងាយ ៤២​គីឡូម៉ែត្រ ២​នាក់​(​ស្រី​ម្នាក់​) ប៉ុន្តែ​ចំនួន​នេះ​​អាចមាន​ការប្រែប្រួល ព្រោះ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាននិងកំពុង​បញ្ជូន​កីឡាករ​កីឡាការិនី​ចូលរួម​ប្រកួត​ជម្រុះ​កីឡា​អូឡាំពិក​នៅ​ប្រទេស​តួ​ក​គី​។ 
 
​លោក​អគ្គលេខាធិការ​រូបនេះ​បាន​បន្ថែមថា វីរៈ​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី នឹង​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ នៅ​ថ្ងៃទី​១៦ ខែឧសភា ហើយ​កីឡាការិនី​រូបនេះ​នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៦​។ ថ្នាក់ដឹកនាំ​គណៈប្រតិភូ​កម្ពុជា នឹង​ដឹកនាំ​កីឡាការិនី​រូបនេះ ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ថ្ងៃទី​២៩ ខែកក្កដា មុន​ថ្ងៃ​ប្រកួត​ប្រហែល​មួយ​សប្តាហ៍​ទៅ​ពីរ​សប្តាហ៍ ដើម្បី​យក​ពេលវេលា​សម្រាប់ធ្វើ​ការហ្វឹកហាត់​ឲ្យ​ស៊ាំ​ទៅនឹង​អាកាសធាតុ​នៅ​ទីនោះ​។ 
 
​ទោះបីជា​វិ​រៈ​កីឡាការិនី ស៊ន សៀវ​ម៉ី ដណ្តើមបាន​កៅអី​ពេញ​សិទ្ធ​សម្រាប់​ការចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ក៏ដោយ ប៉ុន្តែ​សមត្ថភាព​ខាង​ដ​ម្លាំ​ង​កាយ​នៅមានកម្រិត និង​មានការ​ខ្វះខាត​នូវ​ចំណុច​មួយចំនួន ដែលជា​ហេតុ​ធ្វើ​ឲ្យ​កីឡាការិនី​រូបនេះ​។ ហើយ​សម្រាប់​ការចេញ​ទៅ​ហ្វឹកហាត់​ជាង​២​ខែ​នៅ​ប្រទេស​កូរ៉េ លើក​នេះ ត្រូវបាន លោក វ៉ា​ត់ ចំរើន អះអាងថា មាន​ខុសប្លែក​ពី​លើក​មុន ដោយ​លើក​នេះ សៀវ​ម៉ី នឹងធ្វើ​ការហ្វឹកហាត់​ដោយ​ផ្តោតទៅលើ​ផ្នែក​កម្លាំងកាយ និង​ចិត្តសាស្ត្រ ខណៈ​លើក​មុន​ផ្តោត​សំខាន់​ទៅលើ​បច្ចេកទេស និង​សមត្ថភាព​ប្រកួត​ប៉ុណ្ណោះ​។ 
 
​លោក វ៉ា​ត់ ចំរើន បាន​វាយតម្លៃថា សមត្ថភាព​របស់​កម្ពុ​ជា​បច្ចុប្បន្ន​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​នៅលើ​ពិភពលោក គឹ​នៅ​ចាញ់​តែ​ប្រទេស​កូរ៉េ​តែមួយ​ប៉ុណ្ណោះ ប្រសិនបើ​កម្ពុជា​អាច​សិក្សា​ពី​ចំណុចខ្សោយ​របស់​ប្រទេស​កូរ៉េ​បាន នោះ​កម្ពុជា នឹង​អាច​ឈរ​លំដាប់​ពិភព​។ ការវាយតម្លៃ​បែបនេះ​ដោយសារ​ប្រទេស​កូរ៉េ​សម្បូរ​ទៅដោយ​ធនធាន​កីឡាការិនី​ដែលមាន​សមត្ថភាព ពោលគឺ​រាល់​ការប្រកួត​ប្រទេស​នេះ​តែងតែ​ដាក់​កី​ឡករ​ឲ្យ​ចូលរួម​ប្រកួត​ផ្សេងៗ​គ្នា ជាហេតុ​ធ្វើ​ឲ្យ​កម្ពុជា​ពិបាក​ក្នុងការ​ស្វែងយល់​ពី​កម្រិត​បច្ចេកទេស និង​យុទ្ធសាស្ត្រ​របស់​ពួកគេ​ទាំងនោះ​។​
 
​នាឱកាស​នៃ​ការប្រគល់​រង្វាន់​របស់​ណាហ្គា​វើ​ល​នោះដែរ លោក Pern Chen បាន​មានប្រសាសន៍ថា សាទរ​ដល់​វីរៈ​កីឡាការិនី ស៊ន សៀវ​ម៉ី និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​បាន​នាំ​ស្នាដៃ​ដ៏​ត្រចះត្រចង់​ជូន​កម្ពុជា ហើយ លោក ទន្ទឹងរង់ចាំ​ដំណឹង​របស់​កីឡាការិនី ស៊ន សៀវ​ម៉ី ក្នុងការ​ដណ្តើមបាន​មេដាយមាស​ពី​ការប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល​។ 
 
​គួរ​បញ្ជាក់ថា វីរ​កីឡាការិនី ស៊ន សៀវ​ម៉ី បានឈ្នះ​មេដាយមាស​ពី​ការប្រកួត​ជម្រុះ​កីឡា​អូឡាំពិក​ក្នុង​ប្រភេទ​ទម្ងន់ ៦៧​គីឡូក្រាម នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី​១៦ ខែមេសា រួច​បន្ត​ឈ្នះ​មេដាយប្រាក់​ពី​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ជើងឯក​ទ្វីបអាស៊ី ទៀតផង​។ វីរៈ​កីឡាការិនី ស៊ន សៀវ​ម៉ី នឹងធ្ធ្វើ​ការហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ​រយៈពេល​ជាង​២​ខែ សម្រាប់​ត្រៀម​ប្រកួត​កីឡា​អូឡាំពិក នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល ក្នុង​ប្រភេទ​ទម្ងន់​លើស ៦៧​គីឡូក្រាម​៕     
 
 

Tag:
 តេ​ក្វាន់​ដូ​
  វ៉ា​ត់ ចំរើន​
  ស៊ន សៀវ​ម៉ី
© រក្សាសិទ្ធិដោយ thmeythmey.com