ពីនេះ ពីនោះ
បញ្ឆោតខ្លាចេញពីភ្នំ ជាល្បិចក្នុងការដណ្ដើមអំណាច
× ភ្នំពេញ៖ ល្បិច បញ្ឆោតខ្លាចេញពីភ្នំ អាចធ្វើការពន្យល់បានពីរបែបៈ មួយគឺ បញ្ឆោតខ្លាឲ្យចាកចេញពីព្រៃជ្រៅ ដេញឲ្យចេញវាល ហើរធ្វើការបាញ់ប្រហារតែម្ដង។ ចំណែកទីពីរ គឹដេញខ្លាឲ្យរត់ចេញឆ្ងាយ ទើបទៅចាត់ការពពួកឆ្កែចចក ដែលសំអាងអំណាចខ្លាដើររាតត្បាតគេឯងរាល់ថ្ងៃនោះ។
បើអនុវត្តចំពោះមនុស្សវិញ គឺត្រូវបញ្ឆោតមនុស្សដែលមានគ្រោះថ្នាក់ និងសំខាន់បំផុតចេញឲ្យផុតពីមូលដ្ឋានដែលជាទីតាំងឫសគល់យុទ្ធសាស្ត្រ ធ្វើឲ្យគេបាត់បង់លទ្ធភាពតបត ទើបចាត់ការគេជាបណ្ដើរ ឬមួយក៏បំបែកមនុស្សដែលសំខាន់ៗ ដែលនៅក្បែរខ្លួនគេឲ្យឃ្លាតចេញឆ្ងាយ កាត់បន្ថយកម្លាំងពិត ទើបឈានទៅចាត់ការបណ្ដើរៗ។
ល្បិចកលនេះ ប្រើប្រាស់ក្នុងការដណ្ដើមអំណាច ប្រជែងយកផលប្រយោជន៍ ច្រើនបំផុត អាចនិយាយបានថា មានតាំងពីអតីតកាលមកម្លេះ ចំណែកបច្ចុប្បន្នរឹតតែខ្លាំងក្លាពីមួយជំនាន់ ខ្លាំងជាងមួយជំនាន់ និងកាន់តែមានភាពអស្ចារ្យ។
ការដណ្ដើមអំណាច គឺជាមធ្យោបាយដើម្បីទាញយកផលប្រយោជន៍ ហើយផលប្រយោជន៍ទើបជាគោលបំណងពិតនៃការដណ្ដើមអំណាច។ មិនដែលមានមនុស្សភ្លើល្ងើពកថ្ងាស់ណាដែលមិនមែនដើម្បីផលប្រយោជន៍ ហើយទៅដណ្ដើមអំណាចនោះទេ ក៏ពុំដែលជួបប្រទះថា ផលប្រយោជន៍ ណាដែលគ្មានការគាំពារពីអំណាច អាចនៅថិតថេរបានយូរអង្វែងដែរ។ ដើម្បីសម្រេចគោលបំណងរបស់ខ្លួនឲ្យបាន ចាំបាច់ត្រូវតែដណ្ដើមអំណាចឲ្យបាននៅក្នុងដៃ បើគ្មានអំណាចសម្រាប់ប្រើ ទោះបីមានអាវុធពិសេសបែបណាក៏គ្មានទីសម្រាប់ប្រើវាដែរ។ បើគ្មានអំណាច ពេលជួបប្រទះរឿងក្ដៅក្រហាយ តើមានលទ្ធភាពឯណាទៅបញ្ចេញកំហឹងបាន? ពេលដែលមានអំណាចនៅក្នុងដៃទើបអាចសម្លាប់ អាចប្រទានសក្តិតាមចិត្តចង់ ពេលដែលគ្មានអំណាចគ្រាន់តែជាកូនឈ្មួញលក់អំបិលតូចមួយនាក់ប៉ុណ្ណោះ។
នៅលើលោកយើងនេះ មនុស្សសាមញ្ញជាច្រើនដែលមានអំណាច គ្រាន់តែស្លាប់មាន់របស់គេបានក្លាយទៅជាព្រួញ ផ្ទុយទៅវិញ អ្នកក្លាយហានជាច្រើនដែលថ្លោះធ្លោយ ដាវទិព្វរបស់គេ បានក្លាយទៅជាកាំបិតពេជ្ឈឃាតទៅវិញ ហេតុនេះ ម្នាក់ៗអាងអំណាចក៏ដណ្ដើមរាល់កិច្ចការតែងយកភាពខ្លាំងដើម្បីប្រឡងប្រជែង គេងចិត្តប្រវ័ញ្ចថ្លើម និយាយដើម វាយប្រហារ ក្រឡុកទាល់តែម្នាក់ៗក្លាយជាសត្វខ្លា ម្នាក់ក្លាយជាព្រានព្រៃ។
ល្បិចបញ្ឆោតខ្លាចេញពីភ្នំ គឺជាវិធីមួយនៃការសម្លាប់ខ្លា គោលបំណងរបស់វានៅត្រង់ធ្វើឲ្យមានភាពកម្សោយកម្លាំងតបតរបស់សត្រូវ និងបន្ថយនូវភាពគ្រោះថ្នាក់ចំពោះខ្លួនឯង។
ដកស្រង់ពីសៀវភៅ៖ ល្បិចទល់មេឃ, រៀបរៀងដោយ គីម ឃាង
© រក្សាសិទ្ធិដោយ thmeythmey.com