កីឡាជាតិ
ជាតិ
EU និង NOCC សហការគ្នា​រៀបចំ​ការ​ជិះ​កង់​ដើម្បី «​ភពផែនដី​» និង «​អ្នក​ម្តាយ​»
06, May 2016 , 9:42 am        
រូបភាព
 
 
​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​គណៈកម្មការ​ស្ត្រី និង​កីឡា នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) នឹង​រៀបចំ​ពិធី​ជិះ​កង់​រួមគ្នា​នា​ថ្ងៃទី​៧ ខែឧសភា ខាងមុខ ក្រោម​ប្រធានបទ​រៀងៗ​ខ្លួន​។ សម្រាប់ EU ប្រធានបទ​នៃ​ការ​ជិះ​កង់​នេះ គឺ «​សហភាព​អឺរ៉ុប និង​កម្ពុជា នាំគ្នា​រក្សា​ភពផែនដី​» រីឯ​គណៈកម្មការ​ស្ត្រី និង​កីឡា​របស់ NOCC ផ្តោតលើ «​ការចូលរួម​រំលែក​សេចក្តីស្រឡាញ់ និង​ការគោរព​ប្រតិបត្តិ​អ្នក​ម្តាយ​!!!» (Bike for Mom)​។​

 
​ដើម្បី​អបអរ​ទិវា​អឺរ៉ុប ឆ្នាំ​២០១៦ ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​អឺរ៉ុប​លើកកម្ពស់​ការ​ជិះ​កង់ ក្នុង​គោលបំណង​ចូលរួម​ទិវា​ប្រវត្តិសាស្ត្រ​នេះ​។ ក្នុងឆ្នាំនេះ កម្មវិធី​អឺរ៉ុប​លើកកម្ពស់​ការ​ជិះ​កង់ នឹងធ្វើ​ឡើង​ក្រោម​ប្រធានបទ​«​សហភាព​អឺរ៉ុប និង​កម្ពុជា នាំគ្នា​រក្សា​ភពផែនដី​» នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃទី​៧ ខែឧសភា​។​
 
​ទាក់ទិន​នឹង​ការ​ប្រារព្ធ​ទិវា​អឺរ៉ុប ដែល​តែង​ធ្វើ​នៅ​ថ្ងៃទី​៩ ខែឧសភា លោក George Edgar ឯកអគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា​៖«​មនុស្ស​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​បានឮ​អំពី​សហភាព​អឺរ៉ុប ប៉ុន្តែ​ពួកគេ​អាច​មិនដឹងថា ពួកយើង​ធ្វើ​អ្វីខ្លះ​នោះទេ​។ តាមរយៈ​ព្រឹត្តិការណ៍​ជាច្រើន យើង​ព្យាយាម​ពន្យល់​និង​ចែករំលែក​ភាពជា​គំរូ​របស់​សហភាព​អឺរ៉ុប ដែល​ផ្ដោតលើ សន្តិភាព ប្រជាធិបតេយ្យ និង​សាមគ្គីភាព និង​ការរួបរួម​ក្នុង​ភាព​ចម្រុះ​»​។​
 
​ជាមួយនឹង​កម្មវិធី​អឺរ៉ុប​លើកកម្ពស់​ការ​ជិះ​កង់ ដែលជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​អបអរ​ទិវា​អឺរ៉ុប ឆ្នាំ​២០១៦​នេះ ឯកអគ្គរដ្ឋទូត​រូបនេះ​បន្ថែម ក្នុង​សន្និសីទកាសែត​ថ្ងៃទី​៥ ខែឧសភា​ថា កម្មវិធី​ជិះ​កង់​នេះ​ទទួលបាន​ការគាំទ្រ​ពី​សាលា​រាជធានី​ភ្នំពេញ និង​មាន​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​ចូលរួម​។    
 
​ក្នុង​ឆ្នាំ​២០១៦​នេះ កម្មវិធី​អឺរ៉ុប​លើកកម្ពស់​ការ​ជិះ​កង់ ដោយ​ជិះ​កង់​ដង្ហែ​តាម​វិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ឆ្លងកាត់​តាម​ស្ថានទូត​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ដែលមាន​តាំងនៅ​កម្ពុជា​។ កម្មវិធី​ឆ្នាំនេះ ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​បរិស្ថាន និង​ពី​តម្រូវការ​ក្នុងការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី និង​បរិស្ថាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​ភពផែនដី​ទាំងមូល​។​
 
​ចំពោះ​ការជ្រើសរើស​ប្រធានបទ «​រួមគ្នា​ដើម្បី​ផែនដី​» លោក George Edgar បាន​ឲ្យ​ដឹង​ដែរ​ថា យើង​ជ្រើសរើស​ប្រធានបទ​នេះ ដោយសារ​ការ​ជិះ​កង់ គឺជា​មធ្យោបាយ​ធ្វើដំណើរ​ដ៏​ល្អ គ្មាន​ផ្សែង និង​ដោយសារតែ​បញ្ហា​ធំ​បំផុត​មួយចំនួន​ដែល​យើង​ប្រឈមមុខ​ទាក់ទង​នឹង​បរិស្ថាន​។ លោក​បន្តថា កម្ពុជា គឺជា​ប្រទេស​សម្បូរ​ដោយ​ជីវចម្រុះ ហើយ​សហភាព​អឺរ៉ុប​បាន​ប្ដេជ្ញាចិត្ត​ក្នុងការ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​របស់​ខ្លួន និង​ដើម្បី​សម្រប​ខ្លូន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។​
 
 
​ដោយឡែក គណៈកម្មការ​ស្ត្រី និង​កីឡា នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ក៏​ចូលរួម​ដឹកនាំ​ព្រឹត្តិការណ៍​នេះ​ផងដែរ តាមរយៈ​ប្រធានបទ «Bike for Mom» (​ចូលរួម​ចែករំលែក​សេចក្តីស្រឡាញ់ និង​ការគោរព​ប្រតិបត្តិ​អ្នក​ម្តាយ​)​។​
 
 
​ការ​ជិះ​កង់​ដើម្បី​រំលឹក​គុណ​ម្តាយ​នេះ ធ្វើឡើង​ក្រោម​ពាក្យស្លោក ៦ គឺ​ស្ត្រី​ជា​មាតា​នៃ​ពិភពលោក​, ជិះ​កង់​ដើម្បី​ព្រះ​គុណ​ម្តាយ​, កីឡា និង​ស្ត្រី​ទទួលបាន​ជោគជ័យ​ក៏​ព្រោះ​ម្តាយ​, ទិវា​ម្តាយ​ជា​ទិវា​ស្ត្រី និង​កីឡា​, កូន​ភ្លេចគុណ​របស់​ម្តាយ​ត្រូវ​អន្តរ​រាយ​មួយជីវិត និង​គុណធម៌​របស់​ម្តាយ​ជា​ពន្លឺ នៃ​ជីវិត​កូនៗ​។​
 
​គួរ​បញ្ជាក់ថា កីឡាករ​កីឡាការិនី​ដែលមាន​បំណង​ចង់​ចូលរួម​ជិះ​កង់​លេង​កម្សាន្ត​អាចមក​ចុះឈ្មោះ​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ហាង​លក់​កង់​ហោះ ហើយ​ការចុះឈ្មោះ​មិនមាន​ការបង់ប្រាក់​នោះទេ​។ 
 
​មនុស្ស​ជាង​៤​ពាន់​នាក់ ត្រូវបាន​រំពឹងថា នឹងចូលរួម​កម្មវិធី​នេះ ។ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក គឺជា​កន្លែង​ចេញដំណើរ និង​ទី​ផ្ដាច់ព្រ័ត្រ ខណៈ​ការ​ជិះ​កង់​ចាប់ផ្ដើម​ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​១០​ព្រឹក​។ ទោះជា​ការកំសាន្ត​ក៏ដោយ អ្នកចូលរួម​ទាំងអស់​ត្រូវ​ពាក់មួក​ការពារ​សុវត្ថិភាព​រៀងខ្លួន ហើយ​អ្នកចូលរួម​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​ដាច់ខាត​៕        
 
 
 

Tag:
 សហភាព​អឺរ៉ុប​
  ជិះ​កង់​
  ផែនដី
© រក្សាសិទ្ធិដោយ thmeythmey.com