កីឡាជាតិ
ស្គី​ទឹកកក​រៀបចំ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ទាំង​គ្មាន​ការជួយជ្រោមជ្រែង​ពី​ក្រសួង​
07, May 2016 , 9:19 am        
រូបភាព
ដោយ:
​ទោះបីជា​គ្មាន​ការជួយជ្រោមជ្រែង​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏ដោយ សហព័ន្ធ​កីឡា​ស្គី​ទឹកកក​ដែល​ទើបនឹង​បង្កើត​ថ្មោងថ្មី​មួយ​នេះ នឹង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ​ជាជាង​១​ម៉ឺន​ដុល្លារ ដើម្បី​រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ ដើម្បី​ជ្រើសរើស​កីឡាករ​កីឡាការិនី​ជើង​ខ្លាំង​សម្រាប់ធ្វើ​ការប្រមូលផ្តុំ​ជម្រើសជាតិ ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ​នាពេលខាងមុខ​។  នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់ក​ញ្ញា ឡុង សុធាវី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា​។



​សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា គ្រោង​នឹង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ​ជាជាង​១​ម៉ឺន​ដុល្លារ សម្រាប់​រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ ដើម្បី​ជ្រើសរើស​កីឡាករ​ដែលមាន​សមត្ថ​ភាព​សម្រាប់ធ្វើ​ការប្រមូល​ផ្តុំ​ជម្រើសជាតិ ដើម្បី​ហ្វឹកហាត់​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា ដូចជា​ការប្រកួត​ស៊ី​ហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ​២០១៧ និង​កម្មវិធី Asian Winter Games នៅ​ប្រទេស​ជប៉ុន​។ ការរៀបចំ​កម្មវិធី​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ​ពុំមាន​ការជួយជ្រោមជ្រែង​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​នោះទេ ពោលគឺ រាល់​ការចំណាយ​ទាំងអស់​ជា​បន្ទុក​របស់​សហព័ន្ធ​មួយ​នេះ​។

​ទន្ទឹមនឹងនេះ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ខាងលើនេះ​បាន លុះត្រា​សហព័ន្ធ​មួយ​នេះ​បាន​ក្លាយជា​សមាជិក​រប​ស់​សហព័ន្ធ​កីឡា​ស្គី​ទឹកកក​ពិភពលោក​ជាមុនសិន ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ កញ្ញា ឡុង សុធាវី បាន​បញ្ជាក់ថា ដើម្បី​បាន​ក្លាយជា​សមាជិក​កីឡា​ស្គី​ទឺ​កក​ក​ពិភពលោក លុះត្រាតែ​សហព័ន្ធ​ទទួលបាន​សិទ្ធ​ពី​ក្រសួង​អប់រំ ក្នុង​ការរៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ និង​មាន​ទីលាន​ស្តង់ដារ​អន្តរជាតិ ដែលមាន​ទំហំ ៣០​ម៉ែត្រ គុណ​នឹង ៦០​ម៉ែត្រ​ជាមុនសិន ទោះបីជា​បច្ចុប្បន្ន​សហព័ន្ធ​នេះ​មាន​ទីលាន​ដ៏​ស្រស់ស្អាត​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ក៏ដោយ​។ 

​សម្រាប់​ការរៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​របស់​សហព័ន្ធ​ដែល​ទើបនឹង​បង្កើត​ថ្មោងថ្មី​មួយ​នេះ ហាក់ដូចជា​ខុសប្លែក​ពី​សហព័ន្ធ​ជាតិ​នានា ព្រោះ​រាល់​ការរៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ម្តងៗ​របស់​សហព័ន្ធ​ដទៃ តែងតែមាន​ការជួយជ្រោមជ្រែង និង​ទំនុកបម្រុង​ពី​ក្រសួង​អប់រំ យុវជន និង​កឡា​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​កា​នេះ កញ្ញា ឡុង សុធាវី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា​បាន​រៀបរាប់ថា ដោយសារតែ​សហព័ន្ធ​របស់ខ្លួន​នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន មិនទាន់បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ដែល​ក្រសួង​តម្រូវ​ឲ្យ​បំពេញ​។

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ កាលពីពេល​កន្លងទៅ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា​បាន​ប្រាប់​ពី​មូលហេតុ និង​គោលបំណង​សម្រាប់​ឆ្នាំ​២០១៦​ដូច្នេះ​ថា​៖«​គោលដៅ​សម្រាប់​សហព័ន្ធ​យើង​នៅក្នុង​ឆ្នាំ​២០១៦​នេះ គឺ​បង្កើត​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ដើម្បី​ប្រមូលផ្តុំ​កីឡាករ​ជម្រើសជាតិ ត្រៀម​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស ហើយ​ការប្រកួត​នេះ​ទ្រទ្រង់​ដោយ​សហព័ន្ធ​ផ្ទាល់ និង​ចំណាយ​ដោយ​សហព័ន្ធ​ផ្ទាល់​»​។​

​អគ្គលេខាធិការ​ដដែល​បាន​បន្ថែមថា ពេលនេះ​សហព័ន្ធ​បាន​បញ្ជូន​សំណុំ​ឯកសារ​ទៅកាន់​ក្រសួង​អប់រំ យុវជន និង​កីឡា​រួចរាល់​ហើយ ប៉ុន្តែ​ពុំ​ទទួលបាន​ការឆ្លើយតប​យ៉ាងណា​នោះទេ ដោយសារតែ​សហព័ន្ធ​នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន ពោលគឺ​ខាង​ក្រសួង​តម្រូវ​ឲ្យ​ខាង​សហព័ន្ធ​បញ្ជូន​ឯកសារ​ពាក់ព័ន្ធ​ទៅនឹង​ចំនួន​កីឡាករ​កីឡាការិនី និង​គ្រូបង្វឹក​ដែល​ត្រូវ​ប្រមូលផ្តុំ​ជម្រើសជាតិ​។ យ៉ាងណាមិញ សម្រាប់​ការប្រមូលផ្តុំ​សហព័ន្ធ​ដែល​ទើបតែ​បង្កើត​ថ្មោងថ្មី​មួយ​នេះ​បាន​បង្ហើប​ឲ្យ​ដឹងថា សហព័ន្ធ​ត្រូវការ​កីឡាករ​៤​រូប កីឡាការិនី​៤​រូប គ្រូបង្វឹក​មួយរូប និង​គ្រូ​ជំនួយ​មួយរូប​។​

​គួរបញ្ជាក់​ផងដែរ​ថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៧ ខែឧសភា ដោយមាន​កីឡាករ​កីឡាការិនី​ចូលរួម​ប្រកួត​ចំនួន​២៧​រូប​ក្នុងនោះ​ក៏មាន​កីឡាករ​បរទេស​ផងដែរ​។ ពួកគេ​ទាំងនេះ​មកពី​បណ្តា​ក្លិប​ចំនួន​៥ នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​ពួកគេ​នឹងធ្វើ​ការប្រកួត​លើ​៧​ប្រភេទ​វិញ្ញាសា​។​

​ទោះបីជា​សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា​មិនទាន់បាន​ការទទួលស្គាល់​ពី​ក្រសួង​អប់រំ​ក៏ដោយ ប៉ុន្តែ​សហព័ន្ធ​មួយ​នេះ​ហាក់ដូច​ជាមាន​ផែនការ​យុទ្ធសាស្ត្រ និង​សកម្មភាព​ច្រើន ពោល​គឹ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ នៅ​ថ្ងៃទី​៣០ ខែមិថុនា សហព័ន្ធ​នឹង​រៀបចំ​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាល​អាយុ​ក្រោម​១៨​ឆ្នាំ និង​ការប្រកួត​នៅ​ចុងខែ​ធ្នូ​ខាងមុខនេះ​។ ជាមួយគ្នានេះ សហព័ន្ធ​ស្គី​ទឹកកក នឹង​បញ្ជូន​កីឡាករ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Skate Bangkok 2016 នៅ​ប្រទេស​ថៃ និង​ព្រឹត្តិការណ៍ Skate Asian 2016 ក្នុង​ខែសីហា នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​គួរ​បញ្ជាក់ថា សម្រាប់​ការរៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៧ ខែឧសភា​ចុង​សប្តាហ៍​នេះ សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា នឹង​អ​ញ្ជើ​ចៅក្រម និង​អាជ្ញាកណ្តាល​អន្តរជាតិ​ដែល​មកពី​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ថៃ​។ ស្រប​ពេលនេះ​សហព័ន្ធ​កីឡា​ស្គី​ទឹកកក​បាន​អះអាងថា ខ្លួន​នឹង​រៀបចំ​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល និង​ចៅក្រម​នៅក្នុង​ខែកក្កដា​ខាងមុខនេះ​៕


Tag:
 ​ស្គី​ទឹកកក​
  ឡុង សុធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com